សន្តម៉ាកុស (០៩)

ព្រះអង្គ​មាន​ព្រះ​បន្ទូល​ថា៖​ «ប្រាកដ​មែន​ខ្ញុំសុំ​ប្រាប់​ ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា​ មនុស្ស​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ​‌មុន​បាន​ឃើញ​ព្រះរាជ្យ​របស់​ព្រះ​ជា​ម្ចាស់​ មក​ដល់​ប្រកប​ដោយ​ប្ញទ្ធា​នុភាព»។

សិរីរុងរឿងរបស់ព្រះយេស៊ូ‌
(ម៉ាថាយ  ១៧,  ១-១៣ ;    ​លូកា  ៩,  ២៨-៣៦)
‌‌ប្រាំមួយ​ថ្ងៃ​ក្រោយ​មក‌​ ព្រះ​យេស៊ូនាំលោក​សិលា‌​ លោក​យ៉ាកុប‌​ និង​លោក​យ៉ូហាន​ឡើង​ទៅ​លើភ្នំ​ គឺ​ព្រះអង្គ​នាំតែ​លោក​ទាំង​បី​ទៅ​ដាច់​ឡែក​ពីគេ។‌​ ពេល​នោះ​ ព្រះអង្គ​ប្រែជា​មាន​ទ្រង់​ទ្រាយ​ប្លែក​ពី​មុន​នៅ​មុខ​សាវ័ក*​ទាំង​បី​នាក់​‌គឺព្រះ​ពស្ត្រ​របស់​ព្រះអង្គ​ ត្រឡប់​ជាមាន​ពណ៌ស​ភ្លឺត្រចះ​ត្រចង់​ ដែល​គ្មាន​មនុស្ស​ណា​នៅលើ​ផែនដី​អាច​ធ្វើឲ្យ​ស​យ៉ាង​នេះ​បាន​ឡើយ។​ ពេល​នោះ​ សាវ័ក​ទាំង​បី​នាក់‌​ឃើញ​ព្យាការី* អេលី​‌និង​‌លោក​ម៉ូសេ*​សន្ទនា​ជាមួយ​ព្រះ​យេស៊ូ។​ លោក​សិលា​ទូល​ព្រះអង្គ​ថា៖​ ‌«ព្រះគ្រូ !​ យើងខ្ញុំ​បាន​នៅ​ទីនេះ​ប្រសើរ​ណាស់​ យើងខ្ញុំ​នឹង​សង់​ជំរក​បី​ គឺមួយ​សម្រាប់​ព្រះគ្រូ‌​ មួយ​សម្រាប់​លោក​ម៉ូសេ​‌និង​មួយ​ទៀត​សម្រាប់​លោក​អេលី»។​ លោក​សិលា​មាន​ប្រសាសន៍​ដូច្នេះ​ មកពី​លោក​ពុំដឹង​ថា​ចង់​និយាយ​អំពី​អ្វី​ឡើយ​ ដ្បិត​សាវ័ក​ទាំងបី​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។​ ‌ពេល​នោះ‌​ ស្រាប់​តែ​មាន​ពពក*​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា​ មាន​ព្រះ​សូរ​សៀង​បន្លឺ​ពីក្នុង​ពពក​មក​ថា៖‌​«នេះជា​បុត្រ​ដ៏ជា​ទី​ស្រឡាញ់​របស់​យើង‌​ ចូរ​ស្តាប់​ព្រះអង្គ​ចុះ!»។​ រំពេច​នោះ​‌ក្រុម​សាវ័ក​ក្រឡេក​មើល​ជុំវិញ​ខ្លួន​ ពុំ​ឃើញ​នរណា​ទៀត​ឡើយ​ ឃើញ​តែ​ព្រះ​យេស៊ូ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ​ ដែល​គង់​ជាមួយ​គេ។

