អេសាយ (៥៨)

ការតមអាហារដែលព្រះអម្ចាស់សព្វព្រះហឫទ័យ
១ ព្រះអម្ចាស់មានព្រះបន្ទូលថា:
ចូរស្រែកអោយអស់ទំហឹង
កុំញញើតឡើយ!
ចូរបន្លឺសំឡេងអោយលាន់រំពងដូចត្រែ
ចូរប្រាប់ប្រជាជនរបស់យើងអោយ
ស្គាល់ការបះបោររបស់ខ្លួន
ចូរប្រាប់កូនចៅលោកយ៉ាកុប
អោយស្គាល់អំពើបាបរបស់គេផង!
២ រៀងរាល់ថ្ងៃគេសាកសួរ
ចង់ស្គាល់បំណងរបស់យើង។
គេធ្វើហាក់ដូចជាប្រជាជាតិមួយដែល
ប្រព្រឹត្តអំពើសុចរិត
ឥតបោះបង់ក្រឹត្យវិន័យព្រះរបស់ខ្លួនទេ។
គេទាមទារសុំអោយយើងវិនិច្ឆ័យពួកគេ
តាមយុត្តិធម៌
ព្រមទាំងចង់អោយយើងស្ថិតនៅជាមួយគេ។
៣ ពួកគេតែងពោលថា
“យើងតមអាហារបានប្រយោជន៍អ្វី
បើព្រះអង្គមិនទតមើលផងនោះ!។
យើងបន្ទាបខ្លួនបានប្រយោជន៍អ្វី
បើព្រះអង្គមិនចាប់អារម្មណ៍ផងនោះ!”។
យើងប្រាប់ពួកគេអោយដឹងវិញថា
«នៅថ្ងៃដែលអ្នករាល់គ្នាតមអាហារ
អ្នករាល់គ្នាតែងតែឆ្លៀតរកផលប្រយោជន៍
អ្នករាល់គ្នាវាយធ្វើបាបកម្មករទាំងអស់
របស់ខ្លួនថែមទៀតផង។
៤ អ្នករាល់គ្នាតមអាហារ ទាំងរករឿង
ឈ្លោះប្រកែក និងវាយតប់គ្នាយ៉ាងឃោរឃៅ
គឺអ្នករាល់គ្នាពុំបានតមអាហារអោយស្របតាម
គោលការណ៍របស់ថ្ងៃតមអាហារ
ដើម្បីអោយពាក្យទូលអង្វររបស់អ្នករាល់គ្នា
លាន់ឮទៅដល់យើងឡើយ។
៥ អ្នករាល់គ្នាតមអាហារ និងបន្ទាបខ្លួនបែបនេះ
ស្មានថាយើងពេញចិត្តឬ?
អ្នករាល់គ្នាអោនក្បាល
ដូចដើមកក់ត្រូវខ្យល់បក់
អ្នករាល់គ្នាក្រាបលើបាវ
និងអង្គុយលើផេះបែបនេះ ស្មានថាជា
ការតមអាហារដែលគាប់ចិត្តយើងឬ?
