ទំនុកតម្កើង(៣៦)

យើងខ្ញុំមកជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។
ទំនុករបស់ស្ដេចដាវីឌ ជាអ្នកបំរើព្រះអម្ចាស់។
២ ខ្ញុំនឹកឃើញពាក្យរបស់ជនពាល ដែលនិយាយក្នុងពេលបះបោរថា
មិនបាច់គោរពកោតខ្លាចព្រះជាម្ចាស់ទេ។
៣ គេបញ្ចើចបញ្ចើលើកតម្កើងខ្លួនឯងខ្លាំងពេក
រហូតមិនអាចទទួលស្គាល់ថា ខ្លួនមានកំហុស គួរអោយស្អប់នោះឡើយ។
៤ គេពោលសុទ្ធតែពាក្យកុហកបោកប្រាស់
គឺគេលែងស្គាល់ខុសស្គាល់ត្រូវទៀតហើយ។
៥ សូម្បីតែនៅពេលដេក ក៏គេគិតពីគំរោងការធ្វើអំពើអាក្រក់ដែរ
គេមានះដើរនៅក្នុងផ្លូវមិនល្អ
គឺគេមិនព្រមបោះបង់អំពើអាក្រក់សោះឡើយ។
៦ ឱព្រះអម្ចាស់អើយ! ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ ខ្ពស់ដល់អាកាសវេហាស៍។
៧ ព្រះហឫទ័យសុចរិតរបស់ព្រះអង្គ មានកំពស់ដូចភ្នំដ៏ខ្ពស់បំផុត
ព្រះតម្រិះរបស់ព្រះអង្គជ្រៅដូចមហាសាគរ។
ឱព្រះអម្ចាស់អើយ ព្រះអង្គសង្គ្រោះទាំងមនុស្សលោក ទាំងសត្វតិរច្ឆាន!។
៨ ឱព្រះជាម្ចាស់អើយ ព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គ មានតម្លៃដ៏លើសលប់បំផុត!
មនុស្សលោកមកជ្រកកោនក្រោមម្លប់ព្រះបារមី របស់ព្រះអង្គ
ដូចកូនសត្វជ្រកកោនក្រោមស្លាបមេវា។
៩ ព្រះអង្គប្រទានអាហារយ៉ាងបរិបូណ៌ អោយមនុស្សលោកនៅក្នុង ព្រះដំណាក់របស់ព្រះអង្គ
ហើយព្រះអង្គប្រទានអោយគេមាន អំណរសប្បាយដ៏ហូរហៀរដូចទឹកទន្លេ។
១០ ដ្បិតព្រះអង្គជាប្រភពនៃជីវិត
ហើយយើងខ្ញុំមើលឃើញពន្លឺ ដោយសារពន្លឺរបស់ព្រះអង្គ។
១១ សូមសំដែងព្រះហឫទ័យមេត្តាករុណា ចំពោះអស់អ្នកដែលស្គាល់ព្រះអង្គតទៅទៀត
ហើយសំដែងព្រះហឫទ័យសុចរិត ចំពោះអស់អ្នកដែលមានចិត្តទៀងត្រង់។
១២ សូមកុំអោយមនុស្សព្រហើនកោងកាច មកវាយប្រហារទូលបង្គំបានឡើយ
ហើយក៏កុំអោយមនុស្សពាល មកបណ្ដេញទូលបង្គំបានដែរ!
១៣ មនុស្សប្រព្រឹត្តអំពើទុច្ចរិត នឹងត្រូវបរាជ័យនៅទីនេះ
ពួកគេត្រូវដួល ហើយងើបឡើងវិញពុំរួចឡើយ។