ព័ត៌មានភូមិភាគភ្នំពេញ

សិក្ខាសាលាស្តីអំពី គ្រួសារ និង ព្រះបន្ទូល

ភ្នំពេញ៖ គណៈកម្មការអប់រំជំនឿកាតូលិកកម្ពុជា បានរៀបសិក្ខាសាលាជាអន្តរភូមិភាគ ស្តីអំពី “គ្រួសារ និង ព្រះបន្ទូល” សម្រាប់អ្នកណែនាំ អប់រំជំនឿរបស់ព្រះសហគមន៍កាតូលិកទាំងបីភូមិភាគ ដើម្បីរិះគិតអំពីក្រុមគ្រួសារ និងបញ្ជ្រាបការយល់ដឹងអំពីគរុកោសល្យនៃការអប់រំដល់អ្នកណែនាំអប់រំជំនឿ។ សិក្ខាសាលានេះបានធ្វើឡើងពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ២០១៨ នៅព្រះវិហារសន្តសិលា និង សន្តប៉ូល ភ្នំពេញថ្មីដោយនឹងមានអ្នកចូលរួមប្រមាណជាង១០០នាក់។

យោងតាមសារស្វាគមន៍របស់លោកអភិបាល អន់តូនីសាមីសូរសៃរាជ្យ ជាអភិបាលទទួលបន្ទុក អប់រំជំនឿការតូលិកនៅកម្ពុជាបានថ្លែងថា ប្រធានបទ “គ្រួសារ និង ព្រះបន្ទូល” ជាប្រធានបទដែលត្រូវរិះ។ លោកថា យើងមានបំណងឲ្យបងប្អូនទាំងអស់ចាប់អារម្មណ៍ថា ការអប់រំជំនឿជាការសំខាន់ណាស់ ហើយត្រូវផ្តើមចេញពីគ្រួសារ និងដោយគួបផ្សំជាមួយការខិតខំរបស់ព្រះសហគមន៍ដោយបង្កើតឲ្យមានសៀវភៅ និងសម្ភារៈផ្សេងៗដើម្បីបង្រៀនឲ្យសមស្របតាមលក្ខណៈបច្ចេកទេសនៃ គរុកោសល្យ។ លោកថា គ្រួសារជាគឺជាថ្នាក់អប់រំជំនឿដំបូង ដែលបង្កើតទម្លាប់ឲ្យកូនៗទៅព្រះវិហារ ឲ្យកូនៗស្រឡាញ់ព្រះសហគមន៍ ស្រឡាញ់ព្រះបន្ទូល ស្រឡាញ់ព្រះជាម្ចាស់ និងបន្ទាបខ្លួនទទួលយកការសង្គ្រោះដោយអំណរនិងសេចក្តីដឹងគុណ។ លោកបញ្ជាក់ថា សិក្ខាសលានេះនឹងជួយដាស់តឿនបងប្អូនអំពីជំនឿ និងស្វែងរកប្រភពនៃជំនឿ ដោយឲ្យរិះគិតពីរបួសរបស់គ្រួសារនីមួយៗដែលព្រះជាម្ចាស់លើកលែងទោសឲ្យ។

លោក ដួង សាវង់ ជាប្រធានការិយាល័យអប់រំជំនឿកាតូលិកកម្ពុជា បានមានប្រសាសន៍ថា៖ ក្នុងសិក្ខាសាលាមានរៀបចំប្រធានបទតូចៗទៅតាមថ្ងៃនីមួយៗ ដើម្បីចូលរួមជាមួយព្រះសហគមន៍ដែលលើកយកគ្រួសារជាគោលឆ្នាំរបស់ព្រះសហគមន៍។ លោកថា ដូចលោកអភិបាលអូលីវីយេ បានមានប្រសាសន៍ណែនាំអំពីគ្រួសារ តាមជំហាននីមួយៗ ដោយរិះគិតជាមួយយុវជន ដើម្បីឲ្យពួកគេយល់ពីព័តមាន និងត្រៀមខ្លួនមុននឹងបង្កើតក្រុមគ្រួសារ។ លោកថា ជំហានបន្ទាប់គិតអំពីអ្នករៀបអាពាហ៍ពិពាហ៍ និងចុងក្រោយគឺបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច។ ក្នុងន័យនេះដែរ លោក សាវង់ បានបញ្ជាក់ទៀតថា សម្រាប់ការអប់រំជំនឿក៏ត្រូវការយកចិត្តទុកដាក់ដូចគ្នាដែរ ដោយផ្សារភ្ជាប់ជាមួយគ្រួសារនិងព្រះគម្ពីរ។

