មាតិកា

លោកយ៉ូស៊ូអា
(យ៉ូស្វេ)
ពាក្យលំនាំ

គម្ពីរ  «យ៉ូស៊ូអា»រៀបរាប់អំពីលោកយ៉ូស៊ូអា​ដឹកនាំ​ជនជាតិ​អ៊ីស្រាអែល​វាយដណ្តើម​យក​ស្រុក​កាណាន​ព្រមទាំងការបែងចែក ទឹកដី រវាងកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល។​យើងអាចបែងចែកក័ណ្ឌគម្ពីរ​នេះជាបីផ្នែក  :

•ការវាយដណ្តើមយកស្រុកកាណាន  (១  -  ១២)
•ការបែងចែកទឹកដី  (១៣  -  ២១)
•ដំណាក់កាលចុងក្រោយនៃជីវិតរបស់លោកយ៉ូស៊ូអា  (២២  -  ២៤)

ព្រះជាម្ចាស់ប្រទានទឹកដីស្រុកកាណានអោយប្រជាជនអ៊ីស្រាអែលដូច្នេះ  ​ដើម្បីសំរេចតាមព្រះបន្ទូល​ដែលព្រះអង្គបានសន្យា ជា មួយបុព្វបុរសរបស់ពួកគេ។ ​ក្នុងដំណើររឿងដែលបរិយាយអំពីទំនាក់ទំនង​រវាងព្រះជាម្ចាស់​និង​ជនជាតិអ៊ីស្រាអែល​ការវាយយកស្រុក កាណានមានសារៈសំខាន់ដូចការចាកចេញ​ពីស្រុកអេស៊ីបដែរ  ​គឺ   ព្រះជាម្ចាស់ជួយប្រជារាស្ត្ររបស់ព្រះអង្គអោយមានជ័យជំនះ​ក្នុងការ ចាប់យកទឹក​ដី  ​ដូចព្រះអង្គបានជួយពួកគេអោយរួចពីកណ្តាប់ដៃរបស់ស្តេចផារ៉ោន។

ការបែងចែកទឹកដីអោយកុលសម្ព័ន្ធនីមួយៗ   ​បង្ហាញនូវព្រះហប្ញទ័យរបស់ព្រះជាម្ចាស់​ដែលចង់អោយ​ជនជាតិអ៊ីស្រាអែល​គ្រប់ៗ​រូបមានទឹកដីជាចំណែកមត៌ករបស់ខ្លួន  ដើម្បីរកស៊ីចិញ្ចឹមជីវិត។   ​គោលគំនិត​នេះជួយយើងអោយយល់អំពីការរៀបរាប់យ៉ាងលំអិត​នូវ​ឈ្មោះ​​ក្រុង  ​និង  ​ស្រុកភូមិផ្សេងៗ​ជាពិសេស​នៅ  ចំពូក  ១៣​,១៥​,១៦​។

ក្នុងដំណើររឿងអំពីការវាយយកស្រុកកាណាន   ​ក័ណ្ឌគម្ពីរយ៉ូស៊ូអារំលឹកយើងអំពីព្រះហប្ញទ័យស្មោះ​ត្រង់របស់ព្រះជាម្ចាស់​ចំពោះ​ព្រះ​បន្ទូលសន្យារបស់ព្រះអង្គ  ​ហើយព្រះអង្គសព្វព្រះហប្ញទ័យអោយប្រជា​រាស្ត្ររបស់ព្រះអង្គសំដែងទឹកចិត្តស្មោះត្រង់ឆ្លើយតបវិញដែរ។​

ជនជាតិអ៊ីស្រាអែលតាំងទីលំនៅក្នុងចំណោមជាតិសាសន៍នានា ដូច្នេះ​អាចក្លាយទៅជាការល្បួងម៉្យាង​ដែលនាំអោយពួកគេ​បែក​ចិត្ត​​ចេញពីព្រះជាម្ចាស់។  ​ហេតុនេះហើយបានជាលោកយ៉ូស៊ូអាកោះហៅប្រជា​ជនអោយជួបជុំគ្នានៅស៊ីគែម  (ចំពូក  ២៤) ​ដើម្បីប្តេជ្ញាចិត្ត​បញ្ជាក់នូវសម្ពន្ធមេត្រីដែលព្រះជាម្ចាស់បាន​ចងជាមួយបុព្វបុរសរបស់ពួកគេ ​គឺប្រជាជនត្រូវសំរេចចិត្តគោរពបំរើតែព្រះអម្ចាស់មួយអង្គ​ប៉ុណ្ណោះ។

ក័ណ្ឌគម្ពីរនេះចាប់ផ្តើមទំព័រថ្មីនៃប្រវត្តិសាស្ត្ររបស់ជនជាតិអ៊ីស្រាអែល  និង  ទឹកដីរបស់ខ្លួន។  ​ ពួកគេ​អាចរក្សាទឹកដីនេះគង់វង្ស ​  ឬ ​ បាត់បង់ទៅវិញ  ​អាស្រ័យលើភាពស្មោះត្រង់  ឬ  មិនស្មោះត្រង់របស់ពួកគេ​លើព្រះរបស់ខ្លួន។