លោក​យ៉ូប (២២)

ប្រសាសន៍លើកទីបីរបស់លោកអេលីផាស:
លោកយ៉ូបពិតជាមានកំហុសមែន!
១ លោកអេលីផាស ជាអ្នកស្រុកតេម៉ន ពោលឡើងថា៖
២ «តើមនុស្សមានប្រយោជន៍អ្វី
សំរាប់ព្រះជាម្ចាស់? គ្មានទេ!
មនុស្សដែលមានសុភនិច្ឆ័យ នាំមកនូវ
ផលប្រយោជន៍សំរាប់តែខ្លួនឯងប៉ុណ្ណោះ!
៣ បើលោកសុចរិត
តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
សព្វព្រះហឫទ័យដែរឬ?
បើលោករស់នៅដោយទៀងត្រង់
តើព្រះអង្គបានចំណេញអ្វី?
៤ តើព្រះអង្គស្ដីបន្ទោសលោក
ហើយនាំលោកទៅវិនិច្ឆ័យទោស
មកពីលោកគោរពប្រណិប័តន៍ព្រះអង្គឬ?
៥ ទេ គឺមកពីអំពើអាក្រក់ដ៏ធំរបស់លោក
និងកំហុសដ៏ច្រើនឥតគណនារបស់លោក។
៦ លោកបានយករបស់បញ្ចាំ
ពីជនរួមជាតិរបស់លោកដោយឥតហេតុផល
ហើយរឹបអូសយកសម្លៀកបំពាក់ពីគេ
ទុកអោយនៅខ្លួនទទេ។
៧ លោកពុំបានផ្ដល់ទឹកទៅអោយអ្នកស្រេក
ហើយក៏ពុំបានផ្ដល់អាហារទៅ
អោយអ្នកឃ្លានដែរ។
៨ លោកប្រើអំណាចធ្វើជាម្ចាស់ទឹកដី
និងអោយបក្សពួករបស់លោកកាន់កាប់ទឹកដី។
៩ លោកបណ្ដេញស្ត្រីមេម៉ាយអោយចេញទៅ
ដោយដៃទទេ
ហើយរឹបអូសយកអ្វីៗទាំងអស់ពីក្មេងកំព្រា។
១០ ហេតុនេះហើយបានជាមានអន្ទាក់
ឡោមព័ទ្ធលោកគ្រប់ទិសទី
មហន្តរាយធ្លាក់មកលើលោកយ៉ាងទាន់ហន់។
១១ ភាពងងឹតគ្របពីលើលោក
ធ្វើអោយលោកមើលអ្វីមិនឃើញ
ទឹកក៏កំពុងតែជន់លិចលោកដែរ។
១២ ព្រះជាម្ចាស់គង់នៅស្ថានដ៏ខ្ពស់បំផុត
សូមមើលទៅផ្កាយមើល៍ តើខ្ពស់យ៉ាងណា!
១៣ លោកបែរជាពោលថា
“តើព្រះជាម្ចាស់ជ្រាបអ្វីខ្លះ
តើព្រះអង្គទតពពកដ៏ងងឹតធ្លុះដែរឬ?
១៤ ពេលព្រះអង្គយាងព័ទ្ធជុំវិញចក្រវាល
មានពពកដ៏ក្រាស់បាំងព្រះអង្គ
មិនអោយមើលឃើញអ្វីទាំងអស់”។
១៥ ហេតុអ្វីបានជាលោកចូលចិត្តដើរតាមផ្លូវចាស់
ជាផ្លូវដែលមនុស្សទុច្ចរិតធ្លាប់ដើរដូច្នេះ?
១៦ អ្នកទាំងនោះអន្តរាយមុនពេលកំណត់
ទឹកជន់ហូរនាំយកគ្រឹះរបស់គេបាត់ទៅ។
១៧ ពួកគេទូលព្រះជាម្ចាស់ថា
“សូមយាងចេញឆ្ងាយពីយើងខ្ញុំទៅ!
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតមិនអាច
ធ្វើអ្វីយើងខ្ញុំបានឡើយ”។
១៨ ក៏ប៉ុន្តែ គឺព្រះអង្គហើយដែលប្រទានអោយ
ពួកគេមានទ្រព្យសម្បត្តិពេញផ្ទះ។
ខ្ញុំមិនអាចទទួលយកដំបូន្មាន
របស់មនុស្សអាក្រក់បានទេ។
១៩ មនុស្សសុចរិត និងមនុស្សស្លូតត្រង់
ឃើញមនុស្សអាក្រក់វិនាស
គេនាំគ្នាសប្បាយរីករាយ
និងសើចចំអកអោយថា:
២០ “អ្នកដែលធ្លាប់តែប្រឆាំងនឹងពួកយើង
វិនាសសូន្យបាត់ទៅហើយ
អ្វីៗដែលគេរកបានក៏ត្រូវភ្លើងឆេះអស់ដែរ”។
២១ ដូច្នេះ សូមចុះសំរុងជាមួយព្រះជាម្ចាស់ទៅ
កុំចាត់ទុកព្រះអង្គជាបច្ចាមិត្តទៀតឡើយ
នោះព្រះអង្គនឹងប្រទានពរលោក។
២២ សូមទទួលយកដំបូន្មានរបស់ព្រះអង្គ
ហើយរក្សាព្រះបន្ទូលព្រះអង្គទុកនៅក្នុងចិត្ត។
២៣ ប្រសិនបើលោកវិលមករក
ព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត
នោះព្រះអង្គនឹងលើកលោកឡើងវិញ។
សូមដកអំពើទុច្ចរិតចេញឆ្ងាយ
ពីទីលំនៅរបស់លោក។
២៤ សូមយកដុំមាសរបស់លោកទៅបោះចោលក្នុងធូលីដី
សូមយកមាសដ៏ល្អបំផុតទៅបោះចោល
ក្នុងចំណោមដុំថ្មនៅតាមទឹកជ្រោះ
២៥ នោះព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត
នឹងទៅជាដុំមាស និងគំនរប្រាក់របស់លោក។
២៦ ព្រះដ៏មានឫទ្ធានុភាពដ៏ខ្ពង់ខ្ពស់បំផុត
នឹងប្រទានអោយលោកមានអំណរសប្បាយ
ហើយលោកងើបមុខសម្លឹងទៅរកព្រះអង្គ។
២៧ ពេលលោកទូលអង្វរព្រះអង្គ
ព្រះអង្គនឹងឆ្លើយតបមកលោកវិញ
ហើយលោកនឹងថ្វាយតង្វាយ
តាមពាក្យដែលលោកបន់។
២៨ ពេលលោកសំរេចចិត្តធ្វើការអ្វីមួយ
ការនោះនឹងកើតជារូបរាងឡើង
ផ្លូវដែលលោកដើរ តែងតែមានពន្លឺជានិច្ច។
២៩ ព្រះជាម្ចាស់ទម្លាក់មនុស្សមានអំនួត
តែព្រះអង្គសង្គ្រោះមនុស្សទន់ទាប។
៣០ សូម្បីតែមនុស្សមានទោសក៏ព្រះអង្គរំដោះដែរ
ដូច្នេះ ព្រះអង្គនឹងរំដោះលោក
តាមអំពើដ៏បរិសុទ្ធដែលលោកប្រព្រឹត្ត»។