ទំនុកតម្កើង(១៨)

ពាក្យអរព្រះគុណរបស់ស្ដេចដាវីឌនៅពេលមានជ័យជំនះ
១ ទំនុកពីសៀវភៅរបស់គ្រូចំរៀង ទំនុករបស់ស្ដេចដាវីឌជាអ្នកបំរើរបស់ព្រះអម្ចាស់
ជាពាក្យដែលស្ដេចច្រៀងថ្វាយព្រះអម្ចាស់ នៅថ្ងៃដែលព្រះអង្គបានរំដោះស្ដេច
អោយរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន និងរួចពីកណ្ដាប់ដៃរបស់ស្ដេចសូល។
២ ទ្រង់មានរាជឱង្ការថា៖
ឱព្រះអម្ចាស់អើយ ទូលបង្គំស្រឡាញ់ព្រះអង្គ ព្រោះព្រះអង្គជាកម្លាំងរបស់ទូលបង្គំ!
៣ ព្រះអម្ចាស់ជាថ្មដាការពារទូលបង្គំ ជាបន្ទាយដ៏រឹងមាំរបស់ទូលបង្គំ
ជាព្រះដែលជួយរំដោះទូលបង្គំ ព្រះអង្គជាព្រះនៃទូលបង្គំ ជាថ្មដាសំរាប់ទូលបង្គំពឹងជ្រក
ព្រះអង្គជាខែល ជាកម្លាំងដែលសង្គ្រោះទូលបង្គំ និងជាជំរកដ៏មាំមួនរបស់ទូលបង្គំ។
៤ ពេលខ្ញុំស្រែករកព្រះអង្គ ព្រះអង្គសង្គ្រោះខ្ញុំអោយរួចពីខ្មាំងសត្រូវរបស់ខ្ញុំ
សូមលើកតម្កើងព្រះអម្ចាស់!។
៥ សេចក្ដីស្លាប់រួបរឹតខ្ញុំ
រីឯសេចក្ដីវិនាសអន្តរាយ ធ្លាក់មកលើខ្ញុំ ដូចទឹកហូរមកយ៉ាងខ្លាំង។
៦ សេចក្ដីស្លាប់នៅព័ទ្ធជុំវិញខ្ញុំ
ដូចជាសំណាញ់ដែលគេបោះមកលើខ្ញុំ។
៧ នៅពេលមានទុក្ខវេទនា ខ្ញុំអង្វររកព្រះអម្ចាស់ ខ្ញុំស្រែកហៅរកព្រះរបស់ខ្ញុំ
ពីក្នុងព្រះវិហាររបស់ព្រះអង្គ ទ្រង់ព្រះសណ្ដាប់ឮសំឡេងខ្ញុំ
ហើយស្នូរសំរែករបស់ខ្ញុំបានឮទៅដល់ ព្រះកាណ៌របស់ព្រះអង្គ។
៨ ពេលនោះ ផែនដីក៏កក្រើកញាប់ញ័រ
ភ្នំទាំងឡាយត្រូវរង្គើរហូតដល់គ្រឹះរបស់វា
ហើយកក្រើក ដោយសារព្រះអង្គទ្រង់ព្រះពិរោធ។
៩ មានផ្សែងហុយចេញមកពីព្រះនាសារបស់ព្រះអង្គ
ព្រះអង្គផ្លុំភ្លើងដែលឆាបឆេះចេញមក
ហើយក៏មានរងើកភ្លើងខ្ទាតចេញមក ពីព្រះឱស្ឋរបស់ព្រះអង្គដែរ។
១០ព្រះអង្គបានផ្អៀងផ្ទៃមេឃ ទ្រង់យាងចុះមក
ដោយមានពពកយ៉ាងក្រាស់ នៅពីក្រោមព្រះបាទាផង។
១១ ព្រះអង្គយាងគង់លើខេរូប៊ីន* ហើយហោះមក
ព្រះអង្គគង់នៅលើវាយោ ដូចគង់នៅលើស្លាបបក្សី។
១២ព្រះអង្គយកភាពងងឹតធ្វើជាកន្លែងពួន
