មាតិកា

ព្យាការីអេសេគីអែល
(អេសេគាល)

ពាក្យលំនាំ

លោកអេសេគីអែលជាបូជាចារ្យមួយរូប​បំពេញមុខងារក្នុងព្រះវិហារនៅក្រុងយេរូសាឡឹម។​លោក​ស្ថិតនៅក្នុងចំណោមប្រជាជន​ដែលត្រូវកងទ័ពរបស់ព្រះចៅនេប៊ូកានេសារកៀរយកទៅជាឈ្លើយសឹក​នៅ​គ្រាដែលស្តេចនេះ វាយយកបានក្រុងយេរូសាឡឹម​ជា លើកទីមួយ​នៅឆ្នាំ  ៥៩៧  មុនគ្រីស្តសករាជ។​ ប្រមាណ​បួនឆ្នាំកន្លងមកទៀត  ​ព្រះជាម្ចាស់បានត្រាស់ហៅលោកអោយធ្វើជាព្យាការី  ​ដើម្បីនាំព្រះបន្ទូលរបស់ព្រះ​អង្គទៅថ្លែងប្រាប់ប្រជាជន  ​គឺទាំងអ្នកដែលជាប់ជាឈ្លើយនៅស្រុកបាប៊ីឡូន  ​ទាំងអ្នកដែលនៅសល់ក្នុង​ក្រុងយេរូសាឡឹម។ ​ក្រោយពេលក្រុងយេរូសាឡឹមរលំ  នៅឆ្នាំ  ៥៨៧  មុន​គ.ស.  ​លោកប្រកាសអំពីការ​សំរាលទុក្ខ  និង  សេចក្តី​សង្ឃឹម​របស់ជនជាតិអ៊ីស្រាអែល។

យើងអាចបែងចែកក័ណ្ឌគម្ពីរអេសេគីអែលជាបួនផ្នែកសំខាន់ៗ  :

១.  ព្រះបន្ទូលស្តីប្រដៅ​ជនជាតិអ៊ីស្រាអែល  មុនពេលស្រុករលំ  ជាលើកទីពីរ  (ចំពូក  ១​-​២៤)។

២.  ព្រះបន្ទូលស្តីអំពីការវិនិច្ឆ័យទោសប្រជាជាតិនានាដែលបានបោកបញ្ឆោត​  និង  ​ជិះជាន់សង្កត់សង្កិន​ជនជាតិអ៊ីស្រាអែល  (ចំពូក  ២៥​-​៣២​)។

៣.  ព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែង  ក្រោយពេលអ៊ីស្រាអែលបែកស្រុក  ​មានខ្លឹមសារជាពាក្យលើកទឹក​ចិត្តប្រជារាស្ត្ររបស់ព្រះអង្គ  (ចំពូក  ៣៣​-​៣៩)។

៤.  និមិត្តហេតុអស្ចារ្យអំពីព្រះវិហារថ្មី  (ចំពូក  ៤០​-​៤៨)។

ព្យាការីអេសេគីអែលប្រើនិមិត្តអស្ចារ្យជាច្រើនដែលលោកបានឃើញ​ដើម្បីបញ្ជាក់សេចក្តីដែលលោក​ប្រកាស​ ។ ​ក្នុងឋានៈលោក​ជាបូជាចារ្យ  ​សេចក្តីដែលលោកប្រកាស​  សង្កត់យ៉ាងខ្លាំងទៅលើព្រះវិហារ ​ប៉ុន្តែ  លោកក៏អះអាងថា  ​ព្រះអម្ចាស់មិនត្រឹមតែគង់​ក្នុង​ទី​សក្ការៈនៅក្រុងយេរូសាឡឹម ប៉ុណ្ណោះទេ​ព្រះអង្គ​ក៏​គង់នៅជាមួយប្រជារាស្ត្ររបស់ព្រះអង្គដែលជាប់ជាឈ្លើយ​នៅស្រុកបាប៊ីឡូនដែរ  ​(សូមអាន  ១១.​១៦)។​លោកប្រកាសហៅប្រជាជនគ្រប់រូបៗអោយកែប្រែចិត្តគំនិត​ដោយសង្កត់ថា  មនុស្សម្នាក់ៗមានភារកិច្ច​ទទួល​ខុសត្រូវលើអំពើដែលខ្លួនប្រព្រឹត្ត  (ចំពូក  ១៨)  ​គឺមិនមែនសហគមន៍ទេដែលទទួលខុសត្រូវ។   ​តាម​រយៈនិមិត្តហេតុ​អំពីឆ្អឹងរបស់​មនុស្ស​មកផ្គុំគ្នាសាជាថ្មី​ហើយមានជីវិតរស់ឡើងវិញ ​(ចំពូក  ៣៧)​ លោក​ប្រកាសថា​ព្រះជាម្ចាស់នឹងស្តារស្ថានភាពប្រជារាស្ត្រ​របស់​ព្រះអង្គ  ​ហើយនាំគេវិលត្រឡប់ទៅស្រុករបស់​ពួកគេវិញ  ​(១១.​១៤​-​២០​;  ​៣៦.​១​-​៣៨)។