ព័ត៌មានភូមិភាគភ្នំពេញ

លោកអភិបាលអូលីវីយេ ត្រាស់​ហៅ​ មនុស្សពេញវ័យ ៧០ ​រូប យ៉ាង​ឱឡារឹក ​ ​​ឲ្យត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនាពេលខាងមុខ

បេក្ខជន​ បេក្ខនារី ចំនួន​៧០​រូប​មក​ពី៩​មណ្ឌល​សកម្មភាព​នៃ​​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ បាន​ទទួល​ពិធី​ត្រាស់​ហៅ​យ៉ាង​ឱឡារឹក​ ដើម្បី​ទទួល​ពិធី​ជ្រមុជទឹក​នៅ​រាត្រី​ថ្ងៃ​បុណ្យ​ចម្លង​ខាងមុខនេះ។

ពិធី​នេះបាន​ប្រារព្ធឡើង​​​នៅ​ព្រះវិហារ​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី​ ក្រោម​អធិបតី​ភាព​​លោក​អភិបាល​អូលី​វីយេ តំណាង​ព្រះសហគមន៍​ភ្នំពេញទាំងមូល កាល​ពី​​ថ្ងៃទី​១ ខែមីនា ២០២០។​​

តំណាងព្រះសហគមន៍ បាន​ផ្ដល់​សាក្ខីភាព​​អំពី​បេក្ខជន​ទាំងនេះ​​បាន​​ផ្ញើ​ជីវិត​លើ​ព្រះហឫទ័យ​មេត្តា​ការុណា​របស់​ព្រះជាម្ចាស់​ និងសហគមន៍​គ្រីស្ត​បរិស័ទ​គាំ​ទ្រ​ពួក​គាត់​​ដោយ​ពាក្យ​អធិដ្ឋាន ព្រម​ទាំង​ដាស់​តឿន​ឲ្យ​គេ​ខិត​ខំ​រស់​នៅ​តាម​ដំណឹង​ល្អ​។ ​​ស្នើ​ដល់​លោក​អភិបាល​​​​​​​​ តាមរយៈ​សំណើ​របស់​បេក្ខជន ដើម្បី​ទទួល​ពិធី​ត្រាស់​ហៅ​យ៉ាង​ឱឡារឹក​ដោយ​ផ្អែក​លើ​ជំនឿ​របស់ពួក​គេ។​

នៅក្នុងពិធី លោក​អភិបាល​បាន​សួរ​ទៅ​កាន់​តំណាង​ព្រះសហគមន៍​ដែល​មាន​លោក​បូជាចារ្យ បងធម៌ និង​គ្រូ​អប់រំ​ជំនឿ​ដើម្បី​បញ្ជាក់​អំពីជំនឿ​​របស់​បេក្ខភាព​ជំហាន​​​ទី២ និង​ការ​ប្ដេជ្ញាចិត្ត​របស់​ពួកគេ ​និង​ក្រោយ​មកតំណាង​ព្រះសហគមន៍​​បាន​ប្រកាស​ហៅ​ឈ្មោះ​អ្នក​ទាំង​នោះ​តាមព្រះសហគមន៍​នីមួយៗ​​ ដើម្បី​ទទួល​ប្រេង​ផ្ដល់​កម្លាំង​នៃជំនឿ​ពី​លោក​អភិបាល​ និង​ទទួល​កន្សែងពណ៌ស្វាយដែល​ជាសញ្ញាបញ្ជាក់ពីការ​កែប្រែចិត្ត​គំនិត​ថ្មី​ពី​បងធម៌ រួច​ចុះ​ឈ្មោះ​នៅក្នុង​បញ្ជីរ​ព្រះសហគមន៍ភូមិភាគ​ភ្នំពេញ។​

នៅក្នុង​ធម្មទេសនា​លោកអភិបាល​អូលីវី​យេ​ បាន​រំឭក​ដល់​បេក្ខជន​ និង​គ្រីស្ត​បរិស័ទ​​ទាំងអស់​ឲ្យ​ស្ដាប់ព្រះបន្ទូល រស់នៅ​តាម​ព្រះបន្ទូល រស់​នៅ​ជា​បងប្អូន​ក្នុង​ព្រះសហគមន៍​ និងអធិដ្ឋាន។ លោក​បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នៅ​ក្នុង​ពិភព​លោក​នេះ​មាន​ការល្បួង​ជា ច្រើន   សូ​ម្បី​​ព្រះយេស៊ូក៏​មារមកល្បួងដែរ។

លោក​មាន​ប្រសាសន៍​ដោយ​លើក​បញ្ហា៣​មកបញ្ជាក់ គឺ​​ការល្បួង​ដែល​នាំ​ឲ្យ​យើង​មាន​ចិត្ត​លោភលន់​ បញ្ហាទី២ ​​​ព្រះយេស៊ូ​ទទួល​ការ​ល្បួង​​ឲ្យ​ទទួល​អំណាច​ និងបញ្ហាចុងក្រោយ​គឺ មារ​នាំព្រះយេស៊ូថ្វាយ​បង្គំ​ទ្រព្យ​សម្បត្តិ តែ​ព្រះយេស៊ូ​បដិសេធ រីឯ​យើង​សូម​​ឲ្យ​យើង​​​​គោរព​ប្រណិប័តន៍​​ព្រះជាម្ចាស់​ដូចព្រះយេស៊ូ​បានណែនាំ។​

បេក្ខជន សិលា ចាន់ ម៉ានុត បាន​និយាយថា ជំហានទី២នេះ​ពិតជាសប្បាយ​ចិត្ត​ខ្លាំង​ដោយ​ជិត​បាន​ទទួល​អគ្គសញ្ញា​ជ្រមុជ​ទឹក​នៅ​រាត្រី​បុណ្យ​ចម្លង​ខាង​មុខ​។

លោក​ម៉ានុត​បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ពិធីនេះ ដោយ​ប្ដូរ​ពី​របៀប​រស់​នៅ​និង​កែប្រែ​ចិត្ត​គំនិត​ដើម្បី​ទទួល​ជីវិត​រស់​នៅ​អស់​កលល្បជានិច្ច ដោយ​លាង​សម្អាតអត្តចរិក​មាយាទ ឫកពារ​នៃ​ការរស់នៅ​របស់​ខ្ញុំ»។​

ចំណែក​ឯបេក្ខនារី សែត ឃុននារី បាន​បញ្ជាក់​ថា​ ដោយសារ​តែ​បាន​ឃើញ​ជីវិត​របស់គ្រីស្ត​បរិស័ទ​ចេះ​សហការ​គ្នា ចេះ​អប់រំ និង​លើកលែង​ទោស​ឲ្យ​គ្នា​ ណែនាំ​គ្នា​ដោយស្មោះ​ត្រង់​​និង​ភក្ដីភាព បាន​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេច​​ចិត្ត​ចូល​ក្នុង​ព្រះសហគមន៍ និង​ធ្វើជាគ្រីស្ត​បរិស័ទ ព្រម​ទាំង​មាន​គម្រោង​បង្រៀន​កុមារ​ឲ្យ​ស្គាលពីព្រះសហគមន៍​ផងដែរ។​