ព័ត៌មានភូមិភាគបាត់ដំបង

វិហារកាតូលិកភូមិទំពូង រៀបចំកម្មវិធីបោះជំរំដើម្បីពង្រឹងសមត្ថភាពយុវជនក្នុងភូមិ

ព្រះសហគមន៍កាតូលិកទំពូង ស្ថិតក្នុងតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង រៀបចំកម្មវិធីបោះជំរំសម្រាប់យុវសិស្សនៅក្នុងភូមិលើកទីមួយ ក្រោមប្រធានបទ “ជីវិតនិងពេលវេលា ” ។ 

កម្មវិធីនេះ មានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០១៩ ហើយយុវសិស្សដែលចូលរួមមានចំនួន ៥០ នាក់ជាសិស្សនៅក្នុងភូមិទំពូងផ្ទាល់។ 

តាម លោករឿត រ៉ាវុធ ជាអ្នកសម្របសម្រួលកម្មវិធីបានឲ្យដឹងថាកម្មវិធីបោះជំរំនេះមិនទាក់ទងនឹងជំនឿកាតូលិកទេ ហើយ អ្នកចូលរួមទាំងអស់ យុវសិស្ស កាតូលិក និងមិនកាតូលិក ដែលនៅក្នុងភូមិជាពិសេសគឺសម្រាប់សិស្សានុសិស្សទាំងអស់។ 

យុវសិស្សដែលចូលរួមកម្មវិធីបោះជំរំ នៅព្រះសហគមន៍កាតូលិកទំពូង

លោករ៉ាវុធបន្តថា គោលបំណងចម្បងនៃកម្មវិធីបោះជំរំនេះគឺចង់ប្រមូលយុវសិស្សទាំងអស់ ដែលជាធនធានសម្រាប់អភិវឌ្ឍន៍ភូមិនាពេលអនាគត ដើម្បីឲ្យគាត់បានស្គាល់គ្នា ជួបជុំគ្នា រៀនជាមួយគ្នា ឱកាសធ្វើសកម្មភាពផ្សេងៗជាមួយគ្នាក្នុងពេលបោះជំរំនេះនេះ និងដើម្បីបង្កើនទំនាក់ទំនងល្អរវាងគ្នា និងគ្នា ។ គោលបំណងមួយទៀត គឺដើម្បីឲ្យពួកគាត់មានភាពក្លាហាន ព្រោះនៅក្នុងការបោះជំរំហ្នឹងគឺយើងផ្ដល់ចំណេះដឹងផ្សេងៗ តាមរយៈមេរៀន និងបទពិសោធន៍ជីវិតផ្សេងៗផងដែរ នេះជាគោលបំណងរួមរបស់យើង។ គោលបំណងពិសេសមួយទៀត គឺយើងចង់ប្រមូលយុវសិស្សទាំងអស់ជុំគ្នាដើម្បីយើងមានឱកាសអប់រំគាត់ ដើម្បីឲ្យគាត់ចាប់អារម្មណ៍ទៅលើជីវិតរបស់គាត់ ។ ឲ្យគាត់ប្រើជីវិតរបស់គាត់នៅក្នុងវ័យនេះគឺសំខាន់ទៅលើការសិក្សា ហើយនឹងឲ្យគាត់មានឱកាសបានសម្រាក សមហរាកពីការងារឲ្យគាត់ និងស្គាល់គ្នាទៅវិញទៅមកដែរ។    ជាងនេះគឺយើងប្រមូលពួកគាត់ ដើម្បីចាប់ផ្តើមពង្រឹងសមត្ថភាពបុគ្គល ពង្រឹងសមត្ថភាពជាអ្នកណែនាំ សមត្ថភាពជាអ្នកជួយសកម្មភាពផ្សេងៗនៅក្នុងសង្គម ព្រោះយើងចង់បង្កើតក្រុមពិសេស ដើម្បីធ្វើនូវសកម្មភាពផ្សេងៗនៅក្នុងភូមិ ឲ្យមានសកម្មភាពផុសផុលឡើង ជាពិសេសបម្រើវិស័យអប់រំក្នុងភូមិឲ្យមានភាពប្រសើរឡើង។ 

ព្រះសហគមន៍កាតូលិកភូមិទំពូង មានសកម្មភាពយ៉ាងសកម្មលើវិស័យអប់រំ និងបានគាំទ្រយុវជនជាច្រើនឲ្យបានទទួលការអប់រំរហូតដល់ ចប់មហាវិទ្យាល័យជាច្រើននាក់។