ព័ត៌មានភូមិភាគភ្នំពេញ

យុវសិស្សដែលមានពិការភាព ចំនួន៧២ នាក់ទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សា

នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ យុវសិស្ស មានពិការភាព ចំនួន ៧២នាក់ ជាសិស្សនៃមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈបន្ទាយព្រាបជំនាន់ទី ៣២ បានទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈរយៈពេល១ឆ្នាំដោយជោគជ័យ។   

ពិធីនេះប្រារព្ធឡើង នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពបន្ទាយព្រាប ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល  ក្រោមអធិបតីភាពរបស់លោក គីម រិទ្ធី   ជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល លោកបូជាចារ្យ អូ អ៊ីនដុន ប្រធានក្រុមសាហជិវិនព្រះយេស៊ូ នៅប្រទេសកម្ពុជា លោកកាព្រីអែល ឡាមុហ្គណាយ៉ាវ៉ា ជាប្រធានអង្គការ ជេអេសស៊ីកម្ពុជា លោក រ៉ូឌី ជាបូជាចារ្យទទួលខុសត្រូវនៅបន្ទាយព្រាប។

តាមរបាយការណ៍របស់លោក ឆាំ សិទ្ធី ប្រធានមណ្ឌលបណ្ទុះបណ្តាលវិជ្ជាជីវៈបន្ទាយព្រាបបានឲ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០១៨ -២០១៩ កន្លងមណ្ឌលបានទទួលសិក្សា ឲ្យចូលរៀន មានចំនួន ៩៣ នាក់ ស្រី ចំនួន២៧នាក់។ បោះបង់ការសិក្សាចំនួន ១៤នាក់ដោយសារកត្តាសុខភាព។       នៅសល់សិស្សចំនួន៧៩នាក់ (ស្រី២៤នាក់ )ដែលបានទទួលការបណ្តុះបណ្តាលពីមណ្ឌលបន្ទាយព្រាប។ លោកបន្តថា សិស្សដែលទទួលវិញ្ញាបនបត្រនាពេលនេះមានចំនួន ៧២នាក់ ស្រី២០នាក់។ ចំណែកផ្នែកអប់រំពិសេសមិនទាន់រៀនចប់ចំនួន៧នាក់ សិស្សស្រី ៤នាក់។

លោកប្រធានមណ្ឌលរូបនេះបន្ថែមទៀតថា មណ្ឌលមុខជំនាញដែលមណ្ឌល បង្ហាត់បង្រៀនដល់សិក្ខាកាមជំនាន់ទី៣២ មាន៖ ជាងកាត់ដេរ សំលៀកបំពាក់បុរសនារី! កុមារ គ្រប់ម៉ូដតាម បែបបុរាណ និងសម័យ។ មុខជំនាញជួសជុលម៉ាស៊ីនធុនតូចគ្រប់ធុន បាញ់ថ្នាំ និងផ្សារ ។  ជំនាញកសិកម្មសិក្សាអំពីចិញ្ចឹម និងថែរក្សាសត្វ ពេទ្យសត្វ ផ្សាំ ដាំដំណាំគ្រប់ប្រភេទ ធ្វើមេផ្សិត បណ្តុះផ្សិត និងបង្កើនទិន្នផលស្រូវ។ មុខជំនាញអេឡិចត្រូនិចរៀនជួសជុល វិឡុ ម៉ាញ៉េ ទូរទស្សន៍ សខ្មៅនិងពណ៌ ក្បាលវីដេអូរ ស៊ីឌី វីស៊ីឌី អិលអ៊ីឌី អិលស៊ីឌី តំឡើងឌីធីវី ជាដើម។ មុខជំនាញជួសជុលទូរសព្ទដៃគ្រប់ប្រភេទនិងបញ្ចូលកម្មវិធីផ្សេងៗទៀត។  ផ្នែកសម្អាងមាន ផាត់មុខ ធ្វើសក់ អ៊ុតនិង កាត់សក់ និងធ្វើក្រចកជាដើម។  ចុងក្រោយគឺផ្នែកខ្សោយសតិបញ្ញា សិក្សាលើមេរៀនឲ្យគេយល់ដឹងពីរបៀបរស់នៅដោយខ្លួនឯង ចេះសំអាតខ្លួនប្រាណសំលៀកបំពាក់ ដាំដំណាំ ធ្វើម្ហូប និងការទំនាក់ទំនងក្នុងសង្គម។ 

