សន្ត ម៉ាកុស (០១)

លោកយ៉ូហានបាទីស្ត​ប្រៀនប្រដៅបណ្តាជន
(ម៉ាថាយ  ៣,  ១-៦,១១-១២  ;  ‌  លូកា  ៣,  ១-១៨)
ដំណឹងល្អ*​អំពី​ព្រះយេស៊ូ​គ្រីស្ត*​ ជា​ព្រះ​បុត្រា​របស់​ព្រះ​ជាម្ចាស់​ ចាប់​ផ្តើម​ដូច​តទៅ៖​ ក្នុង​គម្ពីរ​ព្យាការី​អេសាយ​  មាន​ចែង​ទុក​មក​ថា៖​‌

            «យើងចាត់ទូតយើងឲ្យទៅមុនព្រះអង្គ​‌‌
            ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ​»។
          មានសំឡេងបុរសម្នាក់  ស្រែកនៅវាលរហោ
            ស្ថានថា:  ​”ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់‌
            ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ”»។​

ពេល​នោះ​ ‌លោក​យ៉ូហាន​មក​ដល់​ស្រប​តាម​បទ​គម្ពីរ​នេះ​មែន​ ‌ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​នៅ​វាល​រហោ​ស្ថាន។​ លោក​ប្រកាស​ឲ្យ​មនុស្ស​ម្នា​ប្រែចិត្ត​គំនិត​ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក​ ដើម្បី​ព្រះ​ជាម្ចាស់​លើក​លែង​ទោស​ឲ្យ​រួច​ពី​បាប។​ អ្នក​ស្រុក​យូដា​ទាំង​អស់​ និង​អ្នក​ក្រុង​យេរូ​សាឡឹម​ទាំង​មូល​ នាំគ្នា​ចេញ​ទៅ​រក​លោក។​ គេ​ទទួល​សារភាព​អំពើ​បាប​របស់​ខ្លួន​ ហើយ​លោក​ក៏ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យគេ​ក្នុង​ទន្លេ​យ័រដាន់។​ លោក​យ៉ូហាន​ស្លៀក​សម្លៀក​បំពាក់​ធ្វើពី​រោម​អូដ្ឋ​ ពាក់​ខ្សែ​ក្រវាត់​ធ្វើពី​ស្បែក​ ហើយ​បរិភោគ​កណ្តូប និង​ទឹកឃ្មុំ។​ លោក​ប្រកាស​ប្រាប់​បណ្តា​ជន​ថា៖​ «លោក​ ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ​ នឹង​មក​តាម​ក្រោយ​ខ្ញុំ។‌​ ខ្ញុំមាន​ឋានៈ​ទាប​ណាស់‌​ សូម្បី​តែ​អោន​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក​ ក៏មិន​សម​នឹង​ឋានៈ​ដ៏ខ្ពង់​ខ្ពស់​របស់​លោក​ផង។​ ខ្ញុំបាន​ធ្វើពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ទឹក​ រីឯ​លោក​វិញ​ លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ក្នុង​ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ*»។

ព្រះយេស៊ូទទួលពិធីជ្រមុជទឹក ព្រះអង្គឈ្នះការល្បួង
(ម៉ាថាយ  ៣,១៣-១៧;​៤,១-១១​  លូកា  ៣,២១-២២;​៤,១-២)
‌‌នៅ​គ្រា​នោះ​ ព្រះ​យេស៊ូ​យាង​មក​ពី​ភូមិ​ណាសា​រ៉ែត​ក្នុង​ស្រុក​កាលី​ឡេ។​ ព្រះអង្គ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ពី​លោក​យ៉ូហាន​ ក្នុង​ទន្លេ​យ័រដាន់។​ ១០ពេល​ព្រះអង្គ​យាង​ឡើង​ពីទឹក​មក​ភ្លាម​ ទ្រង់​ទត​ឃើញ​ផ្ទៃ​មេឃ​រហែក​ជាពីរ​ ‌ហើយ​ព្រះ​វិញ្ញាណ​យាង​ចុះ​ដូច​សត្វ​ព្រាប​ មក​សណ្ឋិត​លើ​ព្រះអង្គ។​ ១១មាន​ឮ​ព្រះ​សូរ​សៀង​ពីលើ​មេឃ​មក​ថា៖​ «ព្រះ​អង្គ​ជា​បុត្រ​ដ៏ជាទី​ស្រឡាញ់​របស់​យើង​ យើង​គាប់​ចិត្ត​នឹង​ព្រះអង្គ​ណាស់ ! »។

