កិច្ចការ (១៨)

លោក​ប៉ូល​នៅ​ក្រុង​កូរិន‌ថូស
1 ក្រោយ​មក លោក​ប៉ូល​បាន​ចាក​ចេញ​ពី​ក្រុង​អាថែន ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​កូរិន‌ថូស។ 2 នៅ​ក្រុង​នោះ លោក​បាន​ជួប​ជន​ជាតិ​យូដា​ម្នាក់ ឈ្មោះ​អគី‌ឡាស ជា​អ្នក​ស្រុក​ប៉ុនតុស។ លោក​អគី‌ឡាស និង​នាង​ព្រីស៊ីឡា​ជា​ភរិយា ទើប​នឹង​មក​ពី​ស្រុក​អ៊ីតា‌លី ព្រោះ​ព្រះ‌ចៅ​អធិ‌រាជ​ក្លូដបាន​ចេញ​បញ្ជា​ឲ្យ​ជន​ជាតិ​យូដា​ទាំង​អស់ ចាក​ចេញ​ពី​ក្រុង​រ៉ូម។ លោក​ប៉ូល​ទៅ​ទាក់‌ទង​នឹង​អ្នក​ទាំង​ពីរ 3 ហើយ​ស្នាក់​នៅ និង​ធ្វើ​ការ​ជា​មួយ​គេ ព្រោះ​លោក​មាន​មុខ​របរ​ដូច​គ្នា គឺ​ត្បាញ​ក្រណាត់​សម្រាប់​បោះ​ជំរំ។ 4 រៀង​រាល់​ថ្ងៃ​សប្ប័ទ* លោក​តែង‌តែ​មាន​ប្រសាសន៍​ក្នុង​សាលា​ប្រជុំ* និង​ខិត‌ខំ​ណែ‌នាំ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក​ឲ្យ​ជឿ។

5 កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ធ្វើ​ដំណើរ​ពី​ស្រុក​ម៉ាសេ‌ដូន​មក​ដល់​ហើយ លោក​ប៉ូល​ក៏​ចំណាយ​ពេល​ទាំង​អស់​របស់​លោក ដើម្បី​ប្រកាស​ព្រះ‌បន្ទូល។ លោក​បាន​បញ្ជាក់​ប្រាប់​សាសន៍​យូដា​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រីស្ដ។ 6 ប៉ុន្តែ ដោយ​សាសន៍​យូដា​ចេះ​តែ​ប្រឆាំង​នឹង​លោក ហើយ​ជេរ​ប្រមាថ​លោក​ទៀត​ផង​នោះ លោក​ក៏​រលាស់​ធូលី​ដី​ពី​អាវ​របស់​លោក ទាំង​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​រាល់​គ្នា​វិនាស​បាត់​បង់​នោះ គឺ​មក​តែ​ពី​កំហុស​របស់​អ្នក​រាល់​គ្នា​ផ្ទាល់​ប៉ុណ្ណោះ​ក គ្មាន​ជាប់​ជំពាក់​អ្វី​ជា​មួយ​ខ្ញុំ​ទេ ចាប់​ពី​ពេល​នេះ ខ្ញុំ​នឹង​ទៅ​រក​សាសន៍​ដទៃ​វិញ»។ 7 លោក​ក៏​ចាក​ចេញ​ពី​ទី​នោះឆ្ពោះ​ទៅ​ផ្ទះ​បុរស​ម្នាក់ ឈ្មោះ​ទីធ្យូស-‌យ៉ូស្ទូស ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​ផ្ទះ​គាត់​នៅ​ជាប់​នឹង​សាលា​ប្រជុំ*។ 8 រីឯ​លោក​គ្រីស្ពូស ដែល​ជា​អ្នក​ទទួល ខុស​ត្រូវ​លើ​សាលា​ប្រជុំ និង​ក្រុម​គ្រួសារ​របស់​លោក​វិញ ក៏​ជឿ​លើ​ព្រះ‌អម្ចាស់​ដែរ។ មាន​អ្នក​ក្រុង​កូរិន‌ថូស​ជា​ច្រើន​ទៀត បាន​ស្ដាប់​លោក​ប៉ូល ហើយ​ជឿ ព្រម​ទាំង​ទទួល​ពិធី​ជ្រមុជ​ទឹក*​ផង។