ពេល​ព្រះយេស៊ូ​យាង​ចុះពី​លើភ្នំ​ ជាមួយ​សាវ័ក​ទាំងបី​ ទ្រង់​ហាម​ប្រាម​គេ​មិន​ឲ្យ​និយាយ​អំពី​ហេតុ​ការណ៍​ដែល​ខ្លួន​បាន​ឃើញ​ ប្រាប់​នរណា​ឡើយ​រហូត​ដល់​បុត្រ​មនុស្ស​រស់​ឡើង​វិញ។​ ១០អ្នក​ទាំង​បី​ធ្វើ​តាម​ព្រះ​បន្ទូល​របស់​ព្រះអង្គ‌​ តែ​សាក​សួរ​គ្នា​ថា៖‌​ «តើ​ “រស់ឡើងវិញ”​‌មាន​ន័យ​ដូច​ម្តេច ? »។​ ១១បន្ទាប់​មក‌​ ​គេ​ទូល​សួរ​ព្រះអង្គ​ថា៖​ ‌«ហេតុ​ដូច​ម្តេច​បានជា​ពួក​ធម្មា​ចារ្យ​ចេះ​តែ​និយាយ​ថា​ ព្យាការី​អេលី​ត្រូវ​អញ្ជើញ​មក​មុន ?​ »។​ ១២ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​តប​ទៅ​គេ​ថា៖​ «ព្យាការី​អេលី​អញ្ជើញ​មក​មុន​មែន​ ដើម្បី​រៀបចំ​សព្វ​គ្រប់​ទាំង​អស់​ឡើង​វិញ។​ ប៉ុន្តែ‌​ហេតុអ្វី​បានជា​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា​ បុត្រ​មនុស្ស​ត្រូវ​រងទុក្ខ​លំបាក​ជាច្រើន​ ព្រម​ទាំង​ត្រូវគេ​មើល​ងាយ​ផង​ដូច្នេះ ? ។​ ១៣ ខ្ញុំសុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​ ព្យាការី​អេលី​បាន​អញ្ជើញ​មក​រួច​ហើយ‌​ តែពួក​គេ​បាន​ធ្វើបាប​លោក​សព្វ​បែប​យ៉ាង​ តាម​អំពើ​ចិត្ត​របស់​គេ​‌ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​អំពី​លោក​ស្រាប់»។

