ព័ត៌មានភូមិភាគបាត់ដំបង

អ្នកណែនាំជំនឿរៀនធ្វើកិច្ចតែងការផ្នែកអប់រំជនឿ

មណ្ឌលអប់រំជំនឿព្រះសហគមន៍កាតូលិកហៅកាត់ថា CCCC បានរៀបចំកម្មវិធីបណ្តុះបណ្តាលផ្នែកគរុកោសល្យអំពីកិច្ចតែងការដល់អ្នកណែនាំជំនឿ នៅព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ ក្រុងបាត់ដំបង កាលពីថ្ងៃទី១៩ កុម្ភៈ ដែលមានសិក្ខាកាម១៩នាក់ចូលរួម។

សិក្ខាសាលានេះ មានរៀបចំកិច្ចតែងការមេរៀនអប់រំជំនឿ ការអានព្រះគម្ពីរដើម្បីយល់ពាក្យឃ្លោងឃ្លាផ្សេងៗ មានពាក្យពន្យល់និងអត្ថន័យនៃគម្ពីរផ្ទាល់ និងមានការរិះគិតអំពីអត្ថន័យក្នុងគម្ពីរ។ ភាគច្រើនអ្នកណែនាំជំនឿក្នុងឆ្នាំសិក្សាថ្មីនេះ ជាអ្នកគ្មានបទពិសោធន៍ក្នុងការបង្រៀនកន្លងមកទេ។

អ្នកស្រី ស្រី សុជុំ សិក្ខាកាមម្នាក់បានឲ្យដឹងថា «ខ្ញុំមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការបង្រៀនអប់រំជំនឿ។ ហេតុនេះ ធ្វើឲ្យខ្ញុំយល់បានថា ក្នុងនាមជាអ្នកណែនាំខាងផ្នែកអប់រំជំនឿ គឺត្រូវតែយល់អំពីអ្វីដែលយើងកំពុងបង្រៀនឲ្យបានច្បាស់លាស់។ ប្រសិនបើយើងនិយាយអ្វីដែលខុសពីសេចក្តីពិតឬមិនច្បាស់លាស់នូវចំណុចណាមួយនោះ នឹងធ្វើឲ្យសិស្សទទួលបានអ្វីដែលមិនច្បាស់ទៅតាមនោះដែរ»។  អ្នកស្រីបន្ថែមថា កម្មវិធីនេះ មានសារៈសំខាន់ដើម្បីឲ្យគ្រូទទួលបានចំណះដឹងថ្មីៗផង និង ចេះរៀបចំខ្លួនដើម្បីបង្រៀនអប់ជំនឿយ៉ាងច្បាស់លាស់ផង៕

ដោយ៖ រឿន ស្រីម៉ាច