Uncategorizedព័ត៌មានភូមិភាគភ្នំពេញ

អបអរ​សាទរ​ ខួប១០ឆ្នាំ លោក អូលីវីយេ ជាអភិ​បាល ព្រះសហ​គមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ

ព្រះសហគមន៍​កាតូលិក​ភូមិ​ចំការ​ទៀង ព្រះវិហារ​សន្តី ម៉ារីញញឹម បានប្រារព្ធ​ពិធីបុណ្យ​យ៉ាង​ឱឡារិក កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៩ ដើម្បី​អបអរ​សាទរ​ខួប១០ឆ្នាំ ជូន​លោកអ​ភិបាល​អូលីវិយេ ដែល​សម្តេចប៉ាប បាន​ជ្រើស​តាំងលោក​ជាអភិបាល​ឧបត្ថម្ភកៈ នៃព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ។​

លោក​អភិបាល​អូលីវីយេ ត្រូវ​បាន​សម្តេចប៉ាប មេណេ​ឌីកតូទី១៦​ បាន​ជ្រើស​តាំង​ជា​អភិបាល ឧបត្ថម្ភកៈ​នៃព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ កាល​ពីថ្ងៃទី ២៤​ខែធ្នូ ឆ្នាំ ២០០៩ វេលា​ម៉ោង ៦ល្ងាច​នៅ​កម្ពុជា ក្នុង​ពេល​ដែលព្រះ​សហគមន៍​ទាំងអស់​នៅកម្ពុជា​កំពុងប្រារព្ធ​បុណ្យ​ព្រះយេស៊ូ​ប្រសូត។ សេចក្តីជូន​ដំណឹងនេះ​កាល​នោះ ​ដូចពួក​កង្វាល​ទទួល​ដំណឹង​អំពី​កំណើ​ត​ព្រះ​យេស៊ូ​យ៉ាងនោះ​ដែរ គឺព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ ពោរពេញ​ដោយ​អំណរ​ដែល​នឹងទទួល​គង្វាលថ្មី​ម្នាក់ ដើម្បី​ណែនាំហ្វូង​ចៀមរបស់​ព្រះអង្គ ក្នុងពេល​ដែល​លោក​អភិបាល អេមីល ដេតម្ប កំពុង​ស្ថិត​ក្នុង​វ័យជរា នឹងត្រូវ​ចូល​និវត្តន៍​នាពេល​ឆាប់ៗខាង​នោះ។

លោកអូលីវិយេ​ទទួលអគ្គ​សញ្ញា​តែង​តាំង ជាអភិបាល នៅ​​ថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០១០​ និងទទួល​មុខងារ​ជាអភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភ្នំពេញ​ ពេញសិទ្ធិ​នៅថ្ងៃទ១ ខែតុលា ឆ្នាំ២០១០ បន្ត​ពីលោក​អភិបាល​អេមីល ដេតម្ប។

និយាយ​ដោយ​លែក សម្រាប់​ព្រះសហគមន៍កា​តូលិក​សន្តី​ម៉ារីញញឹម បានទ​ទួលស្វាគមន៍​លោក​ឪពុកអូលីវីយេ ចុងឆ្នាំ ២០០១ ជាពេល​ លោក​ថ្វាយអ​ភិបូជា​បុណ្យណូអែល​លើកដំបូង​នៅ​ចំការទៀង​ដែរ។

ចាប់​ពីពេល​នោះមក ព្រះសហគមន៍​មួយ​ដែល​នៅដាច់​ស្រយាល និង​ចំ​នៅក​ណ្តាលវា​លស្រែ​បានប្រែ​មុខមាត់​បន្តិចម្តងៗ ​ដែល​ចាប់ផ្តើម​ដោយ​គ្រីស្តបរិស័ទ​តែម្នាក់ ហើយ​ឆ្នាំបន្ទាប់​ពេល​លោកអូលីវីយេបាន​ទៅ​ដល់មាន​បងប្អូន​មួយចំនួន​ទទួលអគ្គសញ្ញា​ជ្រមុជទឹក។ ជាបន្តបន្ទាប់ ព្រះសហគមន៍​រីកចម្រើន និង មានជីវិត​រស់រវើ​កឡើង​រហូតដល់​សព្វថ្ងៃ។

