ទំនុកតម្កើង(៣៧)

ចុងបញ្ចប់របស់មនុស្សអាក្រក់ និងមនុស្សល្អ
១ ទំនុករបស់ស្ដេចដាវីឌ។
មិនត្រូវចងកំហឹងនឹងអស់អ្នក ដែលប្រព្រឹត្តអំពើអាក្រក់ឡើយ
ហើយក៏កុំច្រណែននឹងអស់អ្នក ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ
២ ដ្បិតពួកគេនឹងត្រូវវិនាសសូន្យទៅយ៉ាងរហ័ស
ដូចស្មៅដែលតែងតែក្រៀមស្វិត និងដូចផ្កាដែលតែងតែ ស្រពោននោះដែរ។
៣ ចូរផ្ញើជីវិតលើព្រះអម្ចាស់ ចូរប្រព្រឹត្តអំពើល្អ
នោះអ្នកនឹងរស់នៅក្នុងស្រុកនេះ យ៉ាងសុខក្សេមក្សាន្ត។
៤ ចូរស្វែងរកសុភមង្គលពីព្រះអម្ចាស់
នោះព្រះអង្គនឹងប្រោសប្រទាននូវអ្វីៗ ដែលអ្នកប្រាថ្នាចង់បាន។
៥ ចូរផ្ញើវាសនារបស់អ្នកទៅក្នុង ព្រះហស្ដរបស់ព្រះអង្គ
ចូរផ្ញើជីវិតលើព្រះអង្គ នោះទ្រង់នឹងជួយអ្នក។
៦ ព្រះអង្គនឹងបង្ហាញអោយគេឃើញថា អ្នកជាមនុស្សសុចរិត ដូចឃើញពន្លឺថ្ងៃ
ហើយព្រះអង្គនឹងបង្ហាញអោយគេឃើញថា អ្នកជាមនុស្សទៀងត្រង់
ដូចពន្លឺនៅពេលថ្ងៃត្រង់។
៧ ចូរស្ងប់ស្ងៀមនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ហើយទុកចិត្តលើព្រះអង្គទៅ
មិនត្រូវចងកំហឹងនឹងអ្នក ដែលបានចំរុងចំរើននោះឡើយ
ហើយក៏មិនត្រូវចងកំហឹងនឹងមនុស្ស ដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
៨ ចូររំងាប់កំហឹង និងលះបង់ចិត្ត ក្ដៅក្រហាយនោះចោលទៅ
កុំចងកំហឹងឡើយ ព្រោះកំហឹងតែងតែ បង្កអោយមានការអាក្រក់។
៩ ព្រះអម្ចាស់នឹងកាត់កាល់អស់អ្នក ដែលប្រព្រឹត្តអំពើអាក្រក់
តែអស់អ្នកដែលសង្ឃឹមលើព្រះអង្គ នឹងទទួលទឹកដីជាមត៌ក។
១០ នៅតែបន្តិចទៀត នឹងលែងមានមនុស្សអាក្រក់ទៀតហើយ!
ទោះបីអ្នកខំរកមើលកន្លែងដែលគេធ្លាប់នៅ ក៏មិនឃើញមានអ្វីដែរ។
១១ រីឯមនុស្សទន់ទាបវិញ គេនឹងទទួលទឹកដីជាមត៌ក
ហើយនឹងបានសប្បាយសុខក្សេមក្សាន្ត។
១២ មនុស្សអាក្រក់តែងតែឃុបឃិតប្រឆាំង នឹងមនុស្សសុចរិត
ទាំងសង្កៀតធ្មេញដាក់មនុស្សសុចរិតទៀតផង
១៣ ក៏ប៉ុន្តែ ព្រះអម្ចាស់សើចចំអកដាក់មនុស្សអាក្រក់
ព្រោះព្រះអង្គជ្រាបថា ពេលដែលគេត្រូវវិនាស ជិតមកដល់ហើយ។
១៤ មនុស្សអាក្រក់នាំគ្នាហូតដាវ យឹតធ្នូ
ដើម្បីប្រហារជីវិតមនុស្សក្រីក្រទុគ៌ត និងអារកមនុស្សដែលមានចិត្តទៀងត្រង់។
១៥ ប៉ុន្តែ ដាវរបស់គេនឹងចាក់ទម្លុះ បេះដូងរបស់ខ្លួនឯង
ហើយធ្នូរបស់គេនឹងត្រូវបាក់បែកអស់។
១៦ ទ្រព្យតែបន្តិចបន្តួចរបស់មនុស្សសុចរិត
ប្រសើរជាងទ្រព្យសម្បត្តិស្ដុកស្ដម្ភ របស់មនុស្សអាក្រក់
១៧ ដ្បិតព្រះអម្ចាស់នឹងជួយគាំទ្រមនុស្សសុចរិត
តែព្រះអង្គនឹងបំបាក់កម្លាំង របស់មនុស្សអាក្រក់វិញ។
១៨ ព្រះអម្ចាស់យកព្រះហឫទ័យទុកដាក់ នឹងជីវិតរបស់មនុស្សឥតសៅហ្មង
ព្រះអង្គនឹងថែរក្សាទឹកដីរបស់គេ អោយបានគង់វង្សរហូតតទៅ។
១៩ នៅគ្រាមានអាសន្ន គេនឹងមិនត្រូវអាម៉ាស់ឡើយ
ហើយនៅគ្រាមានទុរ្ភិក្ស គេនឹងបានបរិភោគឆ្អែត។
២០ រីឯមនុស្សអាក្រក់ គេនឹងត្រូវវិនាសសូន្យ
ហើយខ្មាំងសត្រូវរបស់ព្រះអម្ចាស់ ក៏នឹងរលាយសូន្យទៅ
ដូចវាលស្មៅខៀវខ្ចី ដែលឆេះរលាយសូន្យទៅជាផ្សែងដែរ។
