ទំនុកតម្កើង(២៥)

សូមណែនាំទូលបង្គំអោយស្គាល់មាគ៌ារបស់ព្រះអង្គ
១ ទំនុករបស់ស្ដេចដាវីឌ។
ឱព្រះអម្ចាស់អើយ ទូលបង្គំផ្ចង់ចិត្តគំនិតទៅរកព្រះអង្គ។
២ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ
ដូច្នេះ សូមកុំអោយទូលបង្គំត្រូវអាម៉ាស់មុខ!
សូមកុំអោយខ្មាំងសត្រូវអាចមានជ័យជំនះ លើទូលបង្គំឡើយ!។
៣ អស់អ្នកដែលសង្ឃឹមលើព្រះអង្គ នឹងមិនត្រូវខកចិត្តទេ
គឺមានតែពួកអ្នកឆាប់ក្បត់ព្រះអង្គប៉ុណ្ណោះ ដែលត្រូវខកចិត្ត។
៤ ឱព្រះអម្ចាស់អើយ! សូមណែនាំទូលបង្គំ អោយស្គាល់មាគ៌ារបស់ព្រះអង្គ
សូមបង្រៀនទូលបង្គំអំពីផ្លូវរបស់ព្រះអង្គផង
៥ សូមអប់រំទូលបង្គំអោយរស់នៅ ស្របតាមសេចក្ដីពិតរបស់ព្រះអង្គ
ដ្បិតព្រះអង្គជាព្រះសង្គ្រោះទូលបង្គំ ទូលបង្គំសង្ឃឹមលើព្រះអង្គជារៀងរាល់ថ្ងៃ។
៦ ឱព្រះអម្ចាស់អើយ! សូមកុំភ្លេចថា តាំងពីដើមរៀងមក ព្រះអង្គតែងតែសំដែង
ព្រះហឫទ័យអាណិតអាសូរ និងព្រះហឫទ័យ មេត្តាករុណាចំពោះទូលបង្គំជានិច្ច។
៧ សូមបំភ្លេចអំពើបាប និងកំហុស ដែលទូលបង្គំធ្លាប់ប្រព្រឹត្ត កាលនៅពីក្មេងនោះទៅ!។
ឱព្រះអម្ចាស់អើយ ទ្រង់តែងមានព្រះហឫទ័យ មេត្តាករុណា និងព្រះហឫទ័យសប្បុរសជានិច្ច
សូមកុំបំភ្លេចទូលបង្គំឡើយ!។
៨ ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរស និងទៀងត្រង់
ហេតុនេះហើយបានជាព្រះអង្គបង្ហាញ អោយមនុស្សបាបស្គាល់មាគ៌ាដែលគេត្រូវដើរ។
៩ ព្រះអង្គនាំមនុស្សមានចិត្តសុភាព អោយដើរតាមមាគ៌ាដ៏សុចរិត
ព្រះអង្គបង្រៀនគេអោយស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ។
១០ ព្រះអម្ចាស់មានព្រះហឫទ័យមេត្តាករុណា និងស្មោះត្រង់ទាំងស្រុង
ចំពោះអស់អ្នកដែលគោរពសម្ពន្ធមេត្រី* និងគោរពដំបូន្មានរបស់ព្រះអង្គ។
១១ ឱព្រះអម្ចាស់អើយ! ទូលបង្គំមានកំហុសធ្ងន់ណាស់
ដោយយល់ដល់ព្រះនាមព្រះអង្គ សូមលើកលែងទោសអោយទូលបង្គំផង។
១២ អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់
ព្រះអង្គនឹងបង្ហាញអោយអ្នកនោះ ស្គាល់មាគ៌ាដែលគាត់ត្រូវជ្រើសរើស។
១៣ គាត់នឹងមានសុភមង្គលជានិច្ច
ហើយពូជពង្សរបស់គាត់ នឹងបានគ្រប់គ្រងស្រុកនេះទុកជាមត៌ក។
១៤ ព្រះអម្ចាស់តែងតែសំដែងភក្ដីភាព ចំពោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
ហើយបង្រៀនគេអោយគោរពសម្ពន្ធមេត្រី របស់ព្រះអង្គ។
១៥ ទូលបង្គំសម្លឹងឆ្ពោះទៅរកព្រះអម្ចាស់ជានិច្ច
ព្រោះមានតែព្រះអង្គប៉ុណ្ណោះ ដែលអាចរំដោះទូលបង្គំអោយរួចពីអន្ទាក់។
១៦ សូមទតមកទូលបង្គំ ហើយប្រណីសន្ដោសទូលបង្គំផង!
ដ្បិតទូលបង្គំនៅឯកោ និងវេទនាជាខ្លាំង។
១៧ ទូលបង្គំលំបាកចិត្តពន់ពេកណាស់
សូមដកការតប់ប្រមល់នេះចេញពីចិត្តទូលបង្គំទៅ។
១៨ សូមទតមកទុក្ខវេទនា និងការនឿយព្រួយរបស់ទូលបង្គំ
សូមអត់ទោសអោយទូលបង្គំ បានរួចពីអំពើបាបទាំងប៉ុន្មានផង។
១៩ សូមទតមើលចុះ ខ្មាំងសត្រូវរបស់ទូលបង្គំ មានគ្នាច្រើនប៉ុនណា
ហើយគេស្អប់ទូលបង្គំខ្លាំងយ៉ាងណា។
២០ សូមការពារ និងរំដោះទូលបង្គំផង!
សូមកុំអោយទូលបង្គំត្រូវអាម៉ាស់មុខអោយសោះ
ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គហើយ!។
២១ ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះអង្គជានិច្ច
សូមរក្សាជីវិតទូលបង្គំ ដោយសេចក្ដីសប្បុរស និងទៀងត្រង់ផង!។
២២ ឱព្រះជាម្ចាស់អើយ!
សូមរំដោះអ៊ីស្រាអែលអោយរួចពីទុក្ខវេទនា ទាំងប៉ុន្មានផង!។