សុភាសិត (០៨)

ព្រះប្រាជ្ញាញាណប្រកាសហៅសាជាថ្មី
១ ចូរត្រងត្រាប់ស្ដាប់!
ព្រះប្រាជ្ញាញាណស្រែកប្រកាសហើយ!
តម្រិះក៏បន្លឺសំឡេងឡើងដែរ!
២ ព្រះប្រាជ្ញាញាណឈរលើទួល
ក្បែរមាត់ផ្លូវ និងនៅត្រង់ផ្លូវបំបែក
៣ ក្បែរមាត់ទ្វារក្រុង នៅតាមផ្លូវចេញចូល
ហើយស្រែកឡើងថា៖
៤ បណ្ដាជនទាំងឡាយអើយ!
ខ្ញុំស្រែកហៅអ្នករាល់គ្នា
ខ្ញុំចង់និយាយជាមួយមនុស្សលោកទាំងអស់។
៥ មនុស្សមិនដឹងខុសត្រូវអើយ
ចូររៀនពិចារណាឡើង
មនុស្សឥតប្រាជ្ញាអើយ
ចូររៀនឲ្យមានតម្រិះឡើង។
៦ ចូរនាំគ្នាស្ដាប់
ដ្បិតខ្ញុំមានសេចក្ដីសំខាន់ៗប្រាប់អ្នករាល់គ្នា
ខ្ញុំនិយាយទូន្មានអ្នករាល់គ្នាអំពីផ្លូវទៀងត្រង់
៧ ខ្ញុំថ្លែងប្រាប់តែសេចក្ដីពិតប៉ុណ្ណោះ
ខ្ញុំមិនចូលចិត្តនិយាយសេចក្ដីអាក្រក់ឡើយ។
៨ អ្វីៗដែលខ្ញុំនិយាយសុទ្ធតែទៀងត្រង់
គឺគ្មានពាក្យវៀចវេរ ឬបោកបញ្ឆោតទេ។
៩ អ្នកមានតម្រិះយល់ថា ពាក្យខ្ញុំស្រួលស្ដាប់
រីឯអស់អ្នកចេះដឹងក៏យល់ថា
ខ្ញុំនិយាយត្រឹមត្រូវមែនដែរ។
១០ ចូរទទួលដំបូន្មានខ្ញុំជាជាងទទួលប្រាក់
រីឯការចេះដឹងមានតម្លៃ
លើសមាសទឹកដប់ទៅទៀត។
១១ ប្រាជ្ញាមានតម្លៃជាងត្បូងពេជ្រ
គ្មានរបស់អ្វីមានតម្លៃស្មើនឹងប្រាជ្ញាឡើយ។
១២ ខ្ញុំជាប្រាជ្ញា
ការពិចារណាស្ថិតនៅជាប់ជាមួយខ្ញុំ
ខ្ញុំមានតម្រិះរិះគិត ដោយសុភនិច្ឆ័យ។
១៣ អ្នកគោរពកោតខ្លាចព្រះអម្ចាស់
តែងតែស្អប់អំពើអាក្រក់
ខ្ញុំមិនចូលចិត្តការអួតបំប៉ោង
ការព្រហើន អំពើអាក្រក់
និងការពោលពាក្យបោកបញ្ឆោតឡើយ។
១៤ ខ្ញុំមានប្រាជ្ញា និងយោបល់
ខ្ញុំផ្ដល់តម្រិះ និងកម្លាំង
១៥ ស្ដេចទាំងឡាយគ្រប់គ្រងស្រុក ដោយសារខ្ញុំ
ហើយមេដឹកនាំទាំងឡាយ
តែងច្បាប់ដ៏ត្រឹមត្រូវ ក៏ដោយសារខ្ញុំដែរ។
១៦ អ្នកធំទាំងឡាយត្រួតត្រាស្រុក ដោយសារខ្ញុំ
ហើយពួកនាម៉ឺនសុទ្ធតែជាចៅក្រមដ៏សុចរិត។
១៧ អ្នកណាស្រឡាញ់ខ្ញុំ ខ្ញុំស្រឡាញ់អ្នកនោះវិញ
អ្នកណាស្វែងរកខ្ញុំ អ្នកនោះពិតជារកឃើញ។
១៨ ខ្ញុំផ្ដល់ទ្រព្យសម្បត្តិ និងសិរីរុងរឿង
ភាពចំរុងចំរើន និងសេចក្ដីសុចរិត។
១៩ ផលផ្លែរបស់ខ្ញុំមានតម្លៃជាងមាសទឹកដប់