ហើយយកពពកខ្មៅក្រាស់ពេញទៅដោយទឹក ធ្វើជាព្រះពន្លា។
១៣មានផ្លេកបន្ទោរចេញមកពីពពក ភ្លឺនៅខាងមុខព្រះអង្គ
ហើយមានព្រឹល និងរងើកភ្លើងធ្លាក់ចុះមក។
១៤ ព្រះអម្ចាស់ធ្វើអោយមានស្នូរផ្គរលាន់នៅលើមេឃ
ព្រះដ៏ខ្ពង់ខ្ពស់បំផុតបន្លឺព្រះសូរសៀង។
១៥ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គទៅលើខ្មាំងសត្រូវ ដើម្បីកំចាត់កំចាយពួកគេ។
ព្រះអង្គបាញ់ផ្លេកបន្ទោរ ធ្វើអោយពួកគេបាក់ទ័ព។
១៦ ឱព្រះអម្ចាស់អើយ ព្រះបន្ទូលគំរាមរបស់ព្រះអង្គ
និងខ្យល់ព្យុះ ដែលបក់ចេញមកពីព្រះនាសារបស់ព្រះអង្គ
បានធ្វើអោយបាតសមុទ្រលេចចេញមក
ហើយគ្រឹះរបស់ផែនដីក៏លេចមកដែរ។
១៧ព្រះអង្គបានលាតព្រះហស្ដពីស្ថានលើមករកខ្ញុំ
ព្រះអង្គស្រង់ខ្ញុំចេញអោយផុតពីទឹកសមុទ្រ
១៨ ព្រះអង្គបានរំដោះខ្ញុំអោយរួចផុតពី ខ្មាំងសត្រូវដ៏ខ្លាំងពូកែ
ហើយអោយខ្ញុំរួចផុតពីអស់អ្នកដែលស្អប់ខ្ញុំ
ព្រមទាំងអស់អ្នកដែលមានកម្លាំង ខ្លាំងជាងខ្ញុំផង។
១៩នៅពេលខ្ញុំមានទុក្ខវេទនា អ្នកទាំងនោះនាំគ្នាមកវាយប្រហារខ្ញុំ
ក៏ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាបង្អែករបស់ខ្ញុំ។
២០ព្រះអង្គបាននាំខ្ញុំចេញអោយផុតពីគ្រោះថ្នាក់
ព្រះអង្គរំដោះខ្ញុំ មកពីព្រះអង្គស្រឡាញ់ខ្ញុំ។
២១ព្រះអម្ចាស់បានប្រព្រឹត្តចំពោះខ្ញុំ ស្របតាមសេចក្ដីសុចរិតរបស់ខ្ញុំ
ព្រះអង្គតបស្នងមកខ្ញុំវិញ ស្របតាមអំពើបរិសុទ្ធដែលខ្ញុំបានប្រព្រឹត្តដែរ
២២ដ្បិតខ្ញុំបានប្រតិបត្តិតាមមាគ៌ារបស់ព្រះអម្ចាស់
ហើយខ្ញុំមិនបានឃ្លាតចេញពីព្រះរបស់ខ្ញុំ ដោយប្រព្រឹត្តអំពើអាក្រក់នោះឡើយ។
២៣ខ្ញុំបានប្រព្រឹត្តតាមវិន័យទាំងប៉ុន្មាន របស់ព្រះអង្គ
ខ្ញុំមិនបានបំពានលើបញ្ញត្តិ របស់ព្រះអង្គទេ។
២៤ព្រះអង្គជ្រាបថាខ្ញុំគ្មានសៅហ្មង
ហើយខ្ញុំបានប្រយ័ត្នខ្លួន មិនអោយមានកំហុសឡើយ។
២៥ ព្រះអម្ចាស់ប្រោសប្រណីដល់ខ្ញុំ ស្របតាមអំពើសុចរិតដែលខ្ញុំបានប្រព្រឹត្ត
ព្រោះព្រះអង្គឈ្វេងយល់ថាខ្ញុំប្រព្រឹត្ត អំពើបរិសុទ្ធ។
