មាតិកា

សាស្ដា
ពាក្យលំនាំ

ពាក្យប្រៀនប្រដៅរបស់ «សាស្ដា» មានលក្ខណៈខុសប្លែកពីពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញផ្សេងទៀត​នៅ​ក្នុង​គម្ពីរ​សុភាសិត។ សេចក្ដីដែល​សាស្ដាប្រៀនប្រដៅ ផុសចេញពីបទពិសោធ និង ត្រិះរិះដ៏យូរអំពីជីវិត។

សាស្ដាយល់ឃើញថា សុភមង្គលរបស់មនុស្សមិនស្ថិតស្ថេរទេ ហើយជាញឹកញាប់ ការខំប្រឹងប្រែងរបស់​មនុស្ស ដើម្បីស្វែងរក​សុភមង្គល ក៏ឥតខ្លឹមសារដែរ។ ហេតុនេះ សាស្ដាដណ្ដឹងសួរថា តើជីវិតមានន័យឬុយ៉ាងណា តើរស់នៅ​លើផែនដីមាន​ប្រយោជន៍អ្វី? សាស្ដាមាន​បំណងណែនាំអ្នកអានឲ្យរិះគិតពិចារណាអំពីជីវិត ដូចលោកដែរ។

សេចក្ដីប្រៀនប្រដៅរបស់សាស្ដា ជាការសង្កេតចំពោះហេតុការណ៍ទាំងប៉ុន្មានដែលកើតមានក្នុងលោកនេះ​​​ ។ លោកអះ​អាងជាច្រើនលើក​ច្រើនសារថា អ្វីៗទាំងអស់សុទ្ធតែឥតន័យ គឺយុវជន ទ្រព្យសម្បត្ដិ​ កិត្ដិយស ការងារ ប្រាជ្ញា និង សេចក្ដីសុចរិតជាដើម គឺអ្វីៗដែលមនុស្​សខ្នះខ្នែងចង់បាន សុទ្ធតែឥតខ្លឹម​សារ​ ។ សេចក្ដីស្លាប់ និង អំពើ​អយុត្ដិធម៌ស្ថិតនៅ​ជាប់ជាមួយមនុស្សជានិច្ច ដែលជាហេតុបណ្ដាលឲ្​យមនុស្សមានជីវិតមិនទៀង ហើយពិបាកស្វែង​យល់អំពីគម្រោងការរបស់​ព្រះជាម្ចាស់សំរាប់ពិភពលោក។ ទស្សនៈបែបនេះអាចជំរុញយើង​ឲ្យរិះគិត​ពិចារណាយ៉ាង​ដិតដល់អំពីជីវិត ហើយប្រកាន់យក​របៀបរស់នៅសមស្របនឹងស្ថានភាពរបស់មនុស្សយើង។

អត្ថបទគម្ពីរមួយចំនួនទៀតផ្ដល់ចម្លើយយ៉ាងច្បាស់លាស់ស្ដីអំពីជីវិត គឺប្រសិនបើគ្មានព្រះជាម្ចាស់គង់នៅក្នុង​ជីវិតយើង​ទេ នោះជីវិតក៏គ្មាន​ន័យអ្វីដែរ។ ដូច្នេះ មានតែជំនឿលើព្រះជាម្ចាស់ និងការរួមរស់ដ៏ជិតស្និទ្ធជាមួយព្រះ​អង្គប៉ុណ្ណោះ ដែល​បំពេញភាពល្ហល្ហេវនៃជីវិតរបស់យើង ហើយធ្វើឲ្យជីវិតនេះមានន័យ និង មានខ្លឹមសារ។