ទំនុកតម្កើង(២៧)

ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះរបស់ខ្ញុំ
១ ទំនុករបស់ស្ដេចដាវីឌ។
ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះខ្ញុំ ខ្ញុំមិនភ័យខ្លាចនរណាឡើយ!
ព្រះអម្ចាស់ជាទីជំរករបស់ជីវិតខ្ញុំ ខ្ញុំក៏មិនតក់ស្លុតចំពោះនរណាដែរ។
២ ពេលពួកអ្នកប្រព្រឹត្តអាក្រក់ គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំ
នាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំ អ្នកទាំងនោះបែរជាត្រូវជំពប់ដួលទៅវិញ។
៣ ប្រសិនបើមានកងទ័ពមកឡោមព័ទ្ធខ្ញុំ ក៏ចិត្តខ្ញុំមិនភ័យខ្លាចអ្វីដែរ
ប្រសិនបើមានគេលើកគ្នាមកច្បាំងនឹងខ្ញុំ ក៏ខ្ញុំនៅតែសង្ឃឹមទុកចិត្តលើព្រះជាម្ចាស់ជានិច្ច។
៤ ខ្ញុំទូលសូមព្រះអម្ចាស់នូវសេចក្ដីតែមួយគត់ ហើយខ្ញុំប្រាថ្នាចង់បានតែសេចក្ដីនេះឯង
គឺអោយបានស្នាក់នៅក្នុងព្រះដំណាក់ របស់ព្រះអម្ចាស់អស់មួយជីវិត
ដើម្បីកោតស្ញប់ស្ញែងភាពថ្កុំថ្កើងរុងរឿង របស់ព្រះអម្ចាស់
និងថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារ
៥ ដ្បិតនៅពេលខ្ញុំមានអាសន្ន ព្រះអង្គតែងអោយខ្ញុំជ្រកក្នុងជំរករបស់ព្រះអង្គ
ព្រះអង្គតែងលាក់បំពួនខ្ញុំនៅក្នុងព្រះពន្លា ព្រះអង្គលើកខ្ញុំដាក់នៅលើថ្មដា។
៦ ព្រះអង្គលើកមុខខ្ញុំឡើងអោយខ្ពស់ជាង ខ្មាំងសត្រូវដែលនៅជុំវិញខ្ញុំ
ខ្ញុំនឹងថ្វាយយញ្ញបូជានៅក្នុងព្រះពន្លា របស់ព្រះអង្គ ទាំងស្រែកដោយអំណរ
ខ្ញុំនឹងច្រៀង ខ្ញុំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអម្ចាស់។
៧ ឱព្រះអម្ចាស់អើយ! សូមទ្រង់ព្រះសណ្ដាប់ស្នូរសំរែករបស់ទូលបង្គំ
សូមមេត្តាប្រណីសន្ដោសទូលបង្គំ និងឆ្លើយតបមកទូលបង្គំវិញផង!។
៨ ចិត្តទូលបង្គំនឹកដល់ព្រះបន្ទូល ដែលព្រះអង្គថ្លែងថា «ចូរស្វែងរកយើង»
នោះទូលបង្គំឆ្លើយថា ឱព្រះអម្ចាស់អើយ! ទូលបង្គំស្វែងរកព្រះភក្ត្រព្រះអង្គហើយ!
៩ សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំ
សូមកុំព្រះពិរោធ ហើយបណ្ដេញអ្នកបំរើរបស់ព្រះអង្គ!
ព្រះអង្គបានសង្គ្រោះទូលបង្គំ សូមកុំលះបង់ទូលបង្គំ!
ឱព្រះសង្គ្រោះទូលបង្គំអើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ!។
១០ ទោះបីឪពុកម្ដាយរបស់ទូលបង្គំ បានបោះបង់ទូលបង្គំចោលក៏ដោយ
ក៏ព្រះអម្ចាស់នៅតែទទួលទូលបង្គំជានិច្ច!។
១១ ឱព្រះអម្ចាស់អើយ! សូមបង្រៀនទូលបង្គំ អោយស្គាល់មាគ៌ារបស់ព្រះអង្គ
សូមណែនាំទូលបង្គំអោយដើរតាមផ្លូវត្រង់ ព្រោះទូលបង្គំមានសត្រូវជាច្រើន។
១២ សូមកុំបណ្ដោយអោយទូលបង្គំធ្លាក់ ទៅក្នុងកណ្ដាប់ដៃបច្ចាមិត្តរបស់ទូលបង្គំឡើយ
ដ្បិតមានសាក្សីក្លែងក្លាយ មកនិយាយមួលបង្កាច់ទូលបង្គំ
អ្នកទាំងនោះពោលសុទ្ធតែពាក្យឃោរឃៅ។
១៣ ខ្ញុំជឿជាក់ថានៅក្នុងលោកនេះ
ខ្ញុំនឹងឃើញសុភមង្គលមកពីព្រះអម្ចាស់ ជាមិនខាន!។
១៤ ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់! ចូរមានកម្លាំង និងមានចិត្តរឹងប៉ឹងឡើង!
ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ចុះ!។