២៦ព្រះអម្ចាស់អើយ ព្រះអង្គសំដែងព្រះហឫទ័យស្មោះត្រង់ចំពោះអ្នក ដែលមានចិត្តស្មោះត្រង់
ព្រះអង្គសំដែងព្រះហឫទ័យស្មោះសរ ចំពោះអ្នកដែលមានចិត្តស្មោះសរ។
២៧ ចំពោះអ្នកដែលមានចិត្តបរិសុទ្ធ ព្រះអង្គក៏សំដែងថា ព្រះអង្គបរិសុទ្ធដែរ
ចំពោះអ្នកដែលមានចិត្តវៀចវេរវិញ ព្រះអង្គសំដែងថាព្រះអង្គឈ្លាសវៃ
២៨ ដ្បិតព្រះអង្គហើយ ដែលសង្គ្រោះមនុស្សទន់ទាប
និងបន្ទាបអស់អ្នកដែលមានចិត្តឆ្មើងឆ្មៃ។
២៩ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះអង្គជាពន្លឺរបស់ទូលបង្គំ
ហើយព្រះអង្គក៏បំភ្លឺសេចក្ដីងងឹត របស់ទូលបង្គំដែរ។
៣០ ព្រះអង្គប្រទានកម្លាំងអោយទូលបង្គំ វាយលុកខ្មាំងសត្រូវ
និងអោយទូលបង្គំអាចលោតរំលងកំពែង ក្រុងរបស់ពួកគេ។
៣១ មាគ៌ារបស់ព្រះជាម្ចាស់សុទ្ធតែល្អឥតខ្ចោះ ព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ពិតទាំងស្រុង
ព្រះអង្គជាខែលការពារអស់អ្នក ដែលមកជ្រកកោនជាមួយព្រះអង្គ។
៣២ មានតែព្រះអម្ចាស់មួយគត់ ដែលពិតជាព្រះជាម្ចាស់
មានតែព្រះរបស់យើងមួយព្រះអង្គប៉ុណ្ណោះ ដែលពិតជាថ្មដាសំរាប់អោយយើងជ្រកកោន។
៣៣ ព្រះជាម្ចាស់ប្រទានអោយខ្ញុំមានកម្លាំង
និងប្រទានអោយមាគ៌ារបស់ខ្ញុំបានល្អឥតខ្ចោះ។
៣៤ ព្រះអង្គប្រោសប្រទានអោយខ្ញុំ រត់លឿនដូចសត្វក្ដាន់
ហើយអោយខ្ញុំអាចឈរនៅទីខ្ពស់។
៣៥ ព្រះអង្គបង្ហាត់ខ្ញុំអោយស្ទាត់ជំនាញខាងធ្វើសឹក
និងអោយខ្ញុំមានកម្លាំងយឹតធ្នូលង្ហិនបាន។
៣៦ ឱព្រះអម្ចាស់អើយ ព្រះអង្គការពារ និងសង្គ្រោះទូលបង្គំ
ព្រះអង្គគាំទ្រទូលបង្គំ ដោយឫទ្ធិបារមីរបស់ព្រះអង្គ
ហើយព្រះអង្គលើកទូលបង្គំឡើង ដោយព្រះហឫទ័យមេត្តា។
៣៧ ព្រះអង្គការពារទូលបង្គំ មិនអោយខ្មាំងសត្រូវដេញទាន់
មិនអោយទូលបង្គំភ្លាត់ជើងដួលឡើយ។
៣៨ ទូលបង្គំដេញតាមពួកខ្មាំងសត្រូវ និងចាប់ពួកគេបាន
ហើយទូលបង្គំមិនត្រឡប់មកវិញទេ ដរាបទាល់តែបានកំទេចពួកគេអស់។
៣៩ ទូលបង្គំកាប់សម្លាប់ពួកគេ មិនអោយពួកគេក្រោកឡើងវិញបានឡើយ