៦ ការតមអាហារដែលគាប់ចិត្តយើង
គឺត្រូវដោះលែងអ្នកទោស
ដែលអ្នកយកមកដាក់ច្រវាក់ដោយអយុត្តិធម៌
ត្រូវដោះនឹមដែលអ្នកដាក់លើគេនោះចេញ
ត្រូវដោះលែងអ្នកដែលត្រូវគេសង្កត់សង្កិន
អោយមានសេរីភាពឡើងវិញ
ពោលគឺត្រូវបំបាក់នឹមគ្រប់យ៉ាង។
៧ ត្រូវចែកអាហារអោយអ្នកស្រេកឃ្លាន
ត្រូវទទួលជនក្រីក្រ ដែលគ្មានទីជំរក
អោយស្នាក់នៅជាមួយ។
បើឃើញនរណាម្នាក់គ្មានសម្លៀកបំពាក់
ត្រូវចែកអោយគ្នាស្លៀកពាក់ផង
ហើយមិនត្រូវគេចខ្លួនពីបងប្អូនណា
ដែលមកពឹងពាក់អ្នកឡើយ។
៨ បើប្រព្រឹត្តដូច្នេះ ពន្លឺរបស់អ្នក
នឹងលេចចេញមកដូចថ្ងៃរះ
ស្នាមរបួសរបស់អ្នកនឹងបានជាយ៉ាងឆាប់រហ័ស
សេចក្ដីសុចរិតរបស់អ្នក
នឹងស្ថិតនៅពីមុខអ្នកជានិច្ច
ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់
ក៏ស្ថិតនៅពីក្រោយអ្នកដែរ។
៩ ប្រសិនបើអ្នកស្រែកអង្វរ
ព្រះអម្ចាស់នឹងព្រះសណ្ដាប់អ្នក។
បើអ្នកស្រែកហៅព្រះអង្គ
នោះទ្រង់នឹងមានព្រះបន្ទូលតបមកវិញថា
“យើងមកហើយ!”។
ប្រសិនបើអ្នកឈប់ជិះជាន់ ឈប់គំរាមកំហែង
ឈប់ចោទមួលបង្កាច់គេ
១០ប្រសិនបើអ្នកសុខចិត្តបេះអាហារពីមាត់ខ្លួន
យកទៅអោយអ្នកដែលស្រេកឃ្លាន
ប្រសិនបើអ្នកយកម្ហូបអាហារ
ទៅចំអែតមនុស្សទុគ៌ត
នោះពន្លឺរបស់អ្នកនឹងចែងចាំងក្នុងទីងងឹត
ហើយភាពងងឹតរបស់អ្នកនឹងប្រែទៅជាភ្លឺ
ដូចពន្លឺថ្ងៃត្រង់ដែរ។
១១ព្រះអម្ចាស់នឹងដឹកនាំអ្នកជានិច្ច
ទោះបីអ្នកដើរនៅក្នុងវាលហួតហែងក្ដី
ក៏ព្រះអង្គប្រទានអាហារដ៏បរិបូណ៌អោយអ្នក
និងប្រទានអោយអ្នកមានកម្លាំងមាំមួន។
អ្នកនឹងប្រៀបដូចជាសួនច្បារ
ដែលសម្បូណ៌ទៅដោយទឹក
ឬដូចជាប្រភពទឹកដែលមិនចេះរីង។
១២អ្នកនឹងសង់អ្វីៗដែលបាក់បែកឡើងវិញ
អ្នកនឹងសង់នៅលើគ្រឹះដែលគេបានចាក់
ពីបុរាណកាល។
គេនឹងដាក់ឈ្មោះអ្នកថា
“អ្នកជួសជុលកំពែងធ្លុះធ្លាយ
អ្នករៀបចំផ្លូវ ធ្វើអោយមានមនុស្សរស់នៅ
ក្នុងក្រុងឡើងវិញ”។
១៣ប្រសិនបើអ្នកមិនធ្វើការរកស៊ីនៅថ្ងៃសប្ប័ទ*
ប្រសិនបើអ្នកមិនស្វែងរកកំរៃ
នៅថ្ងៃដ៏វិសុទ្ធរបស់យើង
ប្រសិនបើអ្នកចាត់ទុកថ្ងៃសប្ប័ទ
ថាជាថ្ងៃមួយដ៏សប្បាយ
ជាថ្ងៃដ៏វិសុទ្ធរបស់ព្រះអម្ចាស់
ហើយប្រសិនបើអ្នកគោរពថ្ងៃនោះពិតមែន
គឺមិនរកស៊ី មិនរកកំរៃ
និងមិននិយាយតថ្លៃនោះទេ
១៤ ព្រះអម្ចាស់នឹងធ្វើអោយអ្នកសប្បាយរីករាយ
យើងនឹងនាំអ្នក ឡើងទៅទីខ្ពស់នៃផែនដី
យើងនឹងអោយអ្នករស់នៅយ៉ាងសប្បាយ
ក្នុងទឹកដីដែលយើងបានចែកអោយយ៉ាកុប
ជាបុព្វបុរសរបស់អ្នក»។
នេះជាព្រះបន្ទូលដែលចេញមកពី
ព្រះឱស្ឋរបស់ព្រះអម្ចាស់។