បេនស៊ីរ៉ាក់ (០២)

អ្នកសោ្មះត្រង់នឹងព្រះជាម្ចាស់
១កូន​អើយ! ប្រសិន​បើ​កូន​ប្រាថ្នា​ចង់​បំរើ​ព្រះ​អម្ចាស់ ចូរ​រៀបចំ​ខ្លួន​ឲ្យ​ព្រះ​អង្គ​ល្បង​ល។

២ចូរ​តំរង់​ចិត្ត​ឲ្យ​បាន​ត្រង់! ចូរ​មាន​ចិត្ត​រឹង​ប៉ឹង​ទ្បើង! កុំ​ជ្រួល​ច្របល់​ក្នុង​ពេល​មាន​អាសន្ន។

៣ចូរ​ជំពាក់​លើ​ព្រះ​អម្ចាស់ កុំ​ឃ្លាត​ចាក​ពី​ព្រះ​អង្គ​ទ្បើយ នោះ​កូន​មុខជា​ចំរុង​ចំរើន​នៅ​គ្រា អវសាន​ជីវិត។

៤ចូរ​ស៊ូ​ទ្រាំ​នឹង​ហេតុការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​មាន​ដល់​កូន ប្រសិន​បើ​កូន​ជួប​ប្រទះ​នឹង​ទុក្ខ វេទនា​ចូរ​មាន​ចិត្ត​អត់​ធ្មត់​ជានិច្ច!

៥ដ្បិត​គេ​យក​មាស​មក​បន្សុទ្ធ ក្នុង​ភើ្លង​យ៉ាង​ណា​ព្រះ​ជាម្ចាស់​យក​ទុក្ខ​វេទនា​ម ​ជំរះ​ចិត្ត​អ្នក​ដែល​គាប់​ព្រះ​ហប្ញទ័យ​ព្រះ​អង្គ​យ៉ាង​នោះ​ដែរ។

៦ចូរ​ជឿ​លើ​ព្រះ​ជាម្ចាស់ ព្រះ​អង្គ​មុខ​ជា​យាង​មក​ជួយ​កូន​ពុំខាន ចូរ​ដើរ​តាម​មាគ៌ា​ដ៏​ទៀង​ត្រង់ ហើយ​សង្ឃឹម​លើ​ព្រះ​អង្គ​ចុះ!

៧អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​អើយ ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ​ហប្ញទ័យ មេត្តា ករុណា​របស់​ព្រះ​អង្គ! កុំ​ងាក​ចេញ​ពី​ព្រះ​អង្គ​ទ្បើយ ក្រែង​អ្នក​រាល់គ្នា​ត្រូវ​ជំពប់​ដួល។

៨អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​អើយ! ចូរ​ជឿ​លើ​ព្រះ​អង្គ​ចុះ! អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​រង្វាន់​ពុំខាន។

៩អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​អើយ! ចូរ​សង្ឃឹម​ថា អ្នក​នឹង​ទទួល​សម្បតិ្ត​របស់​ព្រះ​អង្គ គឺ​មាន​អំណរ​សប្បាយ​អស់​កល្ប​ជានិច្ច និង ទទួល​សេចក្តី​មេត្តា​ករុណា​ពី​ព្រះ​អង្គ​ផង។

១០ចូរ​សង្កេត​មើល​មនុស្ស​ជំនាន់​មុនៗ ហើយ​រិះគិត​ពិចារណា​ចុះ! តើ​មាន​នរណា​ផ្ញើ​ជីវិត​លើ​ព្រះ​អម្ចាស់ ហើយ​ត្រូវ​ខក​ចិត្ត​ឬទេ? តើ​មាន​នរណា​កោត​ខ្លាច​ព្រះ​អម្ចាស់ ហើយ​ត្រូវ​ព្រះ​អង្គ​បោះ​បង់​ចោល​ឬទេ? តើ​មាន​នរណា​អង្វរ​ព្រះអង្គ ហើយ​ត្រូវ​ព្រះ​អង្គ​មើល​ងាយ មិន​អើ​ពើ​ឬ​ទេ?

១១ទេ! ព្រះ​អម្ចាស់​ព្រះ​ហប្ញទ័យ​អាណិត​អាសូរ​និង​មេត្តា​ករុណា ព្រះអង្គ​តែង​តែ​លើក​លែង​ទោស​មនុស្ស​ឲ្យ​រួច​ពី​បាប ហើយ​សង្គោ្រះ​គេ​ក្នុង​គ្រា​មាន​អាសន្ន។

១២រីឯ​មនុស្ស​កំសាក ខ្វះ​ការ​តស៊ូ គឺ​មនុស្ស​បាប​ដែល​ដើរ​ផ្លូវ​ពីរ​មុខ​ជា​ត្រូវ​វេទនា​ពុំខាន!

១៣អ្នក​ដែល​គ្មាន​ចិត្ត​ក្លាហាន ហើយ​មិន​ផ្ញើ​ជីវិត​លើ​ព្រះ​អម្ចាស់ ក៏​ត្រូវ​វេទនា​ដែរ! ព្រោះ​ព្រះ​អង្គ​មិន​ការ​ពារ​គេ​ទ្បើយ។

១៤អ្នក​រាល់គ្នា​ដែល​គ្មាន​ចិត្ត​ព្យាយាម​អើយ! អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វេទនា​ពុំខាន! នៅ​ពេល​ព្រះ​អម្ចាស់​យាង​មក​គិត​បញ្ជី តើ​អ្នក​រាល់គ្នា​នឹង​ធ្វើ​ដូច​ម្តេច?

១៥អស់​អ្នក​ដែល​គារព​កោត​ខ្លាច​ព្រះ​អម្ចាស់​រមែង​ប្រព្រឹត្ត​តាម​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ។

១៦អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ រមែង​ខិតខំ​ឲ្យ​បាន​គាប់​ព្រះ​ហប្ញទ័យ​ព្រះអង្គ អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​អង្គ​ក៏​តែង​តែ​យក​វិន័យ​របស់​ព្រះ​អង្គ​ធើ្វ​ជា​អាហារ​ដែរ។

១៧អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​រមែង​ប្រុង​ស្មារតី​ចាំ​បំរើ​ព្រះ​អង្គ​ជានិច្ច ពួកគេ​តែង​ តែ​ដាក់​ខ្លួន​នៅ​ចំពោះ​ព្រះ​ភ័ក្រ្ត​ព្រះ​អង្គ​ ទាំង​ពោល​ថា៖

១៨«ស៊ូ​ធ្លាក់​ក្រោម អំណាច​របស់​ព្រះ​អម្ចាស់ ប្រសើរ​ជាង​ធ្លាក់ ទៅ​ក្នុង​កណា្តប់​ដៃ​របស់​មនុស្ស!​ ដ្បិត​ព្រះ​អង្គ​ថ្កុំ​ថ្កើង​រុង​រឿង​យ៉ាង​ណា ព្រះ​អង្គ​ក៏មាន​ព្រះ​ហប្ញទ័យ​មេត្តា​ករុណា​យ៉ាង​នោះ​ដែរ»។