ព្រះយេស៊ូដេញខ្មោចចេញពីក្មេងម្នាក់
(ម៉ាថាយ  ១៧,  ១៤-២១ ;‌    លូកា  ៩,  ៣៧-៤៣)
១៤ព្រះ​យេស៊ូ​និង​អ្នក​ទាំង​បី ​បាន​មក​ជួប​សាវ័ក​ឯទៀតៗ​ ទ្រង់​ទត​ឃើញ​បណ្តា​ជន​ច្រើន​កុះករ​ឈរ​នៅ​ជុំវិញ​សាវ័ក​ទាំង​នោះ​ ‌‌‌ហើយ​ឃើញ​ពួក​ធម្មា​ចារ្យ*​ជជែក​ជាមួយ​គេ​ផង។​ ១៥កាល​បណ្តា​ជន​ឃើញ​ព្រះ​យេស៊ូ​ ‌គេ​ស្រឡាំង​កាំង​គ្រប់​គ្នា​ ហើយ​រត់ទៅ​ថ្វាយ​បង្គំ​ព្រះអង្គ។​ ១៦ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖​ ‌‌«តើអ្នក​រាល់គ្នា​ជជែក​ជាមួយ​គេ​អំពី​រឿង​អ្វី ? »។​ ១៧ក្នុង​ចំណោម​បណ្តា​ជន​ មាន​បុរស​ម្នាក់​ទូល​ព្រះអង្គ​ថា៖​ «លោក​គ្រូ !‌​ខ្ញុំ​ប្របាទ​នាំ​កូន​ប្រុស​របស់​ខ្ញុំ​ប្របាទ​មក​រក​លោក​គ្រូ‌​ ដ្បិត​វាមាន​ខ្មោច​ចូល​ ធ្វើឲ្យ​គ​និយាយ​ពុំ​រួច។​ ១៨នៅ​ទី​ណា​ក៏​ដោយ‌​ពេល​ខ្មោច​ចូល​ម្តងៗ‌​ វា​ផ្តួល​កូន​ខ្ញុំ​ប្របាទ​លើ​ដី​‌ឲ្យបែក​ពពុះ​មាត់​សង្កៀត​ធ្មេញ‌​ ហើយ​រឹង​ខ្លួន។​ខ្ញុំប្របាទ​បាន​សុំ​សាវ័ក​របស់​លោក​ឲ្យ​ដេញ​ខ្មោច​នេះ​ដែរ​ ប៉ុន្តែ​គេពុំ​អាច​ដេញ​វាចេញ​បាន​សោះ»។​ ១៩ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​បណ្តា​ជន​ថា៖​ ‌«នែ៎ ! ​ពួក​មនុស្ស​ពុំព្រម​ជឿ​អើយ !​ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជាមួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត ?​ ‌ចូរនាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។​ ២០គេ​ក៏នាំ​វាចូល​មក​ជិត​ព្រះ​យេស៊ូ។​ កាល​ខ្មោច​ឃើញ​ព្រះអង្គ​‌វាផ្តួល​ក្មេង​នោះ​ឲ្យ​ប្រកាច់​ប្រកិន‌​ ព្រមទាំង​ននៀល​បែក​ពពុះ​មាត់។​ ២១ព្រះ​យេស៊ូ​សួរ​ទៅ​ឪពុក​ថា៖​ ‌«តើវា​វេទនា​បែប​នេះ​ តាំងពី​អង្កាល់​មក? »។​ ឪពុក​តប​ថា៖​ «តាំងតែ​ពីតូច​ម៉្លេះ។​ ២២ខ្មោច​ធ្វើ​ឲ្យ​វា​ដួល​លើ​ភ្លើង​ ឲ្យវា​ធ្លាក់​ក្នុង​ទឹក​ជា​ច្រើន​លើក​ច្រើន​សា​ ចង់​ឲ្យវា​បាត់​បង់​ជីវិត។​ ប្រសិន​បើ​លោក​អាច​ធ្វើបាន​ សូម​មេត្តា​ជួយ​យើង​ខ្ញុំ​សូម​អាណិត​អាសូរ​យើង​ខ្ញុំ​ផង»។​ ២៣ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖​ «ហេតុអ្វី​បានជា​អ្នក​ពោល​ថា​”ប្រសិន​បើ​លោក​អាច​ជួយ​បាន”​ដូច្នេះ ?​ ព្រះ​ជាម្ចាស់​អាច​សំរេច​កិច្ចការ​សព្វ​គ្រប់​ទាំង​អស់​ ដល់​អ្នក​ជឿ»។​ ២៤ឪពុក​របស់​ក្មេង​បន្លឺ​សំឡេង​ឡើង​ភ្លាម​ថា៖​ «ខ្ញុំ​ប្របាទ​ជឿ​ហើយ!​ សូម​មេត្តា​ជួយ​ឲ្យខ្ញុំ​ប្របាទ​ដែល​ជាអ្នក​មិន​ជឿ​នេះ​ផង ! »។​ ២៥ ពេល​នោះ​ព្រះ​យេស៊ូ​ទត​ឃើញ​បណ្តា​ជន​រត់​មក​ ព្រះអង្គ​ក៏គំរាម​ខ្មោច​ដោយ​បញ្ជា​ថា៖‌​ «នែ៎‌​ខ្មោច​គ​ថ្លង់ !​ ‌យើង​សុំ​ប្រាប់​ថា​ ចេញ​ពីក្មេង​នេះ​ទៅ​ ​កុំចូល​វា​ទៀត​ឲ្យ​សោះ ! »។​ ២៦ខ្មោច​ក៏​ស្រែក​ឡើង​ ព្រមទាំង​ធ្វើឲ្យ​ក្មេង​នោះ​ប្រកាច់​ប្រកិន​យ៉ាង​ខ្លាំង​ ‌រួច​ចេញ​ទៅ។​ ពេល​នោះ​ក្មេង​នៅ​ដេក​ស្តូក​ស្តឹង​ដូច​មនុស្ស​ស្លាប់​ ធ្វើឲ្យ​មនុស្ស​ជាច្រើន​ស្មាន​ថា​ វាស្លាប់​បាត់​ទៅ​ហើយ។​ ២៧រីឯ​ព្រះយេស៊ូ​វិញ​ ព្រះអង្គ​ចាប់ដៃ​វាលើក​ឡើង​ក្មេង​នោះ​ក៏​ក្រោក​ឈរ។

២៨កាល​ព្រះយេស៊ូ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​ ក្រុម​សាវ័ក*​ទូល​សួរ​ព្រះអង្គ​ដាច់​ឡែក​ពីគេ​ថា៖​ «ហេតុ​អ្វី​បាន​ជា​ យើងខ្ញុំ​ពុំ​អាច​ដេញ​ខ្មោច​នេះ​ចេញ​បាន ? »។​ ២៩ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គេថា៖​ ‌«គេ​អាច​ដេញ​ខ្មោច​ប្រភេទ​នេះ​បាន​ លុះ​ត្រា​តែ​អធិស្ឋាន*»។

