កិច្ចការ (០៣)

លោក​សិលា និង​លោក​យ៉ូហាន​ប្រោស​ជន​ពិការ​ម្នាក់​ឲ្យ​ជា
1 នៅ​ពេល​អធិស្ឋាន*​ម៉ោង​បី​រសៀល លោក​សិលា និង​លោក​យ៉ូហាន​បាន​ឡើង​ទៅ​ព្រះ‌វិហារ*​ជា​មួយ​គ្នា។

2 រៀង​រាល់​ថ្ងៃ មាន​គេ​សែង​អ្នក​ពិការ​ជើង​ពី​កំណើត​ម្នាក់ មក​ដាក់​នៅ​ខ្លោង​ទ្វារ​ព្រះ‌វិហារ​ឈ្មោះ «ទ្វារ​លម្អ» ដើម្បី​សុំ​ទាន​អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ។ 3 កាល​គាត់​ឃើញ​លោក​សិលា និង​លោក​យ៉ូហាន​កំពុង​ដើរ​ចូល​ព្រះ‌វិហារ គាត់​ក៏​សុំ​ទាន។ 4 លោក​សិលា និង​លោក​យ៉ូហាន​សម្លឹង មើល​មុខ​គាត់ រួច​ពោល​ថា៖ «សូម​មើល​មក​យើង!»។ 5 គាត់​ក៏​ក្រឡេក​មើល​ទៅ​លោក​ទាំង​ពីរ ដោយ​សង្ឃឹម​នឹង​ទទួល​ប្រាក់។ 6 ប៉ុន្តែ លោក​សិលា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​គ្មាន​ប្រាក់ គ្មាន​មាស​ទេ តែ​អ្វីៗ​ដែល​ខ្ញុំ​មាន ខ្ញុំ​សុំ​ជូន​អ្នក ដូច្នេះ ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រីស្ដ* ជា​អ្នក​ភូមិ​ណាសា‌រ៉ែត ចូរ​ក្រោក​ឡើង ដើរ​ទៅ​ចុះ!»។ 7 លោក​ចាប់​ដៃ​ស្ដាំ​គាត់​ឲ្យ​ក្រោក​ឈរ​ឡើង។ រំពេច​នោះ ជើង​របស់​គាត់ និង​សន្លាក់​ឆ្អឹង ក៏​ប្រែ​ជា​មាំ‌មួន 8 គាត់​ក៏​ស្ទុះ​ឈរ​ឡើង ហើយ​ដើរ​បាន។ គាត់​ចូល​ក្នុង​ព្រះ‌វិហារ​ជា​មួយ​គ្រីស្ដ‌ទូត​ទាំង​ពីរ​រូប ទាំង​ដើរ​ផង លោត​ផង និង​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ផង។

9 ប្រជា‌ជន​ទាំង​អស់​បាន​ឃើញ​គាត់​ដើរ និង​ឮ​គាត់​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ 10 គេ​ស្គាល់​ជាក់​ថា អ្នក​នោះ​ហើយ​ដែល​តែង​អង្គុយ​សុំ​ទាន​នៅ​ខ្លោង​ទ្វារ​ព្រះ‌វិហារ*​ឈ្មោះ «ទ្វារ​លម្អ» គេ​ក៏​ភ័យ​ស្ញប់‌ស្ញែង ហើយ​ងឿង‌ឆ្ងល់​ជា​ខ្លាំង​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​គាត់។

សុន្ទរ‌កថា​របស់​លោក​សិលា​នៅ​ក្នុង​ព្រះ‌វិហារ
11 បុរស​នោះ​នៅ​ជាប់​ជា​មួយ​លោក​សិលា និង​លោក​យ៉ូហាន​ជា‌និច្ច។ ប្រជា‌ជន​ទាំង​មូល​ភ័យ​ស្ញប់‌ស្ញែង​ណាស់ គេ​រត់​ទៅ​ចោម‌រោម​លោក​ទាំង​ពីរ​នៅ​ថែវ​សាឡូម៉ូន។ 12 លោក​សិលា​ឃើញ​ដូច្នោះ ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «បង‌ប្អូន​អ៊ីស្រា‌អែល​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​បង‌ប្អូន​ងឿង‌ឆ្ងល់​អំពី​ហេតុ‌ការណ៍​នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​បង‌ប្អូន​សម្លឹង​មើល​មក​យើង​ខ្ញុំ​ដូច្នេះ? តើ​បង‌ប្អូន​ស្មាន​ថា យើង​ខ្ញុំ​បាន​ប្រោស​បុរស​នេះ​ឲ្យ​ដើរ​រួច មក​ពី​ឫទ្ធា‌នុភាព​របស់​យើង​ខ្ញុំ​ផ្ទាល់ ឬ​មក​ពី​យើង​ខ្ញុំ​ចេះ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់?។ 13 ព្រះ​របស់​លោក​អប្រាហាំ របស់​លោក​អ៊ីសាក និង​របស់​លោក​យ៉ាកុប ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ទាំង​អស់​គ្នា ទ្រង់​បាន​ប្រទាន​សិរី‌រុង​រឿង​មក​ព្រះ‌យេស៊ូ ជា​អ្នក​បម្រើ​ព្រះ‌អង្គ។ បង‌ប្អូន​បាន​ចាប់​បញ្ជូន​ព្រះ‌យេស៊ូ​ទៅ​ឲ្យ​គេ​កាត់​ទោស ថែម​ទាំង​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​លោក​ពីឡាត នៅ​ពេល​ដែល​លោក​ចង់​ដោះ​លែង​ព្រះ‌អង្គ​ទៀត​ផង។ 14 បង‌ប្អូន​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​ដ៏‌វិសុទ្ធ ព្រះ​ដ៏​សុចរិត ហើយ​បែរ​ជា​ទាម‌ទារ​សុំ​ឲ្យ​គេ​ដោះ​លែង​ឃាតក​ទៅ​វិញ។ 15 បង‌ប្អូន​បាន​ឲ្យ​គេ​ធ្វើ​គុត​ម្ចាស់​នៃ​ជីវិត ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ យើង​ខ្ញុំ​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​នេះ។ 16 ដោយ‌សារ​យើង​ខ្ញុំ​ជឿ​លើ​ព្រះ‌នាម​ព្រះ‌យេស៊ូ គឺ​ព្រះ‌នាម​ព្រះ‌អង្គ​ហ្នឹង​ហើយ បាន​ធ្វើ​ឲ្យ​បុរស​ដែល​បង‌ប្អូន​ឃើញ ហើយ​ស្គាល់​នេះ មាន​កម្លាំង​ឡើង​វិញ។ គាត់​បាន​ជា​ទាំង​ស្រុង ដោយ‌សារ​ជំនឿ​លើ​ព្រះ‌យេស៊ូ ដូច​បង‌ប្អូន​ឃើញ​ស្រាប់។