9 យប់​មួយ លោក​ប៉ូល​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «កុំ​ខ្លាច​អី ត្រូវ​និយាយ​ត​ទៅ​ទៀត កុំ​នៅ​ស្ងៀម​ឡើយ 10 ដ្បិត​យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​ហើយ ពុំ​មាន​នរណា​អាច​ធ្វើ​បាប​អ្នក​បាន​ទេ ព្រោះ​នៅ​ក្រុង​នេះ មាន​មនុស្ស​ជា​ច្រើន​ជា​ប្រជា‌រាស្ដ្រ​របស់​យើង»។ 11 លោក​ប៉ូល​ស្នាក់​នៅ​ក្រុង​កូរិន‌ថូស អស់‌រយៈ​ពេល​មួយ​ឆ្នាំ​ប្រាំ​មួយ​ខែ លោក​បង្រៀន​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដល់​អ្នក​ក្រុង​នោះ។

12 នៅ​គ្រា​ដែល​លោក​កៃលីយ៉ូន​កាន់​តំណែង​ជា​រាជ​ប្រតិភូ​របស់​ព្រះ‌ចៅ​អធិ‌រាជ​រ៉ូម៉ាំង នៅ​ស្រុក​អាខៃ សាសន៍​យូដា​បាន​សម​គំនិត​គ្នា​ប្រឆាំង​នឹង​លោក​ប៉ូល ហើយ​នាំ​លោក​យក​ទៅ​សាលា​កាត់​ក្តី 13 ទាំង​ចោទ​ថា៖ «ជន​នេះ​បញ្ចុះ‌បញ្ចូល​មនុស្ស‌ម្នា​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ តាម​របៀប​មួយ​ខុស​ច្បាប់»។ 14 ពេល​លោក​ប៉ូល​បម្រុង​នឹង​ហា​មាត់​និយាយ លោក​កៃលីយ៉ូន​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​យូដា​ថា៖ «ជន​ជាតិ​យូដា​អើយ ប្រសិន​បើ​រឿង​នេះ​ទាក់‌ទង​នឹង​បទ‌ឧក្រិដ្ឋ ឬ​បទ​ល្មើស​ណា​មួយ​នោះ ខ្ញុំ​មុខ​ជា​សុខ​ចិត្ត​ស្ដាប់​អ្នក​រាល់​គ្នា​មិន​ខាន។ 15 ប៉ុន្តែ បើ​ជា​រឿង​ជជែក​វែក‌ញែក​ស្ដី​អំពី​ពាក្យ‌ពេចន៍ អំពី​ឈ្មោះ ឬ​អំពី​ធម៌​វិន័យ*​របស់​អ្នក​រាល់​គ្នា​ទេ​នោះ ចូរ​ដោះ​ស្រាយ​ខ្លួន​ឯង​ទៅ ខ្ញុំ​មិន​ព្រម​កាត់​ក្តី​ឲ្យ​អ្នក​រាល់​គ្នា​អំពី​រឿង​នេះ​ឡើយ»។ 16 លោក​ក៏​ដេញ​ពួក​គេ​ចេញ​ពី​សាលា​កាត់​ក្តី។ 17 ពេល​នោះ ពួក​គេ​នាំ​គ្នា​ចាប់​លោក​សូស្ដែន ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ* មក​វាយ​នៅ​មុខ​សាលា​កាត់​ក្តី តែ​លោក​កៃលីយ៉ូន​មិន​អើពើ​ទេ។

លោក​ប៉ូល​វិល​ត្រឡប់​ទៅ​ក្រុង​អន់‌ទី‌យ៉ូក​វិញ
18 លោក​ប៉ូល​បាន​ស្នាក់​នៅ​ក្រុង​កូរិន‌ថូស​ជា​យូរ​ថ្ងៃ។ ក្រោយ​មក លោក​ក៏​ជម្រាប​លា​ពួក​បង‌ប្អូន ចុះ​សំពៅ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី ដោយ​មាន​នាង​ព្រីស៊ីឡា និង​លោក​អគី‌ឡាស​ជូន​ដំណើរ​ទៅ​ជា​មួយ​ដែរ។ លោក​បាន​កោរ​សក់​លា​បំណន់​ខ នៅ​កំពង់‌ផែ​សង់ក្រេ។