លោកឆាំ សិទ្ធី បន្តថា ក្រៅពីមុខជំនាញ មណ្ឌលបានបញ្ចូលបន្ថែមការរៀនអក្ខរកម្ម បន្ថែមនូវមុខជំនាញ កសិកម្មគ្រួសារជំនួញខ្នាតតូច រៀនកាត់សក់បុរស សីលធម៌សង្គម អំពើហិង្សាក្នុងគ្រួសារ សុខភាព ជំងឺអេដស៍ សិទ្ធិមនុស្ស ច្បាប់កិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការនិងច្បាប់គោលផ្សេងៗទៀតរបស់រដ្ឋាភិបាល ដើម្បីឱ្យសិក្ខាកាម បានយល់ដឹង និងអនុវត្តន៍ បានល្អប្រសើរ ពិសេសឲ្យសិក្ខាកាមឈ្វេងយល់ពីរបៀបទំនាក់ទំនងល្អ ទាក់ទាញ អតិថិជនក្នុងការបើករោងជាង ឬយកជំនាញនេះទៅប្រកបមុខរបរ ដើម្បីបានកម្រៃលើកស្ទួយជីវភាពក្នុងគ្រួសាររបស់ពួកគាត់។

មានប្រសាសន៍ទៅកាន់សិក្ខាកាមទាំងអស់នៅពេលនោះ លោក រ៉ូឌី ជាបូជាចារ្យទទួលខុសត្រូវ បានលើកទឹកចិត្តដល់ យុវសិស្សទាំងអល់ដែលបញ្ចប់ការសិក្ស យ៉ាងនេះថា កុំខ្លាចក្នុង ការចាប់ផ្តើមការងារ ឬមុខរបរអាជីវកម្មរបស់ខ្លួន ហើយត្រូវព្យាយាមធ្វើ។ លោកបន្តថា បើមាន កំហុសត្រូវទទួលស្គាល់កំហុស និងរៀនពីកំហុសឆ្គងទាំងនោះ ហើយអភិវឌ្ឍបន្ថែម។  មួយទៀតសូមកុំអស់សង្ឃឹម ពេលយើងជួបបរាជ័យក្នុងមុខរបរ ព្រោះថាការបរាជ័យ ក៏ជាគ្រូរ បស់យើង។ ជោគជ័យ និងបរាជ័យមានកត្តាច្រើននៅងក្នុងនោះ ដោយរៀនពីបទពិសោធន៍របស់ខ្លួនផ្ទាល់។

នៅក្នុងឱកាសនេះ លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល ជាអធិបតីក្នុងពិធីមានប្រសាសន៍លើកទឹកចិត្តសិក្ខាកាមថា ពេលចេញពីសាលា ត្រូវដាក់គោលដៅឲ្យបានច្បាស់លាស់។ បើគ្មានគោលដៅច្បាស់លាស់ទេ ម្នាក់ៗអាចជួបបរាជ័យងាយណាស់។ លោកក៏បានផ្តាំផ្ញើសិក្ខាកាមទាំងអស់ដែលមានពិការភាព ត្រូវធ្វើជាគំរូសម្រាប់មនុស្សទាំងឡាយ ដោយបញ្ជាក់ប្រាប់គេថា « យើងពិការរូបកាយ តែមិនពិការចិត្តទេ» ។ សូមយកចំណេះដឹងទាំងនេះទៅបម្រើសង្គម និងជួយគ្រួសារឲ្យបានរីកចម្រើនចាកផុតពីភាពក្រីក្រ។ 
 

