ព័ត៌មានភូមិភាគភ្នំពេញ

លោកអភិបាលជំរុញ គ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់ អ្នកក្រីក្រ អរិយធម៌ ធម្មជាតិនិងព្រះសហគមន៍

មុនរដូវអប់រំពិសេស ឬរដូវត្រណមខាងមុខនេះ លោកអភិបាល អូលីវីយេ បានជំរុញឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់នូវបួនចំណុចសំខាន់ៗទាក់ទងទៅនឹង អ្នកក្រីក្រ អរិយធម៌ប្រពៃណីក្នុងប្រទេស ការថែរក្សាធនធានធម្មជាតិ និងការអភិវឌ្ឍព្រះសហគមន៍ក្នុងរបៀបថ្មីមួយ។

លោកអភិបាលមានប្រសាសន៍អំពីរឿងទំាងនេះនៅក្នុងធម្មទេសនា នៅព្រះសហគមន៍សន្តិសិលា ពោធិ៍ធំ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយភ្ជាប់សារលិខិតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ។

លោកអភិបាលមានប្រសាសន៍ថា «កុំឲ្យយើងមានសង្គមដែលបែងចែកមនុស្ស…ឲ្យសិទ្ធិមនុស្សមានស្មើគ្នាសម្រាប់មនុស្សទាំងអស់»។ លោកអភិបាលបន្ថែមថា ទោះបីព្រះសហគមន៍យើងតូចក៏ដោយ នៅពេលយើងលើកទឹកចិត្តជាមួយអ្នកក្រីក្រ ជាមួយកម្មករ ជាមួយអ្នកជំងឺ ជាមួយបងប្អូនដែលសង្គមមិនអើពើ យើងដឹងថានៅពេលនោះយើងចូលនៅក្នុងព្រះហឫទ័យមេត្តាករុណារបស់ព្រះជាម្ចាស់។ មានន័យថា យើងបានធ្វើដំណើរជាមួយអ្នកក្រីក្រដើម្បីឲ្យមនុស្សទាំងអស់មានជីវិតថ្លៃថ្នូរ និងមានសិទ្ធិស្មើៗគ្នា «នេះជាសំឡេងដែលព្រះសហគមន៍អាចមាន»។

ក្នុងនោះដែរលោកអភិបាលបានជំរុញឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់កាន់តែខ្លាំងថែមទៀតនៅក្នុងរដូវអប់រំពិសេសថ្ងៃខាងមុខនេះចំពោះអ្នកក្រីក្រ ដែលកំពុងអស់សង្ឃឹម និងបាត់បង់តម្លៃថ្លៃថ្នូរក្នុងជីវិត។

ក្នុងនោះដែរលោកអភិបាលបានរំលឹកថា ព្រះសហគមន៍នៅកម្ពុជា មិនមែនជាព្រះសហគមន៍របស់បរទេសទេ ប៉ុន្តែផ្ទុយទៅវិញ ព្រះសហគមន៍នេះភ្ជាប់ជីវិត អំណរសប្បាយ ទុក្ខលំបាក ប្រពៃណី វប្បធម៌ សាសនា របៀបដែលប្រជាជនកម្ពុជារស់នៅជាប្រចាំ «ដើម្បីឲ្យព្រះហឫទ័យរបស់ព្រះគ្រីស្តចូលនៅក្នុងទឹកដីរបស់យើងយ៉ាងជ្រៅ និងធ្វើដំណើរជាមួយបងប្អូនយ៉ាងពិតប្រាកដ»។

លោកអភិបាលបន្ថែមថា របៀបដែលយើងអធិដ្ឋាន របៀបដែលយើងបង្កើតទំនាក់ទំនង របៀបដែលយើងចូលនៅក្នុងបុណ្យប្រពៃណីនីមួយៗ… នេះជារបៀបដែលបង្ហាញថាយើងជាគ្រួសារតែមួយដែលចេះគោរពគ្នាទៅវិញទៅមក ដែលចេះទទួលប្រពៃណី អរិយធម៌ វប្បធម៌ ដ៏អស្ចារ្យដើម្បីចូលនៅក្នុងពន្លឺរបស់ព្រះគ្រីស្តផង។

ពាក់ព័ន្ធនឹងបរិស្ថាន លោកអភិបាលបានជំរុញឲ្យគ្រីស្តបរិស័ទរួមគ្នាថែរក្សាធម្មជាតិដែលព្រះជាម្ចាស់បានបង្កើតមកសម្រាប់ជីវិតរស់នៅរបស់មនុស្ស។ «ពេលយើងអស់ព្រៃឈើ ពេលយើងអស់សត្វ យើងគ្មានអ្វីដើម្បីចិញ្ចឹមជីវិតរបស់យើងទៀតទេ ឲ្យយើងស្រឡាញ់ធម្មជាតិរបស់យើង។ សព្វថ្ងៃ នៅក្នុងទន្លេយើងនេសាទបានត្រីតិចទៅៗ នេះដោយសារលទ្ធផលនៃរបៀបដែលយើងរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ ដែលណែនាំឲ្យយើងបំផ្លាញធម្មជាតិ» លោកអភិបាលបញ្ជាក់។

លោកអភិបាលបានមានប្រសាសន៍សូមឲ្យគ្រីស្តបរិស័ទចាត់ទុកផែនដីនេះជាផ្ទះរួមរបស់យើងទាំងអស់គ្នា ហើយមនុស្សទាំងអស់ជាក្រុមគ្រួសារមួយដែលចេះស្រឡាញ់ផ្ទះរួមនេះ។

មុននឹងបញ្ចប់ធម្មទេសនា លោកអភិបាលក៏ជំរុញឲ្យគ្រីស្តបិរស័ទចូលរួមបន្ថែមទៀត ដើម្បីបង្កើតសកម្មភាពនានាក្នុងព្រះសហគមន៍ រួមមាន សង្គហៈ និងក្រុមអប់រំបន្តជំនឿជាដើម។

ជាមួយកិច្ចការបម្រើព្រះសហគមន៍ក្នុងមុខងារជាអ្នកបួស លោកអភិបាលបានជំរុញឲ្យយុវជន-នារីចូលរួមថ្វាយខ្លួនដើម្បីបម្រើព្រះសហគមន៍ ដើម្បីឲ្យព្រះសហគមន៍ក្លាយជារបៀបខ្មែរពិតៗ និងរស់នៅក្នុងអរិយធម៌និងវប្បធម៌នៃជាតិសាសន៍ខ្មែរ៕

ង៉ែត សុធីរិទ្ធ