អត្ថបទ យ៉ូហាន (២១)

ព្រះ‌យេស៊ូ​បង្ហាញ​ព្រះ‌អង្គ​ឲ្យ​ពួក​សាវ័ក​ឃើញ​នៅ​ជិត​មាត់​សមុទ្រ​ទីបេរី‌យ៉ាដ
1 ក្រោយ​មក ព្រះ‌យេស៊ូ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សាវ័ក​ឃើញ​ម្ដង​ទៀត នៅ​មាត់​សមុទ្រ​ទីបេរី‌យ៉ាដ គឺ​ព្រះ‌អង្គ​បង្ហាញ​ឲ្យ​គេ​ឃើញ​ដូច​ត​ទៅ៖

2 លោក​ស៊ីម៉ូន‌ស៊ីម៉ូន‌សិលា លោក​ថូម៉ាស​ហៅ​ឌីឌីម លោក​ណាថា‌ណាអែលពី​ភូមិ​កាណា​ក្នុង​ស្រុក​កាលី‌ឡេ កូន​ទាំង​ពីរ​របស់​លោក​សេ‌បេដេ និង​សាវ័ក​របស់​ព្រះ‌យេស៊ូ​ពីរ​នាក់​ទៀត​នៅ​ជុំ​គ្នា។ 3 លោក​ស៊ីម៉ូន‌ស៊ីម៉ូន‌សិលា​និយាយ​ទៅ​កាន់​សាវ័ក​ឯ​ទៀតៗ​ថា៖ «ខ្ញុំ​ទៅ​រក​ត្រី»។ គេ​ពោល​តប​មក​គាត់​វិញ​ថា៖ «យើង​ទៅ​ជា​មួយ​ដែរ»។ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​ចុះ​ទូក​ទាំង​អស់​គ្នា ប៉ុន្តែ នៅ​យប់​នោះ គេ​ឥត​បាន​ត្រី​សោះ។ 4 ព្រលឹម​ឡើង ព្រះ‌យេស៊ូ​ឈរ​នៅ​មាត់​ច្រាំង ប៉ុន្តែ ពួក​សាវ័ក​មិន​ដឹង​ថា​ជា​ព្រះ‌អង្គ​ទេ។ 5 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «កូន​ចៅ​អើយ! មាន​អ្វី​បរិភោគ​ឬ​ទេ?»។ គេ​ទូល​ព្រះ‌អង្គ​ថា៖ «គ្មាន​ទេ»។ 6 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ទម្លាក់​អួន​ខាង​ស្ដាំ​ទូក​ទៅ មុខ​ជា​បាន​ត្រី​មិន​ខាន»។ គេ​ក៏​ទម្លាក់​អួន ហើយ​ពុំ​អាច​លើក​អួន​ឡើង​វិញ​បាន​ឡើយ ព្រោះ​មាន​ត្រី​ច្រើន​ពេក។ 7 ពេល​នោះ សាវ័ក​ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់ និយាយ​ទៅ​លោក​សិលា​ថា៖ «ព្រះ‌អម្ចាស់​ទេ​តើ!»។ កាល​លោក​ស៊ីម៉ូន‌ស៊ីម៉ូន‌សិលា​ឮ​ថា ព្រះ‌អម្ចាស់​ដូច្នេះ គាត់​ក៏​ស្លៀក‌ពាក់ ដ្បិត​គាត់​នៅ​ខ្លួន​ទទេ រួច​លោត​ទៅ​ក្នុង​ទឹក។ 8 សាវ័ក​ឯ​ទៀតៗ​នាំ​គ្នា​ចូល​ទូក​ទៅ​មាត់​ច្រាំង ទាំង​ទាញ​អួន​ដែល​មាន​ត្រី​ពេញ​ទៅ​ជា​មួយ​ផង ព្រោះ​គេ​មិន​នៅ​ឆ្ងាយ​ពី​ច្រាំង​ប៉ុន្មាន​ទេ គឺ​ប្រមាណ​ជា​ពីរ‌រយ​ហត្ថ​ប៉ុណ្ណោះ។ 9 គេ​ឡើង​ទៅ​លើ​គោក​ឃើញ​រងើក​ភ្លើង មាន​ដាក់​ត្រី និង​នំបុ័ង​អាំង​ពី​លើ​ផង។ 10 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សុំ​យក​ត្រី​ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​ចាប់​បាន​មក​ណេះ!»។ 11 លោក​ស៊ីម៉ូន‌ស៊ីម៉ូន‌សិលា​ចុះ​ទៅ​ក្នុង​ទូក ទាញ​អួន​ដែល​មាន​ត្រី​ពេញ​មក​ដាក់​លើ​គោក គឺ​មាន​ត្រី​ធំៗ​ចំនួន​មួយ‌រយ​ហា‌សិប​បី។ ទោះ​បី​មាន​ត្រី​ច្រើន​យ៉ាង​នេះ​ក៏​ដោយ ក៏​អួន​មិន​ធ្លាយ​ដែរ។ 12 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នាំ​គ្នា​មក​បរិភោគ​ទៅ»។ គ្មាន​សាវ័ក​ណា​ម្នាក់​ហ៊ាន​សួរ​ព្រះ‌អង្គ​ថា “លោក​ជា​នរណា”ឡើយ ដ្បិត​គេ​ដឹង​ថា​ជា​ព្រះ‌អម្ចាស់​ទាំង​អស់​គ្នា។ 13 ព្រះ‌យេស៊ូ​យាង​ទៅ​ជិត​ពួក​គេ ទ្រង់​យក​នំបុ័ង​មក​ប្រទាន​ឲ្យ​គេ ហើយ​យក​ត្រី​មក​ប្រទាន​ឲ្យ​គេ​ដែរ។