ពួកគេដួលស្លាប់នៅនឹងជើងរបស់ទូលបង្គំ។
៤០ ព្រះអង្គប្រទានអោយទូលបង្គំមានកម្លាំង នឹងធ្វើសឹក
និងមានជ័យជំនះលើខ្មាំងសត្រូវ។
៤១ព្រះអង្គបានធ្វើអោយពួកគេបាក់ទ័ព រត់នៅមុខទូលបង្គំ
ហើយទូលបង្គំបានធ្វើអោយអស់អ្នក ដែលស្អប់ទូលបង្គំវិនាសសូន្យអស់ទៅ។
៤២គេនាំគ្នាស្រែករកជំនួយ តែគ្មាននរណាជួយពួកគេសោះ
គេស្រែកហៅព្រះអម្ចាស់ តែព្រះអង្គមិនឆ្លើយតបនឹងពួកគេឡើយ។
៤៣ទូលបង្គំបានកំទេចពួកគេអោយហ្មត់ ដូចធូលីដីដែលត្រូវខ្យល់ផាត់
ទូលបង្គំបានបោសពួកគេ ដូចភក់ជ្រាំនៅតាមផ្លូវ។
៤៤ព្រះអង្គបានរំដោះទូលបង្គំអោយរួច ពីការបះបោររបស់ប្រជាជន
ហើយតែងតាំងទូលបង្គំ អោយធ្វើជាអ្នកដឹកនាំប្រជាជាតិនានា
ប្រជាជនមួយដែលទូលបង្គំមិនស្គាល់ បានមកចុះចូលនឹងទូលបង្គំ។
៤៥ជនបរទេសនាំគ្នាស្ដាប់បង្គាប់ទូលបង្គំ
ហើយពេលទូលបង្គំនិយាយតែមួយម៉ាត់ គេក៏ធ្វើតាមភ្លាម។
៤៦ជនបរទេសបាក់ទឹកចិត្ត
ហើយចេញពីទីជំរករបស់គេមក ទាំងភ័យញាប់ញ័រ។
៤៧ជយោព្រះអម្ចាស់! សូមសរសើរតម្កើងព្រះអង្គ ដែលជាថ្មដារបស់ទូលបង្គំ!
សូមលើកតម្កើងព្រះជាម្ចាស់ ដែលបានសង្គ្រោះទូលបង្គំ!
៤៨ដ្បិតព្រះអង្គបានអោយទូលបង្គំ មានជ័យជំនះលើខ្មាំងសត្រូវ
ព្រះអង្គបានបង្ក្រាបប្រជាជននានា អោយមកចុះចូលនឹងទូលបង្គំ
៤៩ហើយព្រះអង្គបានប្រោសទូលបង្គំ អោយរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ!។
ព្រះអង្គបានលើកទូលបង្គំឡើងខ្ពស់ ជាងបច្ចាមិត្តរបស់ទូលបង្គំ
និងរំដោះទូលបង្គំអោយរួចផុតពី មនុស្សឃោរឃៅ។
៥០ហេតុនេះហើយបានជាទូលបង្គំសរសើរ តម្កើងព្រះអង្គក្នុងចំណោមប្រជាជាតិនានា
ឱព្រះអម្ចាស់អើយ! ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះនាម របស់ព្រះអង្គ។
៥១ព្រះអង្គបានធ្វើការអស្ចារ្យ ដើម្បីសង្គ្រោះស្ដេចដែលព្រះអង្គបានតែងតាំង
ព្រះអង្គបានសំដែងព្រះហឫទ័យស្មោះត្រង់ ចំពោះស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេក
គឺចំពោះស្ដេចដាវីឌ និងពូជពង្សរៀងរហូតតទៅ។