១២រំពេច​នោះ‌​ ព្រះ​វិញ្ញាណ​ក៏នាំ​ព្រះ​យេស៊ូ​ឆ្ពោះ​ទៅ​វាល​រហោ​ស្ថាន។​ ១៣ព្រះអង្គ​គង់​នៅ​វាល​រហោ​ស្ថាន​អស់​រយៈ​ពេល​សែសិប​ថ្ងៃ​ ត្រូវ​មារ*​សាតាំង​ល្បួង។​ ព្រះអង្គ​គង់នៅ​ជាមួយ​សត្វ​ព្រៃ​ ហើយ​មាន​ពួក​ទេវ​ទូត*​បម្រើ​ព្រះអង្គ​ផង។

ព្រះយេស៊ូត្រាស់ហៅសាវ័កបួនរូប
(ម៉ាថាយ  ៤,  ១២-២២  ‌លូកា  ៤,  ១៤-១៥  ;  ៥,១-១១)
១៤‌ក្រោយ​គេ​ចាប់​លោក​យ៉ូហាន​យក​ទៅ​ឃុំ​ឃាំង​‌ព្រះ​យេស៊ូ​យាង​ទៅ​ស្រុក​កាលីឡេ​ ហើយ​ប្រកាស​ដំណឹង​ល្អ*​របស់​ព្រះ​ជាម្ចាស់។​ ១៥ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា៖​ «ពេល​កំណត់​មក​ដល់​ហើយ​ រីឯ​ព្រះ​រាជ្យ*​របស់​ព្រះ​ជាម្ចាស់​ក៏មក​ជិត​បង្កើយ​ដែរ។‌​ ចូរ​នាំ​គ្នា​ប្រែ​ចិត្ត​គំនិត​ ហើយ​ជឿ​ដំណឹង​ល្អ​ចុះ ! »។‌

១៦កាល​ ព្រះ​យេស៊ូ​យាង​តាម​ឆ្នេរ​សមុទ្រ​កាលី​ឡេ​‌ព្រះអង្គ​ទត​ឃើញ​លោក​ស៊ីម៉ូន​និង​លោក​អន់ដ្រេ​ជា​ប្អូន​របស់​គាត់​ កំពុង​តែ​បង់​សំណាញ់​ ព្រោះ​អ្នក​ទាំង​ពីរ​ជា​អ្នក​នេសាទ​ត្រី។​ ១៧ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖​ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ​ ខ្ញុំនឹង​តាំង​អ្នក​ឲ្យ​នេសាទ​មនុស្ស​វិញ»។​ ១៨អ្នក​ទាំង​ពីរ​ក៏ទុក​សំណាញ់​នៅ​ទីនោះ​ភ្លាម​ ‌រួច​ដើរ​តាម​ព្រះអង្គ​ទៅ។

១៩កាល​ព្រះ​យេស៊ូ​យាង​ទៅ​មុខ​បន្តិច​ ‌ព្រះ​អង្គ​ទត​ឃើញ​លោក​យ៉ាកុប​ ‌និង​‌លោក​យ៉ូហាន ​ជា​ប្អូន ​កំពុង​តែ​រៀប​ចំអួន​នៅ​ក្នុង​ទូក​មួយ‌​ អ្នក​ទាំង​ពីរ​ជា​កូន​លោក​សេបេដេ។​ ២០ព្រះ​អង្គ​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ​ភ្លាម​ គេក៏​ដើរ​តាម​ព្រះ​យេស៊ូ​ទៅ​ទុក​ឪពុក​ឲ្យ​នៅ​ក្នុង​ទូក​ជាមួយ​ពួក​កូន​ឈ្នួល។