14 តាំង​ពី​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មក នេះ​ជា​លើក​ទី​បី​ហើយ ដែល​ព្រះ‌យេស៊ូ​សម្ដែង​ព្រះ‌អង្គ​ឲ្យ​ពួក​សាវ័ក​ឃើញ។

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ផ្ដាំ​លោក​សិលា
15 លុះ​គេ​បាន​បរិភោគ​រួច​រាល់​ហើយ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​លោក​ស៊ីម៉ូន‌ស៊ីម៉ូន‌សិលា​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ ជាង​អ្នក​ទាំង​នេះ​ស្រឡាញ់​ខ្ញុំ​ឬ?»។ គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះ‌អង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែ‌រក្សា​កូន​ចៀម​របស់​ខ្ញុំ​ផង!»។ 16 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ជា​លើក​ទី​ពីរ​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?»។ លោក​សិលា​ទូល​ថា៖ «ក្រាប​ទូល​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ជ្រាប​ស្រាប់​ហើយ​ថា​ទូលបង្គំ​ស្រឡាញ់​ព្រះ‌អង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!»។ 17 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​លោក​យ៉ូហាន​អើយ! តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ»។ លោក​សិលា​ព្រួយ​ចិត្ត​ណាស់ ព្រោះ​ព្រះ‌អង្គ​សួរ​គាត់​ដល់​ទៅ​បី​លើក​ថា “អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ”​ដូច្នេះ។ លោក​ទូល​តប​ទៅ​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ជ្រាប​អ្វីៗ​សព្វ​គ្រប់​ទាំង​អស់ ព្រះ‌អង្គ​ជ្រាប​ស្រាប់​ហើយ​ថា ទូលបង្គំ​ស្រឡាញ់​ព្រះ‌អង្គ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង។ 18 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា កាល​អ្នក​នៅ​ក្មេង អ្នក​ក្រវាត់​ចង្កេះ​ខ្លួន​ឯង ហើយ​អ្នក​ទៅ​ណា​តាម​តែ​ចិត្ត​អ្នក​ចង់។ លុះ​ដល់​អ្នក​ចាស់ អ្នក​នឹង​លើក​ដៃ​ឡើង ហើយ​មាន​ម្នាក់​ទៀត​ក្រវាត់​ចង្កេះ​ឲ្យ​អ្នក ទាំង​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​មិន​ចង់​ទៅ​ថែម​ទៀត​ផង»។ 19 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ បង្ហាញ​អំពី​របៀប​ដែល​លោក​សិលា​ស្លាប់ ដើម្បី​សម្ដែង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!»។

