ព្យាការីយ៉ូណាស (០២)

លោកយ៉ូណាសនៅក្នុងពោះត្រី
១ ពេលនោះ ព្រះអម្ចាស់ចាត់ត្រីមួយយ៉ាងធំអោយមកលេបលោកយ៉ូណាស លោកក៏ស្ថិតនៅក្នុងពោះត្រីនោះអស់រយៈពេលបីថ្ងៃបីយប់។ ២ នៅក្នុងពោះត្រី លោកអង្វរព្រះអម្ចាស់ជាព្រះរបស់លោក។ ៣ លោកពោលថា៖
«ពេលទូលបង្គំមានអាសន្ន
ទូលបង្គំអង្វររកព្រះអម្ចាស់
ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំវិញ។
នៅក្នុងស្ថានមច្ចុរាជ
ទូលបង្គំស្រែកហៅព្រះអង្គជួយ
ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យរបស់ទូលបង្គំ។
៤ ព្រះអង្គបោះទូលបង្គំមកក្នុងបាតសមុទ្រ
ដ៏សែនជ្រៅ
ទឹកមករួបរឹតជុំវិញខ្លួនប្រាណទូលបង្គំ។
ព្រះអង្គក៏បញ្ជាអោយទឹករលកហូរបក់បោក
មកលើទូលបង្គំដែរ។
៥ ទូលបង្គំគិតថា ព្រះអង្គបានដេញទូលបង្គំចេញ
ឆ្ងាយពីព្រះភក្ត្ររបស់ព្រះអង្គហើយ
ប៉ុន្តែ ទូលបង្គំនៅតែសម្លឹងឆ្ពោះទៅរក
ព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គតទៅទៀត។
៦ ទឹកសមុទ្របានឡើងដល់ច្រមុះទូលបង្គំ
សេចក្ដីអន្តរាយមករួបរឹតទូលបង្គំ
មានសារាយមករុំព័ទ្ធក្បាលទូលបង្គំដែរ។
៧ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំបានចុះទៅដល់គ្រឹះនៃភ្នំទាំងឡាយ
ទូលបង្គំជាប់ឃុំក្នុងស្ថានមច្ចុរាជរហូត
តែព្រះអង្គបានលើកទូលបង្គំឡើងពីរណ្ដៅ
ហើយប្រទានអោយទូលបង្គំមានជីវិត។
៨ ពេលទូលបង្គំស្រយុតចិត្តយ៉ាងខ្លាំងនោះ
ទូលបង្គំនឹកដល់ព្រះអម្ចាស់
ហើយពាក្យអង្វររបស់ទូលបង្គំ
ក៏បានឮទៅដល់ព្រះអង្គ
ឮដល់ព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។
៩ សូមអស់អ្នកដែលវង្វេងទៅតាមព្រះក្លែងក្លាយ
លែងគោរពបំរើព្រះទាំងនោះទៅ!
១០ រីឯទូលបង្គំវិញ
ទូលបង្គំនឹងយកយញ្ញបូជា
មកថ្វាយព្រះអង្គ
ទាំងច្រៀងអរព្រះគុណព្រះអង្គផង។
ទូលបង្គំនឹងថ្វាយតង្វាយ
ស្របតាមពាក្យដែលទូលបង្គំបានបន់
ដ្បិតមានតែព្រះអម្ចាស់ទេ
ដែលសង្គ្រោះទូលបង្គំ»។
១១ ពេលនោះ ព្រះអម្ចាស់ បញ្ជាអោយត្រី ខ្ជាក់លោកយ៉ូណាសចេញទៅលើគោក។