ពាក្យ​លំនាំ

គម្ពីរ​លោក​បារូក

លោក​បារូក​ជា​លេខា​ធិការ​របស់​ព្យា​ការី​យេរេមី​ដែល​រស់​នៅ សត​វត្ស​ទី​៦ មុន​គស។ ជា​ច្រើន​សត​វត្ស​ក្រោយ​មក គឺ​នៅ​សត​វត្សទី​២ មុន​គស មាន​អ្នក​ប្រាជ្ញ​បាន​ប្រ​មែ​ប្រមូល​អត្ថ​បទ​ផ្សេងៗ ដែល​ប្រជា​ជន​យូដា​រស់​នៅ​ខ្ចាត់​ខ្ចាយ ពាល​ពេញ​មជ្ឈឹម​បូព៌ា តែងតែ​អាន​ក្នុង​ធម្ម​សាលា​ (សាលា​ប្រ​ជុំ​) មក​ចង​ក្រង​ជា​កណ្ឌ​មួយ ហើយ​ដាក់​ឈ្មោះ «គម្ពីរ​លោក​បារូក» ទុក​លោក​បារូក​ជា​អ្នក​និពន្ធ។ នេះ​ជា​របៀប​ធម្មតា​នាជំ​នាន់​នោះ​ដើម្បី​នាំ​ប្រជា​ជន​ឲ្យ​គោរព​សេចក្តី​ដែល​មាន​ចែង​ក្នុង​កណ្ឌ​នេះ។

កណ្ឌ​នេះ​ចែក​ជា​បួន​ភាគ​ដែល​មិន​សូវ​ស៊ីគា្ន​ប្រ​ហែល​ជា​មាន​អ្នក​និពន្ធ​ផ្សេង​ៗ បាន​ប្រមូល​ឯក​សារ​នៅ​ជំ​នាន់​ផ្សេង​ពីគ្នា​ដែរ   ​ព្រោះ៖

  • អារម្ភ​កថា​បញ្ជាក់​អំពី​ពេល​ដែល​ត្រូវ​អាន​កណ្ឌ​នោះ​គឺ​ក្នុង​ពិធី សូម​ព្រះ​ជា​ម្ចាស់​អត់​ទោស​ឲ្យ​ប្រជា​ជន​នៅ​ក្រុង​យេរូ​សាឡឹម (១, ១–១៤)។
  • បទ​ទទួល​សារ​ភាព​អំពើ​បាប​(១,១៥-១០) តាម​របៀប​លោក​ដានី​អែល​៩។ បន្ទាប់​មក​មាន​ពាក្យ​អង្វរ​សូម​ព្រះ​ជា​ម្ចាស់​លើក​លែង​ទោស​រំដោះ​បាប​ (២, ១១-៣,៨)។
  • សេចក្តី​នឹក​សញ្ជឹង​គិត​អំពី​ព្រះ​ប្រាជ្ញា​ញាណ (៣, ៩-៤,៤)។ ធម្ម​វិន័យ​ជា​ព្រះ​ប្រាជ្ញា​ញាណ​របស់​ព្រះ​ជា​ម្ចាស់។
  • ពាក្យ​ដាស់​តឿន​អ្នក​ក្រុង​យេរូ​សាឡឹម (៤,៥-៥,៩) ប្រ​ហែល​នឹង​សេចក្តី​ដែល​ព្យា​ការី​អេ​សាយ​ទី​២ បាន​ថ្លែង​ដែរ។
  • ក្នុង​ឯក​សារ​បុរាណ​ខ្លះ «លិខិត​របស់​ព្យាការី​យេរីមី​» ត្រូវ​នឹង​ជំពូក​ទី៦​នៃ​គម្ពីរ​លោក​បារូក។