លេវីវិន័យ (១២)

ពិធី​ជំរះ​កាយ​ស្ត្រី​ក្រោយ​ពេល​ឆ្លង​ទន្លេ
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ ២ «ចូរ ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: ប្រសិន​បើ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស នោះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ដូច​ពេល​នាង​មាន​រដូវ​ដែរ។ ៣ នៅ​ថ្ងៃ​ទី​ប្រាំបី គេ​ត្រូវ​ធ្វើ​ពិធី​កាត់​ស្បែក អោយ​កូន​ប្រុស​នោះ។ ៤ បន្ទាប់​មក នាង​ត្រូវ​រង់ចាំ​អស់​រយៈ​ពេល​សាមសិប​បី​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ជំរះ​កាយ​ដោយសារ​ការ​ធ្លាក់​ឈាម ក្នុង​ឱកាស​ដែល​នាង​សំរាល​កូន។ ក្នុង​អំឡុង​ពេល​នោះ នាង​មិន​ត្រូវ​ប៉ះពាល់​អ្វី​ដែល​វិសុទ្ធ ឬ​ចូល​ទៅ​ក្នុង​ទីសក្ការៈ​ឡើយ រហូត​ទាល់​តែ​ផុត​ពេល​កំណត់​នៃ​ពិធី​ជំរះ​កាយ​អោយ​បរិសុទ្ធ។ ៥ ប្រសិន​បើ​នាង​សំរាល​បាន​ កូន​ស្រី នោះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍ ដូច​ពេល​ដែល​នាង​មាន​រដូវ​ដែរ។ បន្ទាប់​មក នាង​ត្រូវ​រង់ចាំ​អស់​រយៈ​ពេល​ហុកសិប​ប្រាំ​មួយ​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ជំរះ​កាយ ដោយសារ​ការ​ធ្លាក់​ឈាម​ក្នុង​ឱកាស​សំរាល​កូន។ ៦ លុះ​ផុត​ពេល​កំណត់​ដែល​ នាង​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​បរិសុទ្ធ ព្រោះ​តែ​ការ​សំរាល​កូន​ប្រុស ឬ​កូន​ស្រី​របស់​ខ្លួន​ហើយ នោះ​នាង​ត្រូវ​ទៅ​ជួប​បូជាចារ្យ នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់ ដោយ​នាំ​កូន​ចៀម​អាយុ​មួយ​ខួប សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​ព្រាប​ជំទើរ​មួយ ឬ​លលក​មួយ​ សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប។ ៧ បូ​ជាចារ្យ​ថ្វាយ​សត្វ​ទាំង​នេះ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ រួច​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​នាង​រួច​ពី​បាប។ ដូច្នេះ នាង​បាន​បរិសុទ្ធ​រួច​ពី​ភាព​សៅហ្មង ដោយសារ​ការ​ធ្លាក់​ឈាម នៅ​ពេល​សំរាល​កូន។ នេះ​ជា​វិន័យ​សំរាប់​ស្ត្រី​ដែល​សំរាល​កូន​ប្រុស ឬ​កូន​ស្រី។

 ប្រសិន​បើ ​នាង​គ្មាន​លទ្ធភាព​ថ្វាយ​កូន​ចៀម​ទេ នោះ​នាង​អាច​នាំ​យក​លលក​មួយ​គូ ឬ​ព្រាប​ជំទើរ​មួយ​គូ គឺ​មួយ​សំរាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​មួយ​ទៀត​សំរាប់​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប។ ក្រោយ​ពី​បូជាចារ្យ​ធ្វើ​ពិធី​ជំរះ​កាយ​អោយ​នាង​រួច​ហើយ នាង​នឹង​បាន​បរិសុទ្ធ​វិញ»។