ស្ថិតក្នុង​ឱកាស​ដ៏វិសេសវិសាល​នេះ លោកកុល ជាង ជាតំណាង​គ្រីស្ត​បរិស័ទ​បានថ្លែងថា៖ « រាត្រីនេះ​ជារាត្រី​ដ៏សុខសាន្ត ព្រះជាម្ចាស់​បាន​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ប្រជារាស្រ្ត​របស់​ព្រះអង្គ​នៅលើ​ផែបដី​យើងនេះ។ រាត្រីនេះដែរ ជារាត្រី​នៃពន្លឺ​ដ៏ត្រចះ​ត្រចង់​ក្នុង​ពិភព​លោក ជាពន្លឺ​នៃការ​សង្រ្គោះ​ដែល​ភ្លឺពី​ព្រះកាយ ព្រះហប្ញទ័យ​មេត្តា ករុណា នៃព្រះឱរសយេស៊ូគ្រីស្ត ជាព្រះរាជបុត្រា នៃព្រះ​ដែល​មាន​ព្រះជន្ម​គង់​នៅ។ រាត្រី​ដ៏ពិសិដ្ឋ​នេះ​ជារាត្រី ដែល​ពពេញ​ដោយ​អំណរ​សប្បាយ ពោរ​ពេញដោយ​ស្នាមញញឹម ថ្វាយ​នូវភា​ពអំណរ​សាទរ ទៅ​ព្រះជាម្ចាស់​ដោយ​ច្រៀង​តម្កើង​សិរីរុងរឿង​នៅក្នុង​ពិធី​អភិបូជា​នៃសក្ការបូជា​ដ៏ឱឡារិក​របស់​គ្រីស្តបរិស័​រយើង។ ពន្លឺភ្លើងចម្រុះព៌ណលំអ បន្លិច​ក្នុងព្រះ​ពន្លា​ព្រះយេស៊ូ​ប្រសូត ព្រះ​ឱរស​យេស៊ូ​ផ្ទំក្នុង​ស្នូកសត្វ​យ៉ាង​ស្កប់ស្កល់ នាងម៉ារី លោកយូសែប ហោរាចារ្យ ពួកគង្វាល ថ្វាយតង្វាយ ​និង​ថ្វាយ​បង្គំ​ព្រះឱរស ដោយ​ជ្រះថ្លា។ ក្នុងនាម​យើងជា​កូនចៀម សូមថ្វាយ​បង្គំព្រះអង្គ​រួមជា​មួយលោក​អភិបាល ជាគ្រូគង្វាល​ដ៏សប្បុរស​របស់យើងខ្ញុំ និងជាសាសនទូត​របស់ព្រះអង្គ!!!។

លោក កុល ជាង បន្តថា នៅពេល​យើងខ្ញុំ​ទទួល​នូវអំណរ​ដ៏វិសេស​វិសាល​នៃពិធីបុណ្យ​ព្រះយេស៊ូ​ប្រសូត នាឱកាស​ដ៏ពិសិដ្ឋ​នេះ យើងខ្ញុំ​សូម​ចូល​រួមអបអរសាទ​រ​គម្រប់​ខួប១០ឆ្នាំ ការជ្រើសតាំងលោក​អភិបាល ជាអភិបាល​ឧបត្ថម្ភកៈ​នៃព្រះ​សហគមន៍​កាតូលិក​ប្រចាំភូមិ​ភាគភ្នំពេញ ដែលក្រោយ​មកជា​អភិបាល​ពេញសិទ្ធិ។

