ដំណឹង‌ល្អ​រៀប‌រៀង​ដោយ  លោក​ម៉ាកុស

ពាក្យ​លំនាំ

លោក​ម៉ាកុស​ពុំ​មែន​ជា​គ្រីស្ត‌ទូត​ទេ តែ​លោក​ធ្លាប់​បាន​ប្រកាស​ផ្សាយ​ដំណឹង‌ល្អ​អំពី​ព្រះ‌យេស៊ូរួម​ជា​មួយ​គ្រីស្ត‌ទូត​ប៉ូល និង​គ្រីស្ត‌ទូត​សិលា។ លោក​បាន​ឮ​គ្រីស្ត‌ទូត​សិលា​រ៉ាយ‌រ៉ាប់​អំពី​កិច្ច‌ការ​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ និង​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​ថ្លែង ហើយ​លោក​ក៏​បាន​តែង​កណ្ឌ​គម្ពីរ​នេះ ក្រោម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់។

លោក​ម៉ាកុស​បាន​រៀប‌រៀង​គម្ពីរ​ដំណឹង‌ល្អ​នេះ​មុន​គេ គឺ​ប្រហែល​ជា​នៅ​ចន្លោះ​ឆ្នាំ ៦៥-៧០ នៃ​គ្រិស្ដ​សករាជ ប្រមាណ​ជា​សាម‌សិប​ឆ្នាំ​ក្រោយ​ព្រះ‌យេស៊ូ​សោយ​ទិវង្គត។

គោល​បំណង​លោក​ម៉ាកុស

លោក​ម៉ាកុស​បាន​តែង​កណ្ឌ​គម្ពីរ​នេះសម្រាប់​ឲ្យ​គ្រិស្ដ‌បរិស័ទ ដែល​រស់​នៅ​ក្រៅ​ប្រទេស​អ៊ីស្រា‌អែល​អាន។ លោក​មាន​បំណង​ពន្យល់​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌មែស្ស៊ី គឺ​ពិត​ជា​ព្រះ‌គ្រិស្ដ ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​ទន្ទឹង​រង់‌ចាំ មក​រំដោះ​ពួក​គេ។

លោក​មាន​បំណង​ពន្យល់​ទៀត​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌បុត្រាដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់។ ក្នុង​កណ្ឌ​គម្ពីរ​នេះ ព្រះ‌យេស៊ូ​ប្រកាស​ថា “ព្រះ‌រាជ្យ​របស់​ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​ជិត​អ្នក​រាល់​គ្នា​ហើយ”។ ព្រះ‌អង្គ​ក៏​ធ្វើ​ការ​អស្ចារ្យ​ផ្សេងៗ ដើម្បី​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ព្រះ‌រាជ្យ​នោះ​មក​ដល់​ហើយ គឺ​ព្រះ‌អង្គ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​សះ‌ស្បើយ ដេញ​ខ្មោច​ចេញ​ពី​មនុស្ស និង​ប្រៀន‌ប្រដៅ​អ្នក​ស្រុក​ក្នុង​ឋានៈ​ជា​អ្នក​មាន​អំណាច។ ប៉ុន្តែ ព្រះ‌យេស៊ូ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​ប្រជា‌ជន​ស្គាល់​ឋានៈ​របស់​ព្រះ‌អង្គ​ភ្លាមៗ​ទេ ក្រែង​ពួក​គេ​យល់​ច្រឡំ ព្រះ‌អង្គ​តែង​មាន​ព្រះ‌បន្ទូល​ហាម‌ប្រាម​អស់​អ្នក​ដែល​ស្គាល់​ឋានៈ​របស់​ព្រះ‌អង្គ មិន​ឲ្យ​ប្រាប់​នរណា​ដឹង​ឡើយ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ក្នុង​បំណង​ចង់​ឲ្យ​ប្រជា‌ជន​យល់​ថា ទោះ​បី​ព្រះ‌អង្គ​ពិត​ជា​ព្រះ‌គ្រិស្ដ និង​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់​ក៏​ដោយ ក៏​ព្រះ‌អង្គ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​សោយ​ទិវង្គត​ទៀត​ផង។ ចំពោះ​គ្រិស្ដ‌បរិស័ទ​វិញ ត្រូវ​យល់​ថា ទោះ​បី​ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ​រួច​ហើយ​ក៏​ដោយ ក៏​គេ​ត្រូវ​តែ​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។

លោក​ម៉ាកុស​ធ្វើ​ឲ្យ​អ្នក​អាន​កណ្ឌ​គម្ពីរ​នេះ​នឹក​ឆ្ងល់​ក្នុង​ចិត្ត​ថា៖ «តើ​ព្រះ‌យេស៊ូ​មាន​ឋានៈ​អ្វីបាន​ជា​ព្រះ‌អង្គ​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ​កើត?»។ ពេល​យើង​អាន​កណ្ឌ​គម្ពីរ​នេះ​ចប់​សព្វ​គ្រប់​ហើយ យើង​មុខ​ជា​យល់​ឃើញ​ថា៖ «ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់​មែន!»។

គម្រោង​របស់​គម្ពីរ​ម៉ាកុសៈ

  • សេចក្ដី​ប្រកាស​របស់​លោក​យ៉ូហាន‌បាទីស្ដ (១.១-៨)
  • ព្រះ‌យេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក និង​ឈ្នះ​ការ​ល្បួង (១.៩-១៣)
  • ព្រះ‌យេស៊ូ​នៅ​ស្រុក​កាលី‌ឡេ (១.១៤‑៩.៥០)
  • ព្រះ‌យេស៊ូ​យាង​ពី​ស្រុក​កាលី‌ឡេ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សា‌ឡឹម (១០.១-៥២)
  • សប្តាហ៍​ដែល​ព្រះ‌យេស៊ូ​ត្រូវ​គេ​ចាប់​យក​ទៅ​ធ្វើ​ទោស និង​សោយ​ទិវង្គត (១១.១‑១៥.៤៧)
  • ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ (១៦.១-៨)
  • ព្រះ‌យេស៊ូ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សាវ័ក​ឃើញ (១៦.៩-២០)
សន្ត ម៉ាកុស ទំព័រមុខ