ព្រះ‌យេស៊ូ និង​សាវ័ក​ដែល​ព្រះ‌អង្គ​ស្រឡាញ់
20 លោក​សិលា​ងាក​មើល​ក្រោយ​ឃើញ​សាវ័ក* ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់ ដើរ​តាម​មក​ដែរ។ សាវ័ក​នោះ​ហើយ ដែល​បាន​អោន​ទៅ​ជិត​ព្រះ‌ឱរា​របស់​ព្រះ‌យេស៊ូ​នៅ​ពេល​ជប់‌លៀង ហើយ​ទូល​សួរ​ព្រះ‌អង្គ​ថា “បពិត្រ​ព្រះ‌អម្ចាស់! តើ​នរណា​នាំ​គេ​មក​ចាប់​ព្រះ‌អង្គ?”។ 21 កាល​លោក​សិលា​ឃើញ​គាត់ លោក​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «ព្រះ‌អម្ចាស់​អើយ! រីឯ​អ្នក​នោះ​វិញ តើ​នឹង​មាន​កើត​អ្វី​ដល់​គាត់?»។ 22 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «ប្រសិន​បើ​ខ្ញុំ​ចង់​ឲ្យ​គាត់​មាន​ជីវិត​រស់​រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ តើ​នឹង​កើត​អំពល់​អ្វី​ដល់​អ្នក?។ 23 ឯ​អ្នក សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!»។ តាំង​ពី​ពេល​នោះ​មក មាន​លេច​ឮ​ពាក្យ​ក្នុង​ចំណោម​ពួក​បង‌ប្អូន​ថា សាវ័ក​នោះ​មិន​ត្រូវ​ស្លាប់​ទេ។ តាម​ពិត ព្រះ‌យេស៊ូ​ពុំ​បាន​ប្រាប់​លោក​សិលា​ថា សាវ័ក​នោះ​មិន​ត្រូវ​ស្លាប់​ឡើយ ព្រះ‌អង្គ​គ្រាន់​តែ​មាន​ព្រះ‌បន្ទូល​ថា “ប្រសិន​បើ​ខ្ញុំ​ចង់​ឲ្យ​គាត់​មាន​ជីវិត​រស់​រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ តើ​នឹង​កើត​អំពល់​អ្វី​ដល់​អ្នក?”។

អវសាន​កថា
24 សាវ័ក*​នោះ​ហើយ ដែល​បាន​ផ្ដល់​សក្ខី‌ភាពអំពី​ហេតុ‌ការណ៍​ទាំង​អស់​នេះ ព្រម​ទាំង​បាន​កត់‌ត្រា​ទុក​មក​ផង។ យើង​ដឹង​ថា​សក្ខី‌ភាព​របស់​គាត់​ពិត​ជា​ត្រឹម​ត្រូវ​មែន។ 25 ព្រះ‌យេស៊ូ​បាន​ធ្វើ​កិច្ច‌ការ​ឯ​ទៀតៗ​ជា​ច្រើន។ ប្រសិន​បើ​មាន​គេ​កត់‌ត្រា​ហេតុ‌ការណ៍​ទាំង​នោះ​ឲ្យ​បាន​ល្អិត‌ល្អន់ ខ្ញុំ​យល់​ថា ពិភព‌លោក​នេះ​ពុំ​អាច​នឹង​មាន​កន្លែង​ល្មមសម្រាប់​ទុក​សៀវភៅ ដែល​គេ​កត់‌ត្រា​នោះ​បាន​ឡើយ។