ទំនុកតម្កើង(២៨)

ពាក្យអធិស្ឋាននៅពេលមានជំងឺ
១ ទំនុករបស់ស្ដេចដាវីឌ។
ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកអង្វររកព្រះអង្គ
ឱព្រះជាថ្មដានៃទូលបង្គំអើយ សូមព្រះសណ្ដាប់សំរែករបស់ទូលបង្គំផង!
ប្រសិនបើព្រះអង្គនៅស្ងៀម មិនឆ្លើយនឹងទូលបង្គំទេនោះ
ទូលបង្គំមុខជាធ្លាក់ទៅក្នុងរណ្ដៅមិនខាន!
២ ពេលទូលបង្គំស្រែករកព្រះអង្គ ពេលទូលបង្គំលើកដៃឆ្ពោះទៅកាន់ទីសក្ការៈ របស់ព្រះអង្គ
សូមទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរ របស់ទូលបង្គំផង។
៣ សូមកុំអោយទូលបង្គំត្រូវវិនាសបាត់ទៅ ដូចមនុស្សពាល និងមនុស្សប្រព្រឹត្តអំពើទុច្ចរិត
ដែលនិយាយរាក់ទាក់ជាមួយអ្នកដទៃ តែមានកលល្បិចនៅក្នុងខ្លួននោះឡើយ។
៤ សូមដាក់ទោសអ្នកទាំងនោះ អោយសមតាមអំពើដែលគេប្រព្រឹត្ត និងល្បិចកិច្ចកលរបស់គេ
សូមដាក់ទោសគេសមនឹងស្នាដៃរបស់ខ្លួន សូមអោយគេទទួលផលសមនឹងទោសរបស់ខ្លួន
៥ ដ្បិតអ្នកទាំងនោះមិនយល់អំពីកិច្ចការ របស់ព្រះអម្ចាស់
ជាស្នាព្រះហស្ដដែលព្រះអង្គបានធ្វើនោះទេ។
សូមព្រះអង្គរំលំពួកគេ កុំអោយងើបឡើងវិញបានឡើយ!។
៦ សូមលើកតម្កើងព្រះអម្ចាស់!
ដ្បិតទ្រង់ព្រះសណ្ដាប់ពាក្យដែលខ្ញុំស្រែកអង្វរ។
៧ ព្រះអម្ចាស់ជាកម្លាំង និងជាខែលការពារខ្ញុំ
ខ្ញុំទុកចិត្តលើព្រះអង្គ ហើយព្រះអង្គជួយសង្គ្រោះខ្ញុំ
ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ខ្ញុំនឹងសរសើរតម្កើងព្រះអង្គដោយបទចំរៀង!។
៨ ព្រះអម្ចាស់ការពារប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គជាកំពែងសំរាប់សង្គ្រោះស្ដេច ដែលព្រះអង្គបានចាក់ប្រេងអភិសេក។
៩ សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ សូមប្រទានពរដល់កូនចៅរបស់ព្រះអង្គ
សូមទ្រង់ធ្វើជាគង្វាល ថែរក្សាពួកគេរហូតតរៀងទៅ!។