ព្យាការីយ៉ូអែល (០៣)

ព្រះអម្ចាស់ចាក់បង្ហូរព្រះវិញ្ញាណលើមនុស្សទាំងអស់
១(២.២៨) ព្រះអម្ចាស់មានព្រះបន្ទូលថា:
ក្រោយមកទៀត
យើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើង
មកលើមនុស្សលោកទាំងអស់។
កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា
នឹងថ្លែងព្រះបន្ទូល
ពួកចាស់ទុំរបស់អ្នករាល់គ្នានឹងយល់សុបិននិមិត្ត
ហើយពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ។
២(២៩) ក្រោយមកសូម្បីតែអ្នកបំរើប្រុសស្រី
ក៏យើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើង
ទៅលើពួកគេដែរ។
៣(៣០) យើងនឹងសំដែងឫទ្ធិបាដិហារិយ៍
នៅលើមេឃ និងនៅលើផែនដី
គឺមានឈាម មានភ្លើង និងកំសួលផ្សែង។
៤(៣១) ពេលថ្ងៃរបស់ព្រះអម្ចាស់មកដល់
គឺជាថ្ងៃដ៏ឧត្ដុង្គឧត្ដម គួរអោយស្ញែងខ្លាច
ព្រះអាទិត្យនឹងប្រែទៅជាងងឹតបាត់រស្មី
ព្រះច័ន្ទនឹងប្រែទៅជាឈាម។
៥(៣២) ពេលនោះ អ្នកណាអង្វររកព្រះនាម
ព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ។
នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម
អ្នកខ្លះនឹងគេចផុតពីមហន្តរាយ
ដូចព្រះអម្ចាស់បានសន្យាទុក។
អស់អ្នកដែលព្រះអម្ចាស់ត្រាស់ហៅ
នឹងស្ថិតនៅក្នុងចំណោមអ្នករួចជីវិតទាំងនោះ។