ព្រះយេស៊ូប្រកាសសាជាថ្មី អំពីព្រះអង្គត្រូវសោយទិវង្គត
(ម៉ាថាយ  ១៧,  ២២-២៣ ;‌    លូកា  ៩,  ៤៣-៤៥)
៣០  ព្រះ​យេស៊ូ​យាង​ចាក​ចេញពី​ទីនោះ​ ជាមួយ​ក្រុម​សាវ័ក*​ កាត់​តាម​ស្រុក​កាលីឡេ។​ ព្រះអង្គ​មិន​សព្វ​ព្រះ​ហប្ញទ័យ​ឲ្យ​នរណា​ដឹង​ឡើយ។​ ៣១ព្រះអង្គ​បង្រៀន​ក្រុម​សាវ័ក​ឲ្យដឹង​ថា​ បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស​លោក​ គេ​នឹង​ធ្វើ​គុត​ព្រះអង្គ​ ប៉ុន្តែ​ បីថ្ងៃ​ក្រោយ​ពីគេ​ធ្វើគុត‌​ ទ្រង់​នឹង​មាន​ព្រះជន្ម​រស់ឡើង​វិញ។​ ៣២ក្រុម​សាវ័ក​ពុំបាន​យល់​ព្រះ​បន្ទូល​នេះ​ឡើយ​‌‌តែ​គេមិន​ហ៊ាន​ទូល​សួរ​ព្រះអង្គ​ទេ។

អ្នកដែលធំជាងគេ
(ម៉ាថាយ  ១៨,  ១-៥ ;​    លូកា  ៩,  ៤៦-៤៨)
‌‌៣៣ព្រះ​យេស៊ូ​និង​ក្រុម​សាវ័ក*​‌ធ្វើ​ដំណើរ​មក​ដល់​ក្រុង​កាផានុម។‌​ កាល​ព្រះអង្គ​គង់នៅ​ក្នុងផ្ទះ​ ព្រះអង្គ​មាន​ព្រះ​បន្ទូល​សួរ​ក្រុម​សាវ័ក​ថា៖​ «ពេល​ដើរ​តាម​ផ្លូវ​‌អ្នក​រាល់គ្នា​និយាយ​អំពី​រឿង​អ្វី ? »។​ ៣៤ក្រុម​សាវ័ក​នៅ​ស្ងៀម​ ដ្បិត​កាល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ គេ​បាន​ប្រកែក​គ្នា​ចង់ដឹង​ថា​ ក្នុង​ចំណោម​ពួក​គេ​អ្នក​ណាធំ​ជាង​គេ។‌​ ៣៥ព្រះ​យេស៊ូ​គង់​ចុះ​ ‌ទ្រង់​ត្រាស់​ហៅ​សាវ័ក​ទាំង​ដប់ពីរ​រូប​មក​ ហើយ​មាន​ព្រះ​បន្ទូល​ថា៖​ ‌«អ្នក​ណា​ចង់​ធ្វើ​មេគេ​ អ្នក​នោះ​ត្រូវ​ដាក់​ខ្លួន​ឲ្យតូច​ជាងគេ​ ព្រមទាំង​បម្រើ​គេ​ទាំង​អស់​គ្នា​ផង»។​ ៣៦បន្ទាប់​មក​ព្រះអង្គ​យក​ក្មេង​ម្នាក់​ ឲ្យ​មក​ឈរ​នៅ​កណ្តាល​ក្រុម​សាវ័ក។​‌‌‌ព្រះអង្គ​ឱប​ក្មេង​នោះ‌​ រួច​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ក្រុម​សាវ័ក​ថា៖​ ‌៣៧ «អ្នក​ណា​ទទួល​ក្មេង​ណា​ម្នាក់​ដូច​ក្មេង​នេះ​ក្នុង​នាម​ខ្ញុំ‌​ ក៏ដូច​ជា​បាន​ទទួល​ខ្ញុំ​ ហើយ​អ្នកណា​ទទួលខ្ញុំ​ មិន​ត្រឹម​តែ​ទទួល​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ គឺ​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់ខ្ញុំ​ឲ្យ​មក​នោះ​ដែរ​»។