19 លុះ​មក​ដល់​ក្រុង​អេភេសូ លោក​ប៉ូល​ក៏​ជម្រាប​លា​នាង​ព្រីស៊ីឡា និង​លោក​អគី‌ឡាស។ លោក​បាន​ចូល​ទៅ​សាលា​ប្រជុំ* ហើយ​សន្ទនា​ជា​មួយ​សាសន៍​យូដា។ 20 ពួក​គេ​បាន​អង្វរ​សុំ​ឲ្យ​លោក​ស្នាក់​នៅ​ទី​នោះ​មួយ‌រយៈ 21 តែ​លោក​ពុំ​ព្រម​នៅ​ទេ លោក​ជម្រាប​លា​គេ ទាំង​ពោល​ថា៖ «ប្រសិន​បើ​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ ខ្ញុំ​នឹង​វិល​មក​រក​បង‌ប្អូន​វិញ» រួច​លោក​ចុះ​សំពៅ​ចេញ​ពី​ក្រុង​អេភេសូ​ទៅ។ 22 លុះ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​សេសារេ លោក​បាន​ឡើង​ទៅ​សួរ​សុខ​ទុក្ខ​ព្រះ‌សហគមន៍* បន្ទាប់​មក លោក​បន្ដ​ដំណើរ​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក។

លោក​អប៉ូ‌ឡូស​នៅ​ក្រុង​អេភេសូ និង​ក្រុង​កូរិន‌ថូស
23 ក្រោយ​ពី​បាន​ស្នាក់​នៅ​ក្រុង​អន់‌ទី‌យ៉ូកយូរ​បន្ដិច​មក លោក​ក៏​ចេញ​ដំណើរ​ទៅ​សា​ជា​ថ្មី ដោយ​ឆ្លង​កាត់​ស្រុក​កាឡា‌ទី និង​ស្រុក​ព្រីគា ទាំង​ពង្រឹង​ជំនឿ​ពួក​សាវ័ក*​ទាំង​អស់​ផង។

24 មាន​ជន​ជាតិ​យូដា​ម្នាក់ ឈ្មោះ​អប៉ូ‌ឡូស ជា​អ្នក​ស្រុក​អាឡិច‌សន់ឌ្រី បាន​មក​នៅ​ក្រុង​អេភេសូ គាត់​ជា​មនុស្ស​មាន​វោហារ ហើយ​ស្គាល់​គម្ពីរ​យ៉ាង​ល្អិត‌ល្អន់។ 25 គាត់​បាន​ទទួល​ការ​អប់រំ​អំពី​មាគ៌ា​របស់​ព្រះ‌អម្ចាស់ និង​មាន​ចិត្ត​ឧស្សាហ៍​មោះ‌មុត គាត់​ប្រកាស​ព្រះ‌បន្ទូល ហើយ​ប៉ិន‌ប្រសប់​បង្រៀន​គេ​យ៉ាង​ច្បាស់​លាស់​អំពី​ព្រះ‌យេស៊ូ​ផង។ ក៏​ប៉ុន្តែ គាត់​បាន​ដឹង​ត្រឹម​តែ​ពិធី​ជ្រមុជ​ទឹក*​របស់​លោក​យ៉ូហាន​ប៉ុណ្ណោះ។ 26 គាត់​បាន​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ* ដោយ​ចិត្ត​អង់‌អាច។ កាល​នាង​ព្រីស៊ីឡា និង​លោក​អគី‌ឡាស បាន​ឮ​គាត់​បង្រៀន​ដូច្នេះ ក៏​អញ្ជើញ​គាត់​ទៅ​ជា​មួយ ព្រម​ទាំង​ពន្យល់​គាត់ឲ្យ​រឹត​តែ​ស្គាល់​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់​ថែម​ទៀត។ 27 បន្ទាប់​មក ដោយ​លោក​អប៉ូ‌ឡូស​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​អាខៃ ពួក​បង‌ប្អូន​ក៏​នាំ​គ្នា​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ទៅ ថែម​ទាំង​សរសេរ​សំបុត្រ​ទៅ​ជម្រាប​ពួក​សាវ័ក*​នៅ​ស្រុក​នោះ ឲ្យ​ទទួល​គាត់​ដោយ​រាក់‌ទាក់​ផង។ លុះ​ទៅ​ដល់ គាត់​បាន​ជួយ​អស់​អ្នក​ជឿ​នៅ​ទី​នោះ​យ៉ាង​ច្រើន តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់។ 28 ដ្បិត​គាត់​ចេះ​ផ្ចាញ់​សាសន៍​យូដា​នៅ​មុខ​ប្រជុំ​ជន​ទាំង​អស់ និង​វែក‌ញែក​គម្ពីរ បញ្ជាក់​ប្រាប់​គេ​ថាព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រីស្ដ*​មែន។