មាតិកា (កាឡ)

លិខិត​របស់​លោក​ប៉ូល​ផ្ញើ​ជូន
គ្រីស្ត​បរិស័ទ​នៅ​ស្រុក​កាឡា‌ទី

ពាក្យ​លំនាំ
ស្រុក​កាឡា‌ទី: សព្វ​ថ្ងៃ​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ទួរគី។
គ្រីស្តទូត​ប៉ូល​បាន​ផ្សាយ​ដំណឹង‌ល្អ​នៅ​ស្រុក​កាឡា‌ទី នៅ​ចន្លោះ គ.ស.៤៩-៥០ (កិច្ច‌ការ ១៦.៦ និង​១៨.២៣)។ ប្រជា‌ជន​ស្រុក​នោះ​ពុំ​ដែល​បាន​ស្គាល់​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ​ទេ តែ​ពួកគេ​បាន​ទទួល​ដំណឹង‌ល្អ និង​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ‌គ្រីស្ត​ដោយ​ចិត្ត​ស្មោះ។ ពេល​លោក​ប៉ូល​ចាក​ចេញ​ពី​ពួក​គេ មាន​ជន​ជាតិ​យូដា​ខ្លះ​បាន​មក​ញុះ‌ញង់​បញ្ចុះ‌បញ្ចូល​ពួក​គេ​ឲ្យ​គោរព​តាម​ប្រពៃណី​សាសនា​យូដា គឺ​ឲ្យ​ប្រព្រឹត្ត​តាម​គម្ពីរ‌វិន័យ​លោក​ម៉ូសេ មាន​ធ្វើ​ពិធី​កាត់​ស្បែក​ជា​ដើម។ លោក​ប៉ូល​បាន​ទទួល​ដំណឹង​នេះ​នៅ​ពេល​លោក​ស្នាក់​នៅ​ក្រុង​អេភេសូ ក្នុង​គ.ស.៥៦-៥៧។ លោក​ក៏​សរសេរ​លិខិត​មួយ​ច្បាប់ទៅ​ប្រៀន‌ប្រដៅ​អស់​អ្នក ដែល​វង្វេង​តាម​ជន​ជាតិ​យូដា​នោះ ឲ្យ​វិល​ត្រឡប់​មក​រក​ជំនឿ​ត្រឹម​ត្រូវ​វិញ។

គោល​សំខាន់ៗ:
ក្នុង​លិខិត​នេះ លោក​ប៉ូល​សរសេរ​ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ​បន្ដិច ដើម្បី​រំឭក​គ្រីស្ត‌បរិស័ទ​អំពី​គោល​សំខាន់​នៃ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រីស្ត។ តាម​ដំណឹង‌ល្អ​នេះ ព្រះ‌ជាម្ចាស់​សង្គ្រោះ​អ្នក​ជឿ មក​ពី​គេ​ពឹង​ផ្អែក​លើ​ព្រះ‌គ្រីស្ត គឺ​ពុំ​មែន​ពឹង​ផ្អែក​លើ​ពិធី​ផ្សេងៗ​របស់​សាសនា​អ៊ីស្រា‌អែល ឬ​លើ​បុណ្យ​កុសល​នោះ​ឡើយ។ គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ​មាន​ប្រយោជន៍ គ្រាន់​តែ​សម្រាប់​អប់រំ​ជន​ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្អ​ប៉ុណ្ណោះ តែ​ពុំ​អាច​សង្គ្រោះ​មនុស្ស​បាន​ទេ គឺ​មនុស្ស​យើង​ទទួល​ការ​សង្គ្រោះ ដោយ​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ‌គ្រីស្ត​ដែល​បាន​ស្រឡាញ់​យើង និង​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​យើង(២.២០)។ ដំណឹង‌ល្អ​របស់​ព្រះ‌គ្រីស្ត​ផ្ដល់​សេរី‌ភាព​ដ៏​ពេញ‌លេញ​ដល់​គ្រីស្ត‌បរិស័ទ តែ​គ្រីស្ត‌បរិស័ទ​ត្រូវ​តែ​រស់​ឲ្យ​ស្រប​តាម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ មិន​ត្រូវ​រស់​តាម​គំនិត​លោកីយ៍​ឡើយ។

គម្រោង​គម្ពីរ​កាឡា‌ទី:
• សេចក្ដី​ផ្ដើម ១.១-១០
• សិទ្ធិ​របស់​លោក​ប៉ូល​ជា​គ្រីស្តទូត ១.១១‑២.២១
• ដំណឹង‌ល្អ​ស្ដី​អំពី​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់ ៣.១‑៤.៣១
• សេរី‌ភាព និង​ភារ‌កិច្ច​របស់​គ្រីស្ត‌បរិស័ទ ៥.១‑៦.១០
• អវសាន‌កថា ៦.១១-១៨