មាតិកា

ជំរឿនប្រជាជន
(ជនគណនា)
ពាក្យលំនាំ

ក័ណ្ឌគម្ពីរនេះ  មានឈ្មោះថា  «ជំរឿនប្រជាជន»  ឬ  «ជនគណនា»​  ដូច្នេះ  ​មកពីនៅផ្នែកដំបូង  មានកត់​ត្រា​អំពីការរាប់ចំនួន  ឬ​ជំរឿនប្រជាជន​ក្នុងកុលសម្ព័ន្ធនានានៃជនជាតិអ៉ីស្រាអែល។  ​ក្នុងក័ណ្ឌគម្ពីរនេះ​ទាំងមូល​ពុំមានរៀបរាប់អំពីជំរឿនប្រជាជនរហូតទេ  ​គឺរៀបរាប់អំពីដំណើររបស់ជនជាតិអ៉ីស្រាអែល​ក្នុងវាលរហោស្ថាន។  ​ក្រោយពីបានទទួលវិន័យពីព្រះជាម្ចាស់  តាមរយៈលោកម៉ូសេ​នៅភ្នំស៉ីណៃរួចហើយ

•ជនជាតិអ៉ីស្រាអែលរៀបចំ​ខ្លួនចូលទៅចាប់យកទឹកដី  ដែលព្រះជាម្ចាស់សន្យាប្រទានអោយ ពួកគេ  ទុកជាកេរមត៌ក  (១.​១​-១០.​១០)។

•ជនជាតិអ៉ីស្រាអែលធ្វើដំណើរទៅកាដែស-បារណេអា  ដែលជាច្រកចូលទៅកាន់ទឹកដីសន្យា តែពួកគេពុំហ៊ានចូលទៅទេ។    ​ដូច្នេះ  ពួកគេបកក្រោយវិញ  ហើយរស់នៅក្នុងវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ។ ​ក្រោយពីបានត្រាច់ចរយ៉ាងយូរនៅវាលរហោស្ថាននោះ ពួកគេទៅដល់ស្រុកម៉ូអាប់  ដែលនៅខាងកើតសមុទ្រមរណៈ  (១០.១១​-​២១.​៣៥)។

•បន្ទាប់មក  មានរៀបរាប់អំពីព្រឹត្តិការណ៍ផ្សេងៗដែលកើតមានដល់ជនជាតិអ៉ីស្រាអែលនៅក្នុង ស្រុកម៉ូអាប់  មុនពេលពួកគេចូលទៅកាន់កាប់ទឹកដីស្រុកកាណាន  ​(២២.​១​-​៣៦.​១៣)។

ក័ណ្ឌគម្ពីរនេះរៀបរាប់អំពីព្រឹត្តិការណ៍​ដែលកើតមាន​បន្តពីគម្ពីរ​«ដំណើរឆ្ពោះទៅកាន់សេរីភាព»​  និង​«លេវីវិន័យ»  ​ព្រមទាំងបង្ហាញអោយឃើញថា  ប្រជារាស្ត្ររបស់ព្រះជាម្ចាស់គ្រាន់តែជាមនុស្សលោក​សាមញ្ញធម្មតាប៉ុណ្ណោះ។  ​ពួកគេចេះទុកចិត្តលើព្រះជាម្ចាស់  ​តែពួកគេក៏ចេះសង្ស័យដែរ  ​ពេលខ្លះពួកគេ​មានកម្លាំងមាំមួន  ​ពេលខ្លះទៀតទន់ខ្សោយ  ​ពេលខ្លះរុងរឿង  ​ពេលខ្លះអាប់អោន។  ​តាមរយៈក័ណ្ឌគម្ពីរ​នេះ  ​យើងឃើញថាព្រះជាម្ចាស់តែងតែមានព្រះហប្ញទ័យស្មោះស្ម័គ្រ​ចំពោះប្រជារាស្ត្ររបស់ព្រះអង្គជានិច្ច​ហើយតាមរយៈការតឹងរ៊ឹង    ព្រះអង្គសំដែងអោយពួកគេឃើញថា  ព្រះអង្គជាព្រះដ៏សុចរិត​  និង  យុត្តិធម៌។

ចំណែកឯលោកម៉ូសេវិញ​  លោកមានបេសកកម្មមួយដ៏លំបាក​គឺធ្វើជាអ្នកនាំពាក្យរបស់ព្រះដ៏បរិសុទ្ធ​យកទៅប្រាប់ប្រជាជនដែលចេះតែបះបោរ​ហើយលោកក៏តស៊ូព្យាយាមការពារប្រជាជនដែលមានចិត្ត​មិន​ស្មោះត្រង់នេះ  ដោយទូលអង្វរព្រះដ៏សុចរិត  សូមទ្រង់មេត្តាប្រណីសន្តោសដល់ពួកគេ។