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពបន្ទាយព្រាប ជាផ្នែកមួយនៃគម្រោងរបស់អង្គការ ជេអេសស៊ី (Jesuit Service Cambodia-JSC) ដែលមានកម្មវិធី បណ្តុះបណ្តាលវិជ្ជាជីវៈ អភិវឌ្ឍសហគមន៍ ការអប់រំ ការផលិតរទេះសម្រាប់ជនមានពិការភាព និង កម្មវិធីថែរក្សាបរិស្ថាន។ មណ្ឌលបន្ទាយព្រាប បានបង្កើតឡើង ទាំងពីឆ្នាំ១៩៩១ លើដីទំហំជាង៦ ហិតា ដែលជាដីរបស់រដ្ឋ។ ថ្មីនេះ រដ្ឋាភិបាលមានគំរោងថ្មីបង្កើតជាមណ្ឌលជាតិសម្រាប់ជនមានពិការភាព។ ហេតុនេះបន្ទាយព្រាបមានអនាគតមិនច្បាស់លាស់ឡើយ។ តាមការបញ្ជាពីមន្ត្រីរាជរដ្ឋាភិបាល ពីមណ្ឌលបណ្តុះបណ្តាលជនមានពិការភាពអាចបន្តកម្មវិធី និងតាំងនៅក្នុងអាគារថ្មីរបស់រដ្ឋដែលនឹងសាងសង់ពេលនេះ។ តែកម្មវិធីផ្សេងៗទៀតគឺមិនច្បាស់នោះទេ។

លោក បូជាចារ្យ ការព្រីអែល ឡាមុហ្គយ៉ាណាវ៉ា ជាប្រធានអង្គការ ជេអេសស៊ី បានឲ្យថា  ក្នុងឆ្នាំសិក្សា ២០២០-២០២១ សាលាផ្អាករើសសិស្សចូលរៀនព្រោះពុំមានអាគារ ដោយសារទីតាំងនេះ អាគារដែលយើងមាន ត្រូវតែរើចេញ ហើយសាងសង់អាគារថ្មីតាមគម្រោងរបស់រដ្ឋ ហេតុនេះបរិយាកាសលំបាក សម្រាប់សិស្សក្នុងការប្រមូលអារម្មណ៍រៀន។ លោកបន្តថា សម្រាប់ការិយាល័យខ្លះដែលមិនទាក់ទងនឹងកិច្ចការជាមួយជនមានពិការភាព ត្រូវរកផ្លូវទៅកន្លែងផ្សេងពីទីនេះ។ ចំពោះកម្មវិធីដែលទាក់ជាមួយជនមានពិការភាព ដូចជា ការផលិតរទេះ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីអភិវឌ្ឍជនពិការ អាចបន្តនៅទីនេះក្នុងអាគារថ្មីរបស់រដ្ឋបាន។ ហេតុនេះចាប់ពីអាទិត្យក្រោយទៅក្រុមនីមួយៗអាចមានអនាគតខុសៗគ្នា។ ពេលនេះយើងមានអំណរសប្បាយជាមួយសិស្សដែលទទួលវិញ្ញាបនបត្រនៅពេលនេះ និង មានចិត្តក្រៀមក្រំខ្លះបើគិតអំពីអនាគតនៅទីនេះ។ 

យើងសង្កេតឃើញថានៅថ្ងៃនេះ សាលាបានអញ្ជើញ បូជាចារ្យដែលធ្លាប់ជួយក្នុងមណ្ឌលបន្ទាយព្រាប និងអ្នកស្ថាបនិកចូលរួមទាំងអស់ ហេតុបង្ហាញសញ្ញាថា បន្ទាយព្រាប នឹងលែងមានឈ្មោះ និងជីវិតរស់រវើកដូចមុនទៀតហើយ។