17 បង‌ប្អូន​អើយ ខ្ញុំ​ដឹង​ថា​បង‌ប្អូន​ទាំង​អស់​គ្នា និង​ពួក​នាម៉ឺន​របស់​បង‌ប្អូន បាន​ប្រព្រឹត្ត​ដូច្នោះទាំង​មិន​ដឹង​ខ្លួន។ 18 ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​ប្រកាស​ទុក​ជា​មុន តាម‌រយៈ​ព្យាការី​ទាំង​អស់ គឺ​ថា ព្រះ‌គ្រីស្ដ​របស់​ព្រះ‌អង្គ​ត្រូវ​តែ​រង​ទុក្ខ​លំបាក។ 19 ហេតុ​នេះ សូម​កែ​ប្រែ​ចិត្ត​គំនិត ហើយ​វិល​មក​រក​ព្រះ‌ជាម្ចាស់​វិញ ដើម្បី​ឲ្យ​ព្រះ‌អង្គ​លុប​បំបាត់​បាប​របស់​បង‌ប្អូន។ 20 ព្រះ‌អម្ចាស់​នឹង​ប្រទាន​ឲ្យ​បង‌ប្អូន​បាន​ស្គាល់​ពេល​សម្រាក ព្រម​ទាំង​ប្រទាន​ព្រះ‌គ្រីស្ដ‌យេស៊ូ​មក​បង‌ប្អូន ដូច​ព្រះ‌អង្គ​គ្រោង​ទុក​ជា​មុន។ 21 ឥឡូវ​នេះ ព្រះ‌យេស៊ូ‌គ្រីស្ដ​គង់​នៅ​ឯ​ស្ថាន​បរម‌សុខ* រហូត​ដល់​ព្រះ‌ជាម្ចាស់​រៀបចំ​អ្វីៗ​ទាំង​អស់​ឡើង​វិញ ដូច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទុក តាម‌រយៈ​ពួក​ព្យាការី​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ នៅ​ជំនាន់​ដើម​ស្រាប់។ 22 លោក​ម៉ូសេ​មាន​ប្រសាសន៍​ថាៈ “ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ឲ្យ​មាន​ព្យាការី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បង‌ប្អូន​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ត្រូវ​ស្ដាប់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​មាន​ប្រសាសន៍​ប្រាប់។ 23 រីឯ​អស់​អ្នក​ដែល​មិន​ព្រម​ស្ដាប់​ព្យាការី​នេះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌រាស្ដ្រ”24 ព្យាការី​ទាំង​ប៉ុន្មាន​ដែល​បាន​ថ្លែង​ព្រះ‌បន្ទូល គឺ​ចាប់​តាំង​ពី​លោក​សាមូ‌អែល​រៀង​មក សុទ្ធ​តែ​បាន​ថ្លែង​ទុក​អំពី​ពេល​សព្វ​ថ្ងៃ​នេះ។ 25 បង‌ប្អូន​ហ្នឹង​ហើយ​ជា​កូន​ចៅ​របស់​ព្យាការី ហើយ​បង‌ប្អូន​ក៏​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី*​ដែល​ព្រះ‌ជាម្ចាស់​បាន​ចង​ជា​មួយ​បុព្វបុរស*​ដែរ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​អប្រាហាំ​ថា “ក្រុម​គ្រួសារ​ទាំង​អស់​នៅ​ផែន‌ដី​នឹង​ទទួល​ពរ តាម‌រយៈ​ពូជ‌ពង្ស​របស់​អ្នក”26 ព្រះ‌ជាម្ចាស់​បាន​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ងើប​ឡើង ហើយ​ចាត់​លោក​ឲ្យ​មក​រក​បង‌ប្អូន​ទាំង​អស់​គ្នា​មុន​គេ​បង្អស់ ដើម្បី​ប្រទាន​ពរ​ដល់​បង‌ប្អូន ដោយ​ណែ‌នាំ​ម្នាក់ៗ​ឲ្យ​ងាក​ចេញ​ពី​អំពើ​ទុច្ចរិត»។