ទំនុកតម្កើង(៣៨)

ពាក្យអធិស្ឋានរបស់មនុស្សឈឺចុកចាប់
១ ទំនុករបស់ស្ដេចដាវីឌ។ សំរាប់ពិធីរំលឹក។
២ ឱព្រះអម្ចាស់អើយ ទោះបីព្រះអង្គមិនសព្វព្រះហឫទ័យ នឹងទូលបង្គំក៏ដោយ
សូមកុំដាក់ទោសទូលបង្គំឡើយ
ហើយទោះបីទ្រង់ព្រះពិរោធនឹងទូលបង្គំក្ដី ក៏សូមកុំធ្វើទារុណកម្មទូលបង្គំដែរ
៣ ដ្បិតព្រួញរបស់ព្រះអង្គ បានធ្វើអោយទូលបង្គំឈឺចុកចាប់
ព្រះហស្ដរបស់ព្រះអង្គបានសង្កត់មកលើទូលបង្គំ។
៤ ព្រះពិរោធរបស់ព្រះអង្គ បានធ្វើអោយទូលបង្គំឈឺសព្វសព៌ាង្គកាយ
ហើយអំពើបាបរបស់ទូលបង្គំ បានធ្វើអោយឆ្អឹងឆ្អែងរបស់ទូលបង្គំពុកអស់
៥ ដ្បិតកំហុសរបស់ទូលបង្គំបានជន់ជោរ ឡើងលិចក្បាលទូលបង្គំ
ហើយជាបន្ទុកមួយដ៏ធ្ងន់សង្កត់មកលើទូលបង្គំ។
៦ របួសទូលបង្គំក្លាយទៅជាដំបៅរលួយ ហើយធុំក្លិនអសោច
ព្រោះតែគំនិតលេលារបស់ទូលបង្គំ។
៧ ទូលបង្គំឈឺចុកចាប់ជាខ្លាំង រហូតដល់ចំកោងខ្លួន
ហើយទូលបង្គំកើតទុក្ខមួយថ្ងៃវាល់ល្ងាច។
៨ ទូលបង្គំគ្រុនក្ដៅយ៉ាងខ្លាំង ពេញសព្វសព៌ាង្គកាយ។
៩ ទូលបង្គំអស់កម្លាំង ខ្សោះល្វើយ
ហើយទូលបង្គំស្រែកថ្ងូរ ព្រោះឈឺចុកចាប់ហួសប្រមាណ។
១០ព្រះអម្ចាស់អើយ ទ្រង់ឈ្វេងយល់ចិត្តប៉ងប្រាថ្នា របស់ទូលបង្គំស្រាប់ហើយ
ទ្រង់ព្រះសណ្ដាប់ឮសំឡេងដែលទូលបង្គំថ្ងូរ។
១១បេះដូងទូលបង្គំញាប់ញ័រ កម្លាំងទូលបង្គំក៏ខ្សោយបាត់ទៅ
ហើយភ្នែកទូលបង្គំ ក៏ស្រវាំងលែងមើលអ្វីឃើញទៀត។
១២មិត្តភក្ដិ ព្រមទាំងអ្នកជិតស្និទ្ធនឹងទូលបង្គំ មិនហ៊ានចូលជិតទូលបង្គំទេ
ព្រោះខ្លាចដំបៅរបស់ទូលបង្គំ
សូម្បីតែក្រុមគ្រួសាររបស់ទូលបង្គំ ក៏ឈរនៅឆ្ងាយពីទូលបង្គំដែរ។
១៣អស់អ្នកដែលចង់ប្រហារជីវិតទូលបង្គំ នាំគ្នារាយអន្ទាក់ចាំចាប់ទូលបង្គំ
ពួកគេមួលបង្កាច់ទូលបង្គំ ចង់អោយទូលបង្គំវិនាស
គេចេះតែរកកលល្បិច ប្រឆាំងនឹងទូលបង្គំមួយថ្ងៃវាល់ល្ងាច។
១៤ប៉ុន្តែ ទូលបង្គំធ្វើជាស្ដាប់មិនឮដូចមនុស្សថ្លង់
ទូលបង្គំធ្វើជានិយាយមិនរួចដូចមនុស្សគ។
១៥ទូលបង្គំប្រៀបបីដូចជាមនុស្សដែលស្ដាប់មិនឮ
ហើយជាមនុស្សដែលមិនអាច ពោលពាក្យឆ្លើយទៅគេវិញបានឡើយ។
១៦ឱព្រះអម្ចាស់អើយ ទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គទាំងស្រុង
ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ មានតែព្រះអង្គហើយដែលឆ្លើយជំនួសទូលបង្គំ!
១៧សូមកុំបណ្ដោយអោយខ្មាំងសត្រូវ ត្រេកអរសប្បាយ ព្រោះតែឃើញទូលបង្គំវេទនា
សូមកុំអោយពួកគេអួតបំប៉ោង ក្នុងពេលដែលទូលបង្គំទន់ជង្គង់នេះឡើយ
១៨ដ្បិតទូលបង្គំកំពុងតែចង់ដួល
ហើយទូលបង្គំកំពុងតែឈឺចុកចាប់ជានិច្ចដែរ។
១៩ទូលបង្គំសូមសារភាពកំហុស
ទូលបង្គំសោកស្ដាយណាស់ ដោយបានប្រព្រឹត្តអំពើបាបដូច្នេះ។
២០រីឯខ្មាំងសត្រូវរបស់ទូលបង្គំវិញ ពួកគេនៅមានសុខភាព មានកម្លាំង
អស់អ្នកដែលស្អប់ទូលបង្គំ ដោយឥតហេតុផលនោះមានគ្នាច្រើនណាស់។
២១ពួកអ្នកប្រព្រឹត្តអំពើអាក្រក់តបស្នងនឹងអំពើល្អ ដែលទូលបង្គំបានធ្វើចំពោះពួកគេ
នាំគ្នាចោទប្រកាន់ទូលបង្គំ ព្រោះតែទូលបង្គំខិតខំធ្វើអំពើល្អ។
២២ឱព្រះអម្ចាស់អើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ!
ឱព្រះនៃទូលបង្គំអើយ សូមកុំយាងចេញឆ្ងាយពីទូលបង្គំដូច្នេះ!
២៣ព្រះអម្ចាស់ជាព្រះសង្គ្រោះទូលបង្គំអើយ
សូមមេត្តាប្រញាប់យាងមក សង្គ្រោះទូលបង្គំផង!។