​លោក កុលជាង ក៏​បានរៀងរាប់ អំពីកិច្ចការ​ជាច្រើនដែ​​លលោក​អភិបាល​បាន​បំពេញ​ក្នុងកំឡុង​១០ឆ្នាំ​កន្លង​មកនេះ គឺលោកបា​នបំពេញ​បេសកកម្ម​របស់​ព្រះជាម្ចាស់​ដោយចិត្ត​មេត្តា​ករុណា ដោយ​មនសិការ និង​ឧត្តមភាព។ គ្រប់ពេល​វេលាទាំង​អស់លោក​អភិបាល គឺជាសក្ខីភាព បង្ហាញ​នូវ​សេច​ក្តីស្រ​ឡាញ់ ជំនឿ និង ព្រះហប្ញទ័យប្រ​ណី​សន្តោស ដែលមក​ពីព្រះជាម្ចាស់​ផ្ទាល់ ដោយ​បាននាំ​អ្នកទ​ន់ខ្សោយ ទុគ៌តជន ឲ្យចូល​ទៅ​ក្នុ​ង​សង្គម​មានតម្លៃថ្លៃថ្នូរ​​ ហើយ​ប្រែក្លាយ​បេះដូង​បងប្អូន​ទាំងនោះ ​ទៅជាបេះដូង​នៃ​សេចក្តីស្រឡាញ់ ​បេះដូង​នៃសេចក្តីសង្ឃឹម និង​ជីវិតថ្មី។​ស្របជាមួយ​គ្នានេះ ស្នាដៃសិល្បៈ  ផលផ្លែ​នៃគំនិតច្នៃ​ប្រឌិតដ៏​រស់រវើក ផ្កា​នៃជីវិត​ខាងផ្លូវវិញ្ញាណ​បាន​រីកសាយ  ក្នុងដួង​ចិត្ត​យើង​ម្នាក់ៗ  ការយក​ចិត្តទុកដាក់​ក្នុងសេច​ក្តី​ស្រឡាញ់  បានបង្កើត​ឲ្យមាន   ការ​សហការគ្នា  ការសន្ទនាគ្នា     សាមគ្គីភាព ភារតរភាព  ជាធ្លុង​តែមួយ​ក្នុង​មហាគ្រួសារ​តែមួយ ក្រោមដំបូល​នៃតំបូន្មាន   និងការដឹកនាំដ៏ប៉ិនប្រសប់ របស់លោក​អភិបាលផ្ទាល់ ។ ពន្លឺ​នៃសេចក្តី​ស្រឡាញ់ ​ពន្លឺ​នៃ​សន្តិភាព ពន្លឺ​នៃសេចក្តី​សង្ឃឹម  បាននឹងកំពុងរះ​ក្នុងដួងចិត្ត​យើងខ្ញុំម្នាក់ៗ។

តំណាង​ព្រះសហគមន៍​រូបនេះ​បន្តថា ក្នុងរាត្រីដ៏​មហា​អស្ចារ្យនេះ យើងខ្ញុំ​ជាគ្រីស្តបរិស័ទ​សូម​បួងសួង​ដល់​ព្រះ​ជាម្ចាស់   និង​សូម​ទូល​អង្វរ​ដល់​ព្រះឱរស​យេស៊ូគ្រីស្ត សូម​ព្រះអង្គប្រទាន​ពរដល់​លោក​អភិបាល​ សូមឲ្យ​​លោក​​មាន​សុខភាព​ល្អបរិបូណ៌ ​កំលាំង​មាំមួន​ប្រាជ្ញា​កាន់តែ​មានភាព​វៃឆ្លាត  ដើម្បី​ជាម្លប់​ដ៏ត្រជាក់​សម្រាប់​គ្រីស្តបរិស័ទ និងជានា​វាដ៏រឹងមាំ    ដើម្បី​ដឹកនាំ​ព្រះសហគមន៍ កាតូលិក​នៅប្រទេស​កម្ពុជា​នេះ​កាន់តែ​មាន​ភាពរីកចម្រើន ជាពន្លឺដ៏ត្រចះត្រចង់​ និងជាសក្ខីភាពនៃជំនឿ សម្រាប់​កូនទាំងអស់គ្នាជាកាយឬទ្ធិ ជាយុវជន  ជាគ្រីស្តប​រិស័ទ ជាគណៈកម្មការ​ព្រះសហគមន៍​កាតូលិក ជាបព្វជិត​បព្វជិតា ទៅជាបុត្រធីតា​ជាទីគាប់​ព្រះទ័យ​របស់​ព្រះជាម្ចាស់​ជានិរន្តរ ។

ជាការ​ពិតសមិទ្ធិផល​ជាច្រើន​ដែលលោក​អភិបាល​បាន​បំពេញ គឺសម្រាប់​ព្រះរាជ្យរ​បស់​ព្រះជាម្ចាស់​បានទៅ​ដល់ទី​ដាច់​ស្រយាល​នៃផែនដី មនុស្ស​ជាច្រើន​បាន​ស្គាល់​ព្រះនាម​របស់​ព្រះអង្គ និងទទួល​បាននូវ​ការ​សង្គ្រោះ។