​យេស៊ូ​ប្រោស​បុរស​ម្នាក់​ដែល​មាន​ខ្មោច​ចូល
(លូកា  ៤,  ៣១-៣៧)
‌‌២១ ព្រះ​យេស៊ូ​យាង​ចូល​ក្រុង​កាផា​នុម‌​ ជាមួយ​​ក្រុម​សាវ័ក*។​ នៅថ្ងៃ​សប្ប័ទ*​ព្រះ​យេស៊ូ​យាង​ចូល​ក្នុង​ធម្ម​សាលា*​ ហើយ​ព្រះអង្គ​បង្រៀន​អ្នក​ស្រុក។‌​ ២២អ្នក​ ដែល​បាន​ស្តាប់​ព្រះអង្គ​ ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ ដែល​ព្រះអង្គ​បង្រៀន‌​ ព្រោះ​ព្រះអង្គ​មាន​ព្រះ​បន្ទូល​ ប្រកប​ដោយ​អំណាច​ខុស​ប្លែក​ពីពួក​ធម្មា​ចារ្យ*។‌​ ២៣នៅ​ពេល​នោះ​ ក្នុង​ធម្មសាលា*​មាន​បុរស​ម្នាក់​ ដែល​ខ្មោច​ចូល​  ស្រែក​ឡើង​ថា៖​ ២៤«ព្រះ​យេស៊ូ​ជា​អ្នក​ភូមិ​ណាសារ៉ែត​អើយ !​ តើ​ព្រះអង្គ​ចង់​ធ្វើអ្វី​យើង ?​ ‌ព្រះអង្គ​មក​បំផ្លាញ​យើង !​ ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ​ ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ​ ដែល​មកពី​ព្រះ​ជាម្ចាស់»។​ ២៥ព្រះ​យេស៊ូ​គំរាម​ខ្មោច​នោះ​ថា៖‌​ «ស្ងៀម !​ ចេញ​ពី​អ្នក​នេះ​ភ្លាម ! »។​ ២៦ខ្មោចក៏​ធ្វើឲ្យ​បុរស​នោះ​ដួល​ប្រកាច់​ប្រកិន‌​ ហើយ​វាចេញ​ទៅ​ទាំង​ស្រែក​យ៉ាង​ខ្លាំង​ផង។‌​ ២៧មនុស្ស​ម្នា​ទាំង​អស់​ភ័យ​ស្រឡាំង​កាំង​ គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ម្តេច​ក៏​អស្ចារ្យ​ម៉្លេះ !​ លោក​បង្រៀន​តាម​របៀប​ថ្មី​ប្រកប​ដោយ​អំណាច។​ លោក​បញ្ជា​ទៅ​ខ្មោច​ ហើយ​ខ្មោច​ក៏​ស្តាប់​បង្គាប់​លោក»។​ ២៨ព្រះ​កិត្តិ​នាម​របស់​ព្រះ​យេស៊ូ​ល្បី​ខ្ចរ​ខ្ចាយ​ ពាស​ពេញ​តំបន់​កាលី​ឡេ​ទាំង​មូល។

ព្រះយេស៊ូប្រោសអ្នកជំងឺជាច្រើនឲ្យបានជា
(ម៉ាថាយ  ៨,១៤-១៥​   លូកា  ៤,  ៣៨-៤១)
២៩ព្រះ​យេស៊ូ​និង​សាវ័ក*​‌នាំគ្នា​ចេញ​ពី​ធម្ម​សាលា​ទៅផ្ទះ​លោក​ស៊ីម៉ូន​និង​លោកអន់ដ្រេ​ លោកយ៉ាកុប‌​និង‌​លោកយ៉ូហាន​ ក៏ទៅជាមួយ​ដែរ។​ ៣០ម្តាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​កំពុង​តែ​គ្រុន​ សំរាន្ត​នៅ​លើ​គ្រែ។​ ពេល​ព្រះ​យេស៊ូ​យាង​ទៅ​ដល់​ គេទូល​ព្រះអង្គ​ភ្លាម​ថា​ គាត់​ឈឺ។​ ៣១ព្រះអង្គ​យាង​ចូល​ទៅ​ជិត‌​ចាប់​ដៃ​គាត់​ ឲ្យ​ក្រោក​ឡើង​  គាត់​ក៏​បាត់​គ្រុន​ ហើយ​បម្រើ​ភ្ញៀវ។

៣២លុះ​ដល់​ល្ងាច​ ‌​ក្រោយ​ពេល​ថ្ងៃ​លិច​‌​គេ​នាំ​អ្នក​ជំងឺ‌​និង​មនុស្ស​ខ្មោច​ចូល​ទាំង​អស់ ​មក​រក​ព្រះ​យេស៊ូ។​ ៣៣អ្នក​ក្រុង​ទាំង​ប៉ុន្មាន​មក​ផ្តុំគ្នា​នៅ​មាត់​ទ្វារ​ក្រុង។​ ៣៤ព្រះ​យេស៊ូ​ប្រោស​មនុស្ស​ជាច្រើន​នាក់‌​ដែល​មាន​ជំងឺ​ផ្សេងៗ​ ឲ្យ​បាន​ជា​សះ​ស្បើយ​ ហើយ​ព្រះអង្គ​ដេញ​ខ្មោច​ជាច្រើន​ ចេញ​ពី​មនុស្ស​ផង​ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​ខ្មោច​និយាយ​ ជា​ដាច់​ខាត​ ពីព្រោះ​ពួក​វា​ដឹង​ឋានៈ​របស់​ព្រះ​អង្គ។

