កំណើតពិភពលោក (០៥)

បញ្ជី​រាយ​នាម​បុព្វបុរស ពី​លោក​អដាំ​ដល់​លោក​ណូអេ
 នេះ​ជា​បញ្ជី​រាយ​នាម​ក្រុម​គ្រួសារ​របស់​លោក​អដាំ:
នៅ​ថ្ងៃ​ដែល​ព្រះជាម្ចាស់​បង្កើត​មនុស្ស ព្រះអង្គ​បាន​បង្កើត​គេ​អោយ​មាន​លក្ខណៈ​ដូច​ព្រះជាម្ចាស់ ២ ព្រះអង្គ​បង្កើត​គេ​ជា​បុរស ជា​ស្ត្រី និង​ប្រទាន​ពរ​អោយ​គេ ហើយ​នៅ​ថ្ងៃ​ដែល​ព្រះ​អង្គ​បង្កើត​គេ​មក​នោះ ទ្រង់​ហៅ​គេ​ថា «មនុស្ស»។

 ពេល​លោក​អដាំ​មាន​អាយុ​មួយ​រយសាមសិប​ឆ្នាំ លោក​បង្កើត​​​​បាន​កូន​ប្រុស​មួយ មាន​លក្ខណៈ​ដូច​លោក និង​ជា​តំណាង​របស់​លោក ហើយ​ដាក់​ឈ្មោះ​ថា «សេថ»។ ក្រោយ​ពី​លោក​អដាំ​បង្កើត​លោក​សេថ​មក លោក​រស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។  លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​សាមសិប​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព។

 ពេល​លោក​សេថ​មាន​អាយុ​មួយ​រយហាសិប​ឆ្នាំ លោក​បង្កើត​​​​បាន​អេណុស។ ក្រោយ​ពី​បង្កើត​អេណុស​មក លោក​សេថ​រស់​បាន​ប្រាំ​បី​រយ​ប្រាំពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។  លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ដប់ពីរ​ឆ្នាំ។  ពេល​លោក​អេណុស​មាន​អាយុ​កៅសិប​ឆ្នាំ លោក​បង្កើត​បាន​កេណន។ ១០ ក្រោយ​ពី​បង្កើតកេណន​មក លោក​អេណុស​រស់​បាន​ប្រាំ​បី​រយ​ដប់​ប្រាំ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ ១១ លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព។

១២ ពេល​លោកកេណន​មាន​អាយុ​ចិតសិប​ឆ្នាំ លោក​បង្កើត​បាន​ម៉ាហាឡាឡេអែល។ ១៣ ក្រោយ​ពី​បង្កើតម៉ាហាឡាឡេអែល​មក លោកកេណន​រស់​បាន​ប្រាំ​បី​រយ​សែសិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ ១៤ លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ដប់​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព។

១៥ ពេល​លោក​ម៉ាហាឡាឡេអែល​មាន​អាយុ​ហុកសិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​យេរ៉េដ។ ១៦ ក្រោយ​ពី​បង្កើតយេរ៉េដ​មក លោក​​​​​​ម៉ាហាឡាឡេអែល​រស់​បាន​ប្រាំបី​រយ​សាមសិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ ១៧ លោក​រស់​បាន​ទាំង​អស់​ប្រាំ​បី​រយ​កៅសិប​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព។

១៨ពេល​លោក​យេរ៉េដ ​មាន​អាយុ​មួយ​រយ​ហុកសិប​ពីរ​ឆ្នាំ លោក​​​​​​បង្កើត​បាន​ហេណុក។ ១៩ ក្រោយ​បង្កើត​ហេណុក​មក លោក​​​​យេរ៉េដរស់​បាន​ប្រាំ​បី​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ ២០ លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហុក​សិប​​ពីរ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព។

២១ ពេល​លោក​ហេណុក​អាយុ​ហុកសិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​ម៉ាធូសាឡឹម។ ២២ ក្រោយ​បង្កើតម៉ាធូសាឡឹម លោក​ហេណុក​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះជាម្ចាស់ អស់​រយៈ​ពេល​បី​រយ​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន ២៣ លោក​រស់​បាន​ទាំង​អស់​បី​រយ​ហុកសិប​ប្រាំ​ឆ្នាំ។ ២៤ លោក​ហេណុក​ដើរ​តាម​មាគ៌ា​របស់​ព្រះជាម្ចាស់ បន្ទាប់​មក គេ​លែង​ឃើញ​គាត់​នៅ​លើ​ផែនដី​ទៀត​ហើយ ព្រោះ​ព្រះជាម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ។

២៥ ពេល​លោកម៉ាធូសាឡឹម​ មាន​អាយុ​មួយ​រយ​ប៉ែតសិប​ប្រាំ​ពីរ​​ឆ្នាំ លោក​បង្កើត​បាន​ឡាម៉េក។ ២៦ ក្រោយ​បង្កើត​ឡាម៉េក​មក លោក​ម៉ាធូសាឡឹមរស់​បាន​ប្រាំពីរ​រយ​ប៉ែតសិប​ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ ២៧ លោក​រស់​បាន​ទាំង​អស់​ប្រាំ​បួន​រយ​ហុកសិប​ប្រាំ​បួន​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព។

២៨ ពេល​លោក​ឡាម៉េក​ មាន​អាយុ​មួយ​រយ​ប៉ែតសិប​ពីរ​ឆ្នាំ លោក​​​​បង្កើត​បាន​កូន​ប្រុស​ម្នាក់ ២៩ ដែល​លោក​ដាក់​ឈ្មោះ​ថា “ណូអេ” ព្រោះ​លោក​ពោល​ថា “កូន​នេះ​នឹង​ជួយ​សំរាល​ទុក្ខ​លំបាក និង​ការ​នឿយហត់​របស់​យើង ព្រោះ​តែ​ដី​ដែល​ព្រះ​អម្ចាស់​បាន​ដាក់​បណ្ដាសា”។ ៣០ ក្រោយ​បង្កើត​ណូអេ​មក លោក​ឡាម៉េក​រស់​បាន​ប្រាំ​រយ​កៅសិប​ប្រាំ​ឆ្នាំ​ទៀត ហើយ​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ ៣១ លោក​រស់​បាន​ទាំង​អស់​ប្រាំពីរ​រយ​ចិតសិប​ប្រាំពីរ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណភាព។

៣២ ពេល​លោក​ណូអេ​អាយុ​ប្រាំ​រយ​ឆ្នាំ លោក​បង្កើត​បាន សិម ហាំ និង​យ៉ាផេត។