អ្វីៗដែលខ្ញុំផ្ដល់ឲ្យ
មានតម្លៃជាងប្រាក់សុទ្ធទៅទៀត។
២០ ខ្ញុំដើរតាមមាគ៌ាដ៏សុចរិត
និងប្រព្រឹត្តតាមផ្លូវយុត្តិធម៌។
២១ ខ្ញុំផ្ដល់ទ្រព្យសម្បត្តិយ៉ាងបរិបូណ៌
ឲ្យអ្នកដែលស្រឡាញ់ខ្ញុំ។
២២ ព្រះអម្ចាស់បានបង្កើតខ្ញុំតាំងពីដើមដំបូងបង្អស់
គឺមុនអ្វីៗដែលព្រះអង្គបង្កើតមកទៅទៀត។
២៣ ព្រះអង្គបានចាក់ប្រេងតែងតាំងខ្ញុំ
តាំងពីអស់កល្បរៀងមក
គឺនៅគ្រាដំបូងបង្អស់
មុនកំណើតពិភពលោកទៅទៀត។
២៤ កាលខ្ញុំកើតមក មិនទាន់មានជំរៅទឹក
ហើយក៏មិនទាន់មានប្រភពទឹកដែរ។
២៥ ព្រះអង្គបង្កើតខ្ញុំមក
មុនព្រះអង្គធ្វើឲ្យភ្នំធំភ្នំតូចលេចឡើង។
២៦ ពេលនោះ ព្រះអង្គមិនទាន់បង្កើតផែនដី
និងលំហអាកាសទេ
ហើយក៏មិនទាន់បង្កើតធាតុដើមផ្សេងៗដែរ។
២៧ កាលព្រះអម្ចាស់លាតសន្ធឹងផ្ទៃមេឃ
និងគូរវាសជើងមេឃពីលើមហាសមុទ្រ
ខ្ញុំក៏នៅទីនោះដែរ។
២៨ កាលព្រះអង្គដាក់ពពកនៅលើអាកាស
ហើយកាលប្រភពទឹកផុសចេញយ៉ាងខ្លាំង
ពីទីជំរៅ
២៩ កាលព្រះអង្គកំណត់ព្រំដែនសមុទ្រ
ដើម្បីខណ្ឌទឹកកុំឲ្យហៀរចេញ
កាលព្រះអង្គចាក់គ្រឹះផែនដី
៣០ នៅគ្រានោះខ្ញុំជាមេជាងជួយធ្វើការព្រះអង្គ
ហើយខ្ញុំធ្វើឲ្យព្រះអង្គមានអំណរ
ជារៀងរាល់ថ្ងៃ។
ខ្ញុំកំសាន្តនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ
គ្រប់ពេលវេលា។
៣១ ខ្ញុំកំសាន្តនៅលើដីដែលព្រះអង្គបានបង្កើត
ខ្ញុំមានអំណរនៅក្នុងចំណោមមនុស្សលោក។
សុភមង្គលរបស់អ្នកដែលស្ដាប់ព្រះប្រាជ្ញាញាណ
៣២ ឥឡូវនេះ កូនអើយ ចូរនាំគ្នាស្ដាប់ឪពុក
អ្នកណាប្រតិបត្តិតាមមាគ៌ារបស់ឪពុក
អ្នកនោះពិតជាមានសុភមង្គល!។
៣៣ ចូរស្ដាប់ដំបូន្មានរបស់ឪពុក
ដោយឥតធ្វេសប្រហែសឡើយ
នោះកូននឹងទៅជាអ្នកមានប្រាជ្ញា។
៣៤ អ្នកណាស្ដាប់ខ្ញុំ
ហើយឈរយាមមាត់ទ្វារខ្ញុំជារៀងរាល់ថ្ងៃ
អ្នកនោះពិតជាមានសុភមង្គល។
៣៥ អ្នកណារកខ្ញុំឃើញ អ្នកនោះមានជីវិត
ហើយព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នកនោះ។
៣៦ អ្នកណារកខ្ញុំមិនឃើញ
អ្នកនោះធ្វើបាបខ្លួនឯង
អ្នកណាស្អប់ខ្ញុំ
អ្នកនោះស្រឡាញ់សេចក្ដីស្លាប់។