កញ្ញា សុវណ្ណចាន់បុប្ផា ជាអ្នកណែនាំអប់រំជំនឿមកពីព្រះវិហារសន្តយ៉ូសែបផ្សារតូច បានឲ្យនិយាយថា ហេតុដែលធ្វើឲ្យខ្ញុំចង់ធ្វើជាគ្រូអប់រំជំនឿព្រោះជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ និងចង់ពង្រឹងជំនឿខ្លួនឯង ព្រោះកាលណាយើងអប់រំជំនឿគេក៏ដូចជាអប់រំជំនឿខ្លួនឯងអីចឹងដែរ។ បុប្ផា បានឲ្យដឹងទៀតថា នៅពេលអប់រំគេ គឺយើងត្រូវតែបើកផ្លូវឲ្យស្គាល់ព្រះយេស៊ូ ដែលធ្វើឲ្យយើងកាន់តែស្គាល់ និងជិតស្និទ្ធជាមួយព្រះជាម្ចាស់ថែមទៀត។ ជាមួយគ្នានេះដែរ ក្នុងមុខងារជាអ្នកណែនាំអប់រំជំនឿ នាងញុំត្រូវមានជំនឿ ស្គាល់ព្រះជាម្ចាស់ឲ្យច្បាស់ អានអត្ថបទព្រះគម្ពីរដើម្បីពង្រឹងខ្លួន ហើយនាងត្រូវបង្ហាញថានាងជាគ្រីស្តបរិស័ទតាមរបៀបការរស់នៅ របៀបអប់រំជំនឿដោយមានទំនាក់ទំនងជាមួយអ្នកជុំវិញ។

រីឯលោក ស៊ីធីម មកពីសៀមរាប ក៏បាននិយាយផងដែរថា រយៈពេលបីថ្ងៃនេះធ្វើឲ្យខ្ញុំបានទទួលចំណេះដឹងអំពីខ្លួនឯងផ្ទាល់ ដោយសារគ្រួសារជាព្រះសហគមន៍តូចមួយ និងជាសាលារៀនពិសេសដើម្បីអប់រំកូនក៏ដូចជាខ្លួនឯង។ លោកធីមបន្តថា ប៉ុន្មានថ្ងៃនេះជួយលោកច្រើនដោយគ្រួសាររបស់លោកមានទាំងគ្រីស្តបរិស័ទផង និងមិនមែនគ្រីស្តបរិស័ទផង។ ចឹងសិក្ខាបានបំភ្លឺ លោកឲ្យមានពន្លឺអាចយល់ពីបញ្ហាគ្រួសារ ជម្លោះក្នុងគ្រួសារ និងបញ្ហាជាច្រើនទៀតដែលពិបាកទទួលយក ប៉ុន្តែដោយការបង្ហាញសេចក្តីស្រឡាញ់ធ្វើឲ្យយើងអាចទទួលគ្នាបាន ទាំងរឿងអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងរឿងកូនឲ្យចូលក្នុងព្រះសហគមន៍។ លោកថា ដោយសារតែសេចក្តីស្រឡាញ់ និងការរស់នៅប្រកបដោយធម៌មេត្តាករុណា ធ្វើឲ្យគ្រួសារយល់។

នៅក្នុងអភិបូជាបញ្ចប់នៃអង្គសិក្ខាសាលា លោកអេនរីកេ ហ្វីការេដូរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលជាអ្នកណែនាំជំនឿ ឲ្យរក្សាដួងចិត្តជាប់ជាមួយព្រះហឫទ័យរបស់ព្រះយេស៊ូទោះបីជាយើងនៅក្នុងស្ថានភាពខ្សោយ លំបាកយ៉ាងណាក៏ដោយសូមកុំគិតតាមអារម្មណ៍របស់យើងឬទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលធ្វើឲ្យប៉ះពាល់ដល់ជំនឿ។

សិក្ខាកាមដែលបានចូលរួមក្នងកម្មវិធីសិក្ខាសាលានេះ ទទួលបានការឈ្វេងយល់អំពីបញ្ហានានាដែលកើតមាននៅក្នុងក្រុមគ្រួសារ ដំណោះស្រាយគ្រួសារដែលមានសាសនាផ្សេងពីគ្នា និងរបៀបនៃការអប់រំកូនឲ្យស្របទៅនឹងជំនឿផងដែរ។ លោកបន្តថា គ្រូអប់រំជំនឿត្រូវឲ្យជីវិតរបស់យើងត្រូវគ្នានឹងអ្វីដែលយើងបង្រៀន គឺប្រព្រឹត្តតាមព្រះបន្ទូលព្រះជាម្ចាស់តាមរយៈរបៀបដែលយើងរស់នៅ។ លោកបញ្ជាក់បន្ថែមទៀតថា ជាពិសេសត្រូវរំឭកដល់ព្រះយេស៊ូដែលមានវត្តមានគង់នៅជាមួយពួកយើងដោយចូលរួមជាមួយអគ្គសញ្ញាដែលបង្ហាញអំពីសេចក្តីស្រឡាញ់។

តាមការឲ្យដឹងរបស់លោក ដួង សាវង់ គឺ សិក្ខាសាលានេះជួយពង្រឹងសមត្ថភាព និងជំនឿដល់អ្នកណែនាំជំនឿ ហើយគណៈកម្មការបានរៀបចំជារៀងរាល់ឆ្នាំគឺចាប់ពីឆ្នាំ២០០២មកម្ល៉េះ។ លោកថាការបង្កើតឲ្យមានកម្មវិធីដូចនេះ ពិតជាជួយដល់ស្មារតីគ្រូអប់រំជំនឿ និងបានធ្វើឲ្យព្រះសហគមន៍មានភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។

អត្ថបទដោយ ដាលីស

This slideshow requires JavaScript.