អ្នកណាមិនជំទាស់យើង    អ្នកនោះជាពួកយើង
(លូកា  ៩, 8 ៤៩-៥០)
៣៨លោក​យ៉ូហាន​ទូល​ព្រះអង្គ​ថា៖‌​ «ព្រះគ្រូ !‌​ យើងខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​ដេញ​ខ្មោច​ ក្នុង​នាម​ព្រះគ្រូ។‌​ ‌យើងខ្ញុំ​បាន​ឃាត់គេ​ ព្រោះ​គេមិន​មក​តាម​យើងខ្ញុំ​ទេ»។​ ៣៩ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ថា៖‌​ «កុំឃាត់​គេអី‌​‌ពុំដែល​មាន​នរណា​អាច​ធ្វើ​ការ​អស្ចារ្យ​ក្នុង​នាមខ្ញុំ ​រួចបែរ​ជា​និយាយ​អាក្រក់​អំពីខ្ញុំ​ភ្លាម​នោះ​ឡើយ​‌៤០ដ្បិត​អ្នក​ណា​មិន​ជំទាស់​នឹង​យើង​ អ្នក​នោះ​ជាគ្នា​យើង​ហើយ។​ ៤១ម៉្យាង​ទៀត‌​ បើ​អ្នក​ណា​ឲ្យទឹក​មួយ​កែវ​ដល់​អ្នក​រាល់​គ្នា​ ក្នុងនាម​អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ព្រះ​គ្រីស្ត*​ ខ្ញុំសុំ​ប្រាប់​ឲ្យអ្នក​រាល់គ្នា​ដឹង​ច្បាស់​ថា‌​ អ្នក​នោះ​នឹង​ទទួល​រង្វាន់​ជាមិន​ខាន»។

កុំនាំអ្នកដទៃឲ្យប្រព្រឹត្តអំពើបាប
(ម៉ាថាយ  ១៨,  ៦-៩ ;​    លូកា  ១៧,  ១-២)
‌‌៤២អ្នក​ណា​នាំអ្នក​តូច​តាច​ម្នាក់​ ក្នុង​បណ្តា​អ្នក​ជឿ​ទាំង​នេះ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​ ចំពោះ​អ្នក​នោះ​ប្រសិន​បើ​គេ​យក​ត្បាល់ថ្ម​យ៉ាងធំ​មក​ចង​ក​គាត់​ ទម្លាក់​ទៅ​ក្នុង​សមុទ្រ‌​ នោះ​ប្រសើរ​ជាជាង​ទុក​ឲ្យ​គាត់​នៅ​រស់។​ ៤៣ប្រសិន​បើដៃ​នាំអ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​‌ចូរ​កាត់​ចោល​ទៅ​ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​មាន​ដៃ​តែ​ម្ខាង ​ប្រសើរ​ជាង​មាន​ដៃពីរ​ ហើយ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​នរក ដែល​មាន​ភ្លើង​មិន​ចេះ​រលត់ ​{ ៤៤ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់‌​ មាន​ភ្លើង​មិន​ចេះ​រលត់}។​ ៤៥ប្រសិន​បើ​ ជើង​នាំ​អ្នក​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប​‌ចូរកាត់​ចោល​ទៅ​ ព្រោះ​បើ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​ មានតែ​ជើង​មួយ​ នោះ​ប្រសើរ​ជាង​មាន​ជើង​ពីរ​‌ហើយ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​នរក {៤៦ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់​ មាន​ភ្លើង​មិន​ចេះ​រលត់}។​ ‌‌៤៧ប្រសិន​បើ​ភ្នែក​នាំអ្នក​ឲ្យ​ប្រព្រឹត្ត​អំពើបាប​ ចូរខ្វេះ​ចេញ​ទៅ‌​ ព្រោះ​បើអ្នក​ចូល​ទៅ​ក្នុង​ព្រះ​រាជ្យ* ព្រះជា​ម្ចាស់‌‌​មាន​តែ​ភ្នែក​ម្ខាង​ នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ពីរ​ ហើយ​ត្រូវ​គេ​បោះ​ទៅ​ក្នុង​នរក​ ៤៨ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់‌​ មាន​ភ្លើង​មិន​ចេះ​រលត់​ ៤៩ដ្បិត​មនុស្ស​គ្រប់ៗ​រូប​នឹង​មាន​ជាតិ​ប្រៃ​ដោយ​សារ​ភ្លើង។​ ៥០អំបិល​ជា​របស់​មួយ​សំខាន់​ណាស់​ ប៉ុន្តែ​បើ​វា​បាត់​ជាតិ​ប្រៃ​ហើយ​ តើអ្នក​រាល់គ្នា​ធ្វើ​ដូចម្តេច​ នឹង​ឲ្យ​វាប្រៃ​ឡើង​វិញ​បាន?​ ៥១ចូរ​មាន​ជាតិ​ប្រៃ​នៅ​ក្នុង​ខ្លួន​ ហើយ​រស់នៅ​ជាមួយ​គ្នា​ដោយ​សុខ​សាន្ត​ទៅ»។