ព្រះយេស៊ូយាងចាកចេញពីក្រុងកាផានុម
(ម៉ាថាយ  ៤,  ២៣ ;    លូកា  ៤,  ៤១-៤៤‌)
៣៥ព្រឹក​ឡើង‌​ កាល​ងងឹត​នៅ​ឡើយ​​ ‌ព្រះ​យេស៊ូ​តើន​ឡើង​ ‌ទ្រង់​យាង​ចេញ​ពីផ្ទះ​ ទៅ​កន្លែង​មួយ​ស្ងាត់ ​ហើយ​អធិស្ឋាន*​នៅទី​នោះ។​ ៣៦លោក​ស៊ីម៉ូន   និង  អ្នក​ដែល​នៅ​ជាមួយ​គាត់​ នាំគ្នា​តាម​រក​ព្រះអង្គ។​ ៣៧លុះ​បាន​ជួប​ហើយ​ គេ​ទូល​ថា៖​ ‌«គេខំ​ស្វែង​រក​លោក​គ្រប់ៗ​គ្នា»។​ ៣៨ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​តប​ទៅ​គេ​ថា៖​ «យើង​ត្រូវ​នាំគ្នា​ទៅ​ភូមិ​ឯទៀតៗ ដែល​នៅ​ជិត​នេះ​ ខ្ញុំត្រូវ​ប្រកាស​ដំណឹង​ល្អ*​នៅទី​នោះ​ដែរ​ ដ្បិត​ខ្ញុំចេញ​មក​ ដើម្បី​បំពេញ​ការនេះ​ឯង»។

៣៩ព្រះអង្គ​យាង​ទៅ​គ្រប់​ទី​កន្លែង​ ក្នុង​ស្រុក​កាលីឡេ​ ‌ហើយ​ប្រកាស​ដំណឹង​ល្អ*​ នៅ​តាម​ធម្ម​សាលា*​ទាំង​ឡាយ​ ‌ព្រម​ទាំង​ដេញ​ខ្មោច​ចេញ​ពី​មនុស្ស​ផង។

ព្រះយេស៊ូប្រោសមនុស្សឃ្លង់ម្នាក់ឲ្យជា
(ម៉ាថាយ  ៨,  ១-៤ ; ‌  លូកា  ៥,  ១២-១៦)
៤០មាន​មនុស្ស​ឃ្លង់​ម្នាក់​ ចូល​មក​រក​ព្រះយេស៊ូ‌​ គាត់​លុត​ជង្គង់​ទូល​អង្វរ​ព្រះអង្គ​ថា៖​ «ប្រសិន​បើ​លោក​មិន​យល់​ទាស់​ទេ សូម​ប្រោស​ខ្ញុំប្របាទ​ឲ្យ​បាន​ជា​ស្អាត​បរិសុទ្ធ*​ផង»។​ ៤១ព្រះ យេស៊ូ​មាន​ព្រះ​ហប្ញ​ទ័យ​អាណិត​អាសូរ​គាត់​ ពន់​ពេក​ណាស់​ព្រះអង្គ​ក៏លូក​ព្រះហស្ត​ទៅ​ពាល់​គាត់​ ទាំង​មាន​ព្រះ​បន្ទូល​ថា៖‌​«ខ្ញុំយល់​ព្រម​ហើយ​ ចូរឲ្យ​បាន​ជា​ស្អាត​បរិសុទ្ធ​ចុះ ! »។​ ៤២មនុស្ស​ឃ្លង់​ក៏បាន​ជាស្អាត​បរិសុទ្ធ​ភ្លាម។‌​៤៣បន្ទាប់​មក​ ព្រះ​យេស៊ូ​ដេញ​គាត់​ឲ្យ​ចេញ​ទៅ​ភ្លាម​ ទាំង​មាន​ព្រះ​បន្ទូល​យ៉ាង​តឹង​រឹង​ថា៖​ ៤៤«ចូរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន​កុំ​និយាយ​ហេតុ​ការណ៍​នេះ​ប្រាប់​ឲ្យ​នរណា​ដឹង​ឡើយ !​ ផ្ទុយ​ទៅ​វិញ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​លោក​បូជា​ចារ្យ*​រួច​ថ្វាយ​តង្វាយ​ ដូច​លោក​ម៉ូសេ*​បាន​បង្គាប់​ទុក‌​ ដើម្បី​ជា​សក្ខី​ភាព​បញ្ជាក់​ថា អ្នក​បាន​ជា​ស្អាត​បរិសុទ្ធ​មែន»។​ ៤៥ប៉ុន្តែ‌​បុរស​នោះ​ចេញ​ទៅ‌​ប្រកាស​ និង​​ផ្សព្វ​ផ្សាយ​រឿង​នេះ​នៅ​គ្រប់​កន្លែង​ឲ្យគេ​ដឹង។​ ហេតុ​នេះ​ហើយ​បានជា​ព្រះ​យេស៊ូ​មិន​អាច​យាង​ចូល​ទីក្រុង​ ដូច​ពី​មុន​បាន​ទៀត​ឡើយ​​គឺ​ព្រះអង្គ​គង់នៅ​តែ​ខាង​ក្រៅ​ទីក្រុង​ ត្រង់​កន្លែង​ស្ងាត់ៗ​​‌ហើយ​មាន​មនុស្ស​ពី​គ្រប់​ទិសទី  នាំគ្នា​មក​គាល់​ព្រះអង្គ។