កិច្ច‌ការរបស់គ្រិស្ដ‌ទូត

ពាក្យ​លំនាំ

លោក​លូកា​បាន​តែង​គម្ពីរ​ពីរ​កណ្ឌ គឺ «ដំណឹង‌ល្អ​រៀប​រៀង​ដោយ​លោក​លូកា» និង​«កិច្ច‌ការ​របស់​គ្រិស្ដ‌ទូត»។ ក្នុង​គម្ពីរ​ដំណឹង‌ល្អ លោក​លូកា​រៀប​រាប់​អំពី​កិច្ច‌ការ​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ និង​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​ថ្លែង កាល​ពី​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​នៅ​លើ​ផែន‌ដី​នេះ​នៅ​ឡើយ។ រីឯ​ក្នុង​គម្ពីរ​កិច្ច‌ការ​វិញ លោក​រៀប​រាប់​អំពី​ព្រះ‌យេស៊ូ​បន្ដ​សកម្ម‌ភាព តាម‌រយៈ​សាវ័ក​របស់​ព្រះ‌អង្គ។ ទោះ​បី​ពួក​សាវ័ក​លែង​ឃើញ​ព្រះ‌យេស៊ូ​ផ្ទាល់​នឹង​ភ្នែក​ក៏​ដោយ ក៏​ព្រះ‌អង្គ​នៅ​តែ​គង់​ជា​មួយ​ពួក​គេ​ជា‌និច្ច គឺ​ព្រះ‌អង្គ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ឲ្យ​ស្ថិត​នៅ​ជា​មួយ​អ្នក​ជឿ ដើម្បី​ណែ‌នាំ​ជីវិត​របស់​គេ។

មុន​ដំបូង លោក​លូកា​ពន្យល់​បញ្ជាក់​អំពី​កំណើត​ក្រុម​គ្រីស្ដ‌បរិស័ទ ដែល​ហៅ​ថា​ព្រះ‌សហគមន៍​នៅ​ក្រុង​យេរូ‌សាឡឹម។ បន្ទាប់​មក លោក​រៀប​រាប់​អំពី​សកម្ម‌ភាព​របស់​ក្រុម​សាវ័ក ក្នុង​ការ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ពាស‌ពេញ​ស្រុក​ប៉ាឡេ‌ស្ទីន និង​ប្រទេស​នានា​ដែល​ស្ថិត​នៅ​ជុំ‌វិញ​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ រហូត​ទៅ​ដល់​ក្រុង​រ៉ូម​ជា​រាជ​ធានី​របស់​ចក្រភព​រ៉ូម៉ាំង។

នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ស្រុក​យូដា និង​នៅ​ស្រុក​សាម៉ារី អ្នក​ជឿ​លើ​ព្រះ‌យេស៊ូសុទ្ធ‌សឹង​តែ​ជា​ជន​ជាតិ​អ៊ីស្រា‌អែល។ ក្រោយ​មក មាន​ជន​ជាតិ​ដទៃ​ជា​ច្រើន​នាំ​គ្នា​ជឿ​លើ​ព្រះ‌អង្គ​ដែរ ហើយ​គេ​ក៏​រួម​គ្នា​ជា​ព្រះ‌សហគមន៍​ឡើង ជា​ពិសេស​នៅ​ក្រុង​អន់‌ទី‌យ៉ូក ក្រុង​ភីលីព និង​ក្រុង​កូរិន‌ថូស។ ល។

ក្នុង​គម្ពីរ «កិច្ច‌ការ​របស់​គ្រីស្ដ‌ទូត» នេះ លោក​លូកា​បាន​ចែង​ទុក​អំពី​ពាក្យ‌ពេចន៍ និង​សុន្ទរ‌កថា​របស់​ក្រុម​គ្រីស្ដ‌ទូត​ដែល​យក​ចិត្ត​ទុក​ដាក់​ប្រកាស​ផ្សាយ​ដំណឹង‌ល្អ​ដល់​ជន​ជាតិ​យូដា និង​ជន​ជាតិ​ដទៃ។ ទោះ​បី​អស់​លោក​ទាំង​នោះ​ពន្យល់​តាម​របៀប​ប្លែកៗ​ពី​គ្នា​ក៏​ដោយ ក៏​មាន​ព្រះ‌វិញ្ញាណ​តែ​មួយ​បំភ្លឺ ដើម្បី​ណែ‌នាំ​មនុស្ស​គ្រប់​អរិយ‌ធម៌ គ្រប់​ភាសា ឲ្យ​ជឿ​សង្ឃឹម​លើ​ព្រះ‌យេស៊ូ​តែ​មួយ​ព្រះ‌អង្គ។ តាម​គម្ពីរ​កិច្ច‌ការ​នេះ យើង​អាច​ស្គាល់​ដើម​កំណើត​ក្រុម​គ្រីស្ដ‌បរិស័ទ​ដែល​នឹក​រលឹក​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ និង​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ។ គឺ​ក្រុម​គ្រី​ស្ដ‌បរិស័ទ​ទាំង​នោះ​ហើយ​ដែល​បាន​ចង​ក្រង​គម្ពីរ​ដំណឹង‌ល្អ និង​គម្ពីរ​សម្ពន្ធ‌មេត្រី​ថ្មី​ទាំង​មូល។

គម្រោង​របស់​គម្ពីរ​កិច្ច‌ការ
• ការ​រៀបចំ​បេសក‌កម្ម​របស់​ក្រុម​គ្រីស្ដ‌បរិស័ទ (១.១-២៦):
• ព្រះ‌រាជ‌បញ្ជា​ចុង​ក្រោយ និង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌យេស៊ូ (១.១-១៤)។
• ការ​ជ្រើស‌រើស​គ្រីស្ដ‌ទូត​មួយ​រូប​ជំនួស​លោក​យូដាស (១.១៥-២៦)។
• គ្រីស្ដ‌បរិស័ទ​ប្រកាស​ដំណឹង‌ល្អ​នៅ​ក្រុង​យេរូ‌សាឡឹម (២.១‑៨.៣)។
• គ្រីស្ដ‌បរិស័ទ​ប្រកាស​ដំណឹង‌ល្អ​នៅ​ស្រុក​យូដា និង​ស្រុក​សាម៉ារី (៨.៤‑១២.២៥)។
• បេសក‌កម្ម​របស់​លោក​ប៉ូល (១៣.១‑២៨.៣១):
• ដំណើរ​ប្រកាស​ដំណឹង‌ល្អ​លើក​ទី​មួយ (១៣.១‑១៤.២៨)។
• មហា​សន្និបាត​នៅ​ក្រុង​យេរូ‌សាឡឹម (១៥.១-៣៥)។
• ដំណើរ​ប្រកាស​ដំណឹង‌ល្អ​លើក​ទី​ពីរ (១៥.៣៦‑១៨.២២)។
• ដំណើរ​ប្រកាស​ដំណឹង‌ល្អ​លើក​ទី​បី (១៨.២៣‑២១.១៦)។
• លោក​ប៉ូល​ជាប់​ឃុំ‌ឃាំង​នៅ​ក្រុង​យេរូ‌សាឡឹម ក្រុង​សេសា‌រេ និង​ក្រុង​រ៉ូម (១៣.១‑១៤.២៨)។