មាតិកា

លិខិត​របស់​លោក​ប៉ូល​ផ្ញើ​ជូន
គ្រីស្ដ​បរិស័ទ​ជាតិ​ហេប្រឺ
ពាក្យលំនាំ

អ្នកតែងៈ លិខិតផ្ញើជូនគ្រីស្ដបរិស័ទជាតិហេប្រឺ មានលក្ខណៈប្លែកពីលិខិតឯទៀតៗ គឺមានលំនាំដូចជាសុន្ទរកថារបស់បណ្ឌិតខាង​វិន័យម្នាក់។ អ្នកតែងស្គាល់ព្រះគម្ពីរសម្ពន្ធមេត្រីចាស់យ៉ាងច្បាស់ ហើយពន្យល់តាមរបៀបបណ្ឌិតខាងវិន័យ។ អ្នកខ្លះសន្និដ្ឋានថា​ លោកប៉ូលជាអ្នកតែងលិខិតនេះ អ្នកខ្លះទៀតសន្និដ្ឋានថាលោកអប៉ូឡូស (កិច្ចការ ១៨.២៤-២៨) ជាអ្នកតែង ក៏ប៉ុន្ដែ យើងពុំដឹង​ពិតប្រាកដថានរណាបានសរសេរលិខិតនេះទេ ហើយក៏ពុំដឹងថា លិខិតនេះសរសេរផ្ញើទៅគ្រីស្ដបរិស័ទណាដែរ។ យើងគ្រាន់តែយល់​តាមរយៈលិខិតនេះថា អ្នកតែងចង់ដាស់តឿន​គ្រីស្ដបរិស័ទ​ជាតិយូដា ដែលបានប្រែចិត្ដជឿព្រះយេស៊ូគ្រីស្ដ។ ក្នុងចំណោម​បងប្អូន​ទាំងនោះ ប្រហែលជាមានបូជាចារ្យជាច្រើន ដែលធ្លាប់ធ្វើពិធីបុណ្យផ្សេងៗក្នុងព្រះវិហារនៅក្រុងយេរូសាឡឹមកាលពីមុន ហើយនៅ​អាឡោះអាល័យពិធីទាំងនោះដដែល។ មួយវិញទៀត ពួកគេអស់សង្ឃឹមដោយជួបនឹងទុក្​ខលំបាក​ព្រោះត្រូវជនរួមជាតិរបស់ខ្លួន​បៀតបៀន។

គោលសំខាន់ៗ
អ្នកតែងលិខិតនេះបានលើកយកគោលគំនិតរបស់សាសនាយូដា មកពន្យល់អំពីឋានៈរបស់ព្រះគ្រីស្ដដែលប្រសើរជាងលោក​ម៉ូសេ ព្រោះព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយប្រសើរជាងមហាបូជាចារ្យឯទៀតៗ ព្រោះព្រះអង្គជាព្រះមហាបូជា​ចារ្យ​ដែល​​អាចលោះបាបមនុស្សលោកមួយដងជាសូរេច។ ព្រះយេស៊ូក៏បានបូជាព្រះជន្មទុកជាយញ្ញបូជា ប្រសើរជាងយញ្ញបូជាដែលគេ​ថ្វាយក្នុងព្រះវិហារ ព្រោះព្រះអង្គនាំមនុស្សឲ្យចូលទៅជិតព្រះជាម្ចាស់ ហើយតែងតាំងសម្ពន្ធមេត្រីថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជា​និច្ច។

អ្នកតែងលិខិតនេះ ក៏បានដាស់តឿនគ្រីស្ដបរិស័ទឲ្យមានចិត្ដតស៊ូ ស្មោះត្រង់នឹងជំនឿ ដោយលើកយកអ្នកជឿពីជំនាន់ដើមធ្វើ​ជា​គំរូ។

គំរោងគម្ពីរហេប្រឺៈ

  • សេចក្ដីផ្ដើម ១.១-៣
  • ព្រះគ្រីស្ដប្រសើរជាងពួកទេវទូត ១.៤-២.១៨
  • ព្រះគ្រីស្ដប្រសើរជាងលោកម៉ូសេ និង លោកយ៉ូស៊ូអា ៣.១-៤.១៣
  • ព្រះគ្រីស្ដប្រសើរជាងមហាបូជាចារ្យ ៤.១៤-៧.២៨
  • ព្រះគ្រីស្ដប្រសើរជាងសម្ពន្ធមេត្រី ៨.១-៩.២៨
  • ព្រះគ្រីស្ដប្រសើរជាងយញ្ញបូជា ១០.១-៣៩
  • អំពីជំនឿ ១១.១-១២.២៩
  • ជីវិតស្របតាមព្រះជាម្ចាស់ ១៣.១-១៩
  • អវសានកថា ១៣.២០-២៥