២១ មនុស្សអាក្រក់ខ្ចីអ្វីៗពីគេ ហើយមិនដែលសងវិញឡើយ
រីឯមនុស្សសុចរិតវិញ តែងតែមានចិត្តទូលាយ និងចេះអោយរបស់របរទៅអ្នកដទៃ។
២២ អស់អ្នកដែលព្រះអម្ចាស់ប្រទានពរ នឹងទទួលទឹកដីជាមត៌ក
រីឯអ្នកដែលព្រះអង្គដាក់បណ្ដាសាវិញ នឹងត្រូវកាត់កាល់ចោល។
២៣ ព្រះអម្ចាស់ពង្រឹងជំហានរបស់មនុស្ស អោយបានមាំមួន
ហើយព្រះអង្គគាប់ព្រះហឫទ័យ នឹងមាគ៌ារបស់គេ។
២៤ ប្រសិនបើអ្នកនោះភ្លាត់ជើង គេនឹងមិនដួលដល់ដីឡើយ
ព្រោះព្រះអម្ចាស់កាន់ដៃគេជាប់។
២៥ តាំងពីខ្ញុំនៅក្មេងរហូតមកទល់ពេលខ្ញុំចាស់នេះ
ខ្ញុំមិនដែលឃើញព្រះអម្ចាស់បោះបង់ចោល មនុស្សសុចរិតឡើយ
ហើយក៏មិនដែលឃើញកូនចៅ របស់គេសុំទានដែរ។
២៦ មនុស្សសុចរិតតែងតែមានចិត្តអាណិតមេត្តា និងចេះអោយរបស់របរទៅអ្នកដទៃខ្ចី
គេបានទទួលកូនចៅទុកជាព្រះពរ។
២៧ ចូរចៀសវាងអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អ
ធ្វើដូច្នេះអ្នកនឹងរស់នៅលើទឹកដីនេះរហូតតទៅ
២៨ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យ នឹងការអ្វីដែលត្រឹមត្រូវ
ព្រះអង្គថែរក្សា អស់អ្នកដែលជឿលើព្រះអង្គជានិច្ច ព្រះអង្គមិនបោះបង់ពួកគេឡើយ
តែព្រះអង្គកាត់កាល់ពូជពង្សរបស់មនុស្ស អាក្រក់អោយវិនាសសាបសូន្យ។
២៩ មនុស្សសុចរិតនឹងទទួលទឹកដីជាមត៌ក
ហើយគេនឹងរស់នៅលើទឹកដីនោះរហូតតទៅ។
៣០ មនុស្សសុចរិតតែងតែស្រដីចេញមក នូវពាក្យពេចន៍ប្រកបដោយប្រាជ្ញា។
ហើយអណ្ដាតរបស់គេគ្រលាស់ ចេញមកនូវអ្វីដែលត្រឹមត្រូវ
៣១ វិន័យរបស់ព្រះអម្ចាស់ដក់នៅក្នុងដួងចិត្ត របស់គេ
ហើយគេនឹងមិនឃ្លាតចាក ពីមាគ៌ារបស់ព្រះអង្គឡើយ។
៣២ មនុស្សអាក្រក់ឃ្លាំមើលមនុស្សសុចរិត
ហើយរកមធ្យោបាយចាំសម្លាប់គេផង។
៣៣ ប៉ុន្តែ ព្រះអម្ចាស់មិនបោះបង់មនុស្សសុចរិត អោយធ្លាក់ក្នុងកណ្ដាប់ដៃរបស់មនុស្ស អាក្រក់ឡើយ
ហើយប្រសិនបើគេកាត់ក្ដីមនុស្សសុចរិត ទ្រង់ក៏មិនបណ្ដោយអោយគេដាក់ទោសបានដែរ។
៣៤ ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ ហើយកាន់តាមមាគ៌ារបស់ព្រះអង្គទៅ
នោះព្រះអង្គនឹងលើកកិត្តិយសអ្នកឡើង អោយគ្រប់គ្រងទឹកដីជាមត៌ក
ហើយអ្នកនឹងឃើញមនុស្សអាក្រក់ ត្រូវកាត់កាល់ចោល។
៣៥ ខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ប្រើអំណាចផ្ដាច់ការ
គេរីកចំរើនឡើង ដូចដើមឈើមានស្លឹកខៀវខ្ចីបែកមែកសាខា។
៣៦ ក្រោយមកគេរលាយបាត់សូន្យទៅ
ខ្ញុំខំរកមើលគេតែរកមិនឃើញសោះ។
៣៧ ចូរសង្កេតមើលមនុស្សទៀងត្រង់ ដែលគ្មានចិត្តវៀចវេរ
មនុស្សសន្សំសុខ តែងតែមានអនាគតរុងរឿងជានិច្ច។
៣៨ រីឯមនុស្សបាបវិញ នឹងត្រូវវិនាសសូន្យអស់ទៅ
ហើយមនុស្សទមិឡ នឹងគ្មាន អនាគតភ្លឺស្វាងសោះឡើយ។
៣៩ ព្រះអម្ចាស់តែងតែសង្គ្រោះមនុស្សសុចរិត
ហើយព្រះអង្គជាកំពែងការពារគេ នៅគ្រាមានអាសន្ន។
៤០ ព្រះអម្ចាស់សង្គ្រោះ និងរំដោះពួកគេ អោយរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់
ព្រះអង្គសង្គ្រោះពួកគេ ពីព្រោះពួកគេ មកជ្រកកោនក្រោមម្លប់ព្រះបារមីព្រះអង្គ។