ព័ត៌មានភូមិភាគភ្នំពេញ

លោកយាយលោកតា ជាង១០០នាក់ចូលរួមអបអរបុណ្យព្រះយេស៊ូប្រសូត

លោក​យាយ លោកតា ចំនួន​១០៥​នាក់ មក​ពី​ភូមិ​នានា​ក្នុង​ឃុំ​គូស បាន​អញ្ជើញ​ចូល​រួម​ទទួល​អំណរ​សប្បាយ រួម​ជាមួយ​គ្រីស្ត​បរិស័ទ​ព្រះ​សហគមន៍​កាតូលិក ព្រះ​វិហារ​សន្តី​ញញឹម ភូមិ​ចំការទៀង ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៩។

មាន​ប្រសាសន៍​ក្នុង​ពិធី​នេះ​លោក អ៊ឺន ធីវ តំណាង​គណៈ​កម្មការ​សង្កហៈ​ព្រះសហគមន៍​ព្រះវិហារ​សន្តី​ម៉ារី​ញញឹម បាន​ឲ្យ​ដឹង​ថា៖ « ក្រុម​សង្គហៈ​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិ​ចំការ​ទៀង មាន​សមាជិក​ចំនួន ១០​នាក់ បាន​ចែក​ជា​ប្រាំ​ក្រុម ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​បងប្អូន​តាម​ភូមិ​នានា ដែល​គេ​រស់​នៅ មាន​ចាស់​ជរា អ្នក​ជំងឺ បងប្អូន​ក្រី​ក្រ​ខ្វះ​ខាត ជន​មាន​ពិការភាព​ជាដើម។ ជា​រៀង​រាល់​ខែ យើង​បាន​ឧបត្ថម្ភ​ខ្លះៗ​ដល់​បង​ប្អូន​មួយ​ចំនួន​តាម​លទ្ធភាព​របស់​ព្រះសហគមន៍​យើង និង​បាន​ជួយ​សង់​ផ្ទះ បង្គន់​អនាម័យ​មួយ​ចំនួន​ដែរ»។

លោក​បន្ត​ថា៖ «ជាង​នេះ​ទៅ​ទៀត ក្នុង​កាស​បុណ្យ​ណូអែល (បុណ្យ​ព្រះយេស៊ូ​ប្រសូត) ដោយ​មាន​ជំនួយ​សង្គហៈ​ពី​ព្រះសហគមន៍ ដែល​មាន​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​លោក​អភិបាល អូលីវីយេ ក្រុម​សង្គហៈ​យើង​បាន​ទៅ​តាម​ភូមិ​សួរ​សុខ​ទុក្ខ និង​បាន​ប្រជុំ ជ្រើស​រើស​លោក​យាយ លោក​តា និង​បង​ប្អូន​ក្រីក្រ​ខ្វះ​ខាត​​មួយ​ចំនួន ដើម្បី​ជួយ​ឧបត្ថម្ភ​នៅ​ក្នុង​រដូវ​បុណ្យ​ព្រះយេស៊ូ​ប្រសូត។»

លោក​តំណាង ក្រុម​សង្គហៈ​បញ្ជាក់​បន្ថែម​ថា៖  «ពិត​មែន លោក​យាយ លោក​តា និង​បង​ប្អូន​ទាំង​អស់​មាន​អំណរ​សប្បាយ​ខ្លាំង​ដោយ​ព្រះសហគមន៍​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ពួក​គាត់។ ចំណែក​យើង​ទាំង​អស់​ដែល​បំពេញ​កិច្ចការ​នេះ ក៏​មាន​អំណរ​សប្បាយ​​ចែក​រំលែក​ជាមួយ​បង​ប្អូន ដោយ​ចេញ​ពី​ចិត្ត និង​ជំនឿ​លើ​ព្រះយេស៊ូ ។ ដោយ​សារ ​ជំនឿ​លើ​ព្រះយេស៊ូ ដែល​ជំរុញ​យើង​ឲ្យ​បំពេញ​កិច្ច​ទាំង​នេះ ជា​ជំនឿ​ចេញ​ពី​ដួង​ចិត្ត​របស់​យើង​ម្នាក់ៗ​។»  

លោក​អភិបាល​អូលីវីយេ ដែល​ជា​អធិបតី មាន​ប្រសាសន៍​សំណេះ​សំណាល​​ជាមួយ​លោកតា លោក​យាយ និង​បង​ប្អូន​ថា  ៖«ខ្ញុំ​គាំទ្រ ចំពោះ​សេចក្តី​បញ្ជាក់​របស់​តំណាង​ក្រុម​សង្គហៈ​ព្រះសហគមន៍។ ជា​ការ​ពិត​ ជា​រៀង​រាល់​ខែ ព្រះសហគមន៍​បាន​ជួយ​ឧបត្ថម្ភ​បង​ប្អូន ចំនួន​ជាង​១០​គ្រួសារ ផ្ទះ​ក៏​បាន​ធ្វើ​ជូន​ច្រើន​ដែរ។ នេះ​ជា​សញ្ញា​សំគាល់​នៃ​ព្រះសហគមន៍​ដែល​ចេះ​តែ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​គ្នាទៅ​វិញ​ទៅ​មក ទោះបី​មិន​អាច​សង្គ្រោះ​មនុស្ស​ទាំងអស់ តែ​អាច​ជួយ​ខ្លះ​បាន។» 

