លោក​យ៉ូប (២៥)

ប្រសាសន៍លើកទីបីរបស់លោកប៊ីលដាដ:
អំណាចរបស់ព្រះជាម្ចាស់
១ លោកប៊ីលដាដជាអ្នកស្រុក
ស៊ូអា ពោលឡើងថា៖
២ «ព្រះជាម្ចាស់មានអំណាចគ្រប់គ្រង
ព្រះអង្គគួរអោយស្ញែងខ្លាច
ព្រះអង្គតាំងអោយមានសេចក្ដីសុខសាន្ត
នៅលើស្ថានដ៏ខ្ពស់បំផុត។
៣ គ្មាននរណាអាចរាប់ចំនួនកងពលរបស់ព្រះអង្គបានទេ
ពន្លឺរបស់ព្រះអង្គចាំងដល់មនុស្សគ្រប់ៗគ្នា។
៤ ដូច្នេះ តើមនុស្សអាចតវ៉ាថាខ្លួនសុចរិត
នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់បានឬ?
តើអ្នកដែលកើតចេញពីស្ត្រី
អះអាងថា ខ្លួនបរិសុទ្ធដូចម្ដេចកើត?
៥ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់
សូម្បីតែព្រះច័ន្ទក៏បាត់រស្មី
ហើយហ្វូងតារាក៏មិនភ្លឺទៅហើយ
៦ ចុះចំណង់បើមនុស្សដែលមិនខុសពីដង្កូវ
ហើយកូនមនុស្សដែលមិនខុសពីជន្លេន
តើគេរឹតតែអន់យ៉ាងណាទៅទៀត!»។