ព័ត៌មានភូមិភាគភ្នំពេញ

អធិដ្ឋានពេញមួយយប់សម្រាប់ការត្រាស់ហៅលើកទី៧៨

ព្រះវិហារព្រះកុមារយេស៊ូ បឹងទំពន់ បានរៀបចំការអធិដ្ឋានពេញមួយយប់លើកទី៧៨ ស្របតាមការណែនាំរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដើម្បីឲ្យមានយុវជន យុវនារីនៅកម្ពុជាឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ដោយថ្វាយខ្លួនជាបព្វជិត បព្វជិតា បម្រើព្រះសហគមន៍ និងបម្រើបងប្អូនឯទៀតៗ។

ពិធីអធិដ្ឋានពេញមួយយប់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកអភិបាល ព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ ដោយមានលោកបូជាចារ្យ និងក្រុមសាសនទូតផ្សេងៗ រួមជាមួយគ្រីស្តបរិស័ទបានចូលរួមជាច្រើនកុះករ នាល្ងាចថ្ងៃទី៣ មករា ២០១៩ នៅសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនេះដែរលោកអភិបាល បានរំឭកគ្រីស្តបរិស័ទអំពីបទពិសោធនាពេលប្រារព្ធពិធីបុណ្យព្រះយេស៊ូប្រសូតនៅតាមព្រះសហគមន៍នីមួយៗ។ លោកថា នៅពេលនោះមានបងប្អូនដែលមិនមែនជាគ្រីស្តបរិស័ទជាច្រើនមកចូលរួមនៅក្នុងពិធីបុណ្យនេះគឺ មកដោយសារជាពេលវេលាដើម្បីសប្បាយរួមគ្នា មកដោយសារអាចទទួលអំណោយខ្លះៗ មកដោយសារពួកគាត់យល់ថា ថ្ងៃហ្នឹងជាថ្ងៃដែលយើងទៅជាគ្រួសារមួយដែលណែនាំឲ្យភ្លេចនូវបញ្ហា ទុក្ខព្រួយ និងណែនាំឲ្យរស់នៅក្នុងសេចក្តីសង្ឃឹម។ លោកអូលីវីយេ បានមានប្រសាសន៍ណែនាំគ្រីស្តបរិស័ទ ជាពិសេសចំពោះយុវជនយុវនារីនៅក្នុងធម្មទេសនាថា៖ យប់នេះយើងអធិដ្ឋានសម្រាប់ការត្រាស់ហៅលើកទៅ៧៨ សូមឲ្យយើងយកចិត្តទុកដាក់ថែមទៀត ព្រោះព្រះសហគមន៍របស់យើងមានសាសនទូតច្រើនមែន តែសាសនទូតទាំងនោះធ្វើដំណើរផ្លាស់ប្តូរទៅវិញទៅមក និងមានលោកបូជាចារ្យ ក៏ដូជាបងប្រុសបងស្រីមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ លោកបន្តថា យើងត្រូមានលោកបូជាចារ្យ និងបងស្រីដែលរស់នៅរួមជាមួយបងប្អូនដូចព្រះយេស៊ូពីដើម ដើម្បីជួយលើកទឹកចិត្តបងប្អូន ដើម្បីអប់រំ ដើម្បីបំភ្លឺ ដើម្បីធ្វើជាយ៉ូហានបាទីស្ត ហើយជាតួនាទីរបស់លោកបូជាចារ្យ បងប្រុស បងស្រីយើងគឺបង្ហាញព្រះយេស៊ូឲ្យបងប្អូនចាប់ផ្តើមទទួលទឹកដែលណែនាំឲ្យមានជីវិតអស់កល្បជានិច្ចដូចស្រ្តីសាម៉ារី។

លោកបានផ្តាំផ្ញើទៅគ្រីស្តបរិស័ទធ្វើយ៉ាងណាឲ្យរកឃើញផ្លូវ និងគោលដៅនៅក្នុងជីវិតយ៉ាងច្បាស់លាស់ដោយ អធិដ្ឋាន និងមានក្រុមគ្រុមគ្រួសារកាតូលិកយកចិត្តទុកដាក់រស់នៅក្នុងបរិយាកាសយ៉ាងពិសេស ដោយសារការត្រាស់ហៅលូតលាស់ និងរីកចម្រើននៅក្នុងក្រុមគ្រួសារ។ ក្រៅពីធម្មទេសនា លោកអភិបាលអូលីវីយេ បានស្នើសុំឲ្យយុវជនយុវនារីឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ និងទុកអទិភាពពិសេសសម្រាប់ភូមិភាគនីមួយៗ ដើម្បីបំពេញបេសកកម្មដែលព្រះជាម្ចាស់បានប្រទានឲ្យ។ លោកមានប្រសាសន៍បន្តថា ដោយសារព្រះសហគមន៍របស់យើងជាព្រះសហគមន៍តូចណាស់ ដូច្នេះយប់នេះយើងអធិដ្ឋាននិងបន្តពេញមួយយប់ ដើម្បីអរព្រះគុណព្រះជាម្ចាស់ និងទូលសូមព្រះអង្គគង់នៅជាមួយយើងជានិច្ច ជាពិសេសសូមឲ្យយើងនៅជាមួយព្រះជាម្ចាស់។

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ តែងតែរៀបចំការអធិដ្ឋានពេញមួយយប់សម្រាប់ការត្រាស់ហៅនេះជាំរៀងរាល់ដើមខែនីមួយៗ និងផ្លាស់ប្តូរទៅតាមទីកន្លែងនានាក្នុងភូមិភាគភ្នំពេញ ប្រមាណជាង៦ឆ្នាំកន្លងមកហើយ។ ជាលទ្ធផលព្រះសហគមន៍បានទទួលយុវជនចំនួន៤រូបឲ្យទៅជាបូជាចារ្យនៅតាមភូមិភាគនីមួយៗ និងមានយុវនារីជាច្រើនរូបបានថ្វាយខ្លួនតាមរយៈពាក្យសច្ចាប្រណិធាននៅក្នុងក្រុមគ្រួសារព្រះនាងម៉ារីជាទីពំនឹងពំនាក់ ក្រុមគ្រួសារឧបការគុណ ក្រុមគ្រួសារស្រឡាញ់ព្រះឈើឆ្កាង និងក្រុមគ្រួសារបុត្រីបម្រើព្រះយេស៊ូជាដើម។

ចុចរូបខាងក្រោមដើម្បីមើលរូបទាំងអស់

ការអធិដ្ឋានពេញមួយយប់សំរាប់ការត្រាសហៅ