លោក​អភិបាល​ក៏​បាន​ជូន​ពរ​ដល់​លោក​យាយ លោក​តា ក្នុង​ឱកាស​បុណ្យ​ព្រះយេស៊ូ​ប្រសូត​នេះ សូម​ឲ្យ​មាន​សុខភាព​ល្អ មាន​កំលាំង​កាយ កំលាំង​ចិត្ត​ជានិច្ច ដើម្បី​អប់រំ​ណែនាំ កូន​ចៅ ព្រោះ​គេ​ចង់​ស្តាប់​នូវ​ពាក្យ​ពេជ្រ​ទូន្មាន ដើម្បី​ឲ្យ​មាន​ពន្លឺ​ក្នុង​ដួង​ចិត្ត និង​ទៅ​ជា​មនុស្ស​ដ៏​ល្អ។ 

ជាមួយគ្នា​នេះ លោក​អភិបាល​ក៏​បាន​រំលឹក​លោក​យាយ លោក​តា និង​បង​ប្អូន​ទាំង​អស់ ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​សុខភាព និង​ទទួល​ទាន​ឲ្យ​បាន​ត្រឹម​ត្រូវ មិន​ប្រើ​គ្រឿង​ទេស​ដែល​មាន​គីមី​ច្រើន ​និង​សូម​យក​ចិត្ត​ទុក​ដាក់​បង្ករ​បង្កើន​ផល ដាំ​ដំណាំ បន្លែ ផ្លែឈើ តាមស​លក្ខណៈ​ធម្មជាតិ ដោយ​មិន​ប្រើ​ជី​គីមី​ច្រើន​លើល​កម្រិត​ខ្លាំង​ ដែល​បំផ្លាញ​សុខភាព​របស់​មនុស្ស។ សូម​ជួយ​កូន​ចៅ ឲ្យ​រក្សា​ទម្លាប់​ដែល​លោក​យាយ លោក​តា​បាន​ធ្វើ​ពេល​កន្លង​មក ​ដោយ​ប្រើ​ជី​ធម្មជាតិ។

ក្រោយ​ពី​សំណេះ​សំណាល និង​បាន​ស្តាប់​ចម្រៀង អំពី​បុណ្យ​ព្រះយេស៊ូ​ប្រសូត លោក​យាយ លោ​កតា បាន​ទទួល​ទាន​អាហារ​យ៉ាង​ឆ្ងាញ់​រួម​គ្នា និង​ទទួល​បាន​សម្ភារ​ប្រើបា្រស់​មួយ​ចំនួន និង​គ្រឿង​ឧបភោគ​បរិភោគ មាន​អង្ករ​ជាដើម ព្រម​ទាំង​បច្ច័យ​មួយ​ចំនួន​ផងដែរ។

ក្នុង​អំឡុង​ពេល​នេះ ​គ្រីស្ត​បរិស័ទ​គ្រប់​និកាយ​ក្នុង​ពិភពលោក​កំពុង​ចែក​រំលែក​អំណរ​សប្បាយ និង​ប្រារព្ធ​បុណ្យ​ព្រះយេស៊ូ​ប្រសូត។ តាម​ពិត​យើង​ពិត​ជា​មិន​ដឹង​ថា​ព្រះយេស៊ូ​ប្រសូត​នៅ​ថ្ងៃ​ណា​ច្បាស់​លាស់​ទេ ប៉ុន្តែ​អ្នក​ប្រវត្តិសាស្ត្រ​ព្រះសហគមន៍​បាន​កំណត់​យក​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ជា​រៀង​រាល់​ឆ្នាំ ជា​ថ្ងៃ​ប្រារព្ធ​បុណ្យ​កំណើត​ព្រះយេស៊ូ ដែល​ជា​ព្រះអម្ចាស់​បាន​ប្រសូត​ជា​មនុស្ស។ ព្រះអង្គ​ប្រសូត​សម្រាប់​មនុស្ស​ទាំងអស់ និង​នាំ​អំណរ​ដល់​មនុស្ស​គ្រប់​ជាតិ​គ្រប់​សាសន៍។ ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​បាន​បន្ត​កិច្ចការ​ទាំង​នេះ​ជាប់​ជានិច្ច។ រីករាយ​បុណ្យ​ព្រះយេស៊ូ​ប្រសូត!៕

ដោយ លី សុវណ្ណា

This slideshow requires JavaScript.