ព័ត៌មាន

ភូមិភាគបាត់ដំបងទទួលបេក្ខជនបេក្ខនារី៤៩ នាក់ ក្នុងពិធីត្រាស់ហៅយ៉ាងឱឡារិក

[:kh]បាត់ដំបង៖ បេក្ខជនបេក្ខនារីចំនួន៤៩ នាក់ អញ្ជើញមកពីព្រះសហគមន៍នានា ក្នុងព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង បានទទួលការត្រាស់ហៅយ៉ាងឱឡារិក (ជំហានទី២) ពីលោកអេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍ព្រះសហគមន៍ភូមិភាគបាត់ដំបង។ ពិធីបានប្រារព្ធកាលពីព្រឹកថ្ងៃអាទិត្យ ទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនៅព្រះវិហារ ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ ក្រុងបាត់ដំបង ដោយមានការចូលរួមពីលោកបូជាចារ្យ គ្រីស្តបរិស័ទយ៉ាងច្រើនកុះករ។

មានប្រសាសន៍ក្នុងធម្មទេសនា លោកតូតែត បានេណាល់ តំណាងពេញសិទ្ធិរបស់លោកអភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបង និងជាបូជាចារ្យទទួលខុសត្រូវនៅទឹកដីអង្គរ ខេត្តសៀមរាបបានមានប្រសាសន៍ថា នៅថ្ងៃនេះយើងជួបជុំគ្នា ដើម្បីស្វាគមន៍និងលើកទឹកចិត្តដល់បងប្អូន ជាមនុស្សពេញវ័យ ដែលហៀបទទួលពិធីជ្រមុជទឹកនៅក្នុងឱកាសបុណ្យចម្លងខាងមុខនៅក្នុងព្រះសហគមន៍របស់យើង ។

លោកបន្តថា សម្រាប់យើងម្នាក់ៗ ដែលជាអ្នកដើរតាមព្រះយេស៊ូ នៅក្នុងរដូវ៤០ថ្ងៃនេះ ត្រូវយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលព្រះជាម្ចាស់ ដោយអនុវត្តតាមព្រះបន្ទូលរបស់ព្រះអង្គ ។ ព្រះជាម្ចាស់ ព្រះអង្គមិនត្រូវការសំភារៈអ្វីទេ សម្រាប់យើងយកមកថ្វាយព្រះអង្គ គឺត្រូវការដង្វាយ ដែលជាចិត្តបរិសុទ្ធរបស់យើងម្នាក់ៗ ថ្វាយទៅព្រះអង្គ។ លោកថា លោកអភិបាលបានណែនាំបងប្អូន សូមឱ្យស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូ ដោយទំនាក់ទំនងផ្ទាល់ជាមួយព្រះអង្គយ៉ាងជិតស្និទ ដោយមានចិត្តដ៏បរិសុទ្ធ មិនត្រឹមតែជាការលំអរខាងក្រៅនោះទេ ប៉ុន្តែសូមរៀបចំចិត្តឱ្យបានបរិសុទ្ធវិញ។

ក្នុងពេលនោះដែរលោកក៏មានប្រសាសន៍ទៅកាន់បងប្អូនជាបេក្ខជន បេក្ខនារី ដែលទទួលការត្រាស់ហៅយ៉ាងឱឡារិកពីលោកអភិបាលព្រះសហគមន៍ គឺលោកអភិបាលត្រាស់ហៅតាមឈ្មោះបងប្អូនផ្ទាល់ម្នាក់ៗ។ លោកថានេះគឺមិនមែនលោកអភិបាលនោះទេគឺព្រះអង្គផ្ទាល់ជាអ្នក ត្រាស់ហៅបងប្អូនឲ្យបានទៅជា សាវ័ករបស់ព្រះយេស៊ូ ទៅជាបុត្រធីតារបស់ព្រះអង្គ។ ត្រាស់ហៅឲ្យចូលរួមក្នុងព្រះកាយតែមួយ ព្រមទាំងឱ្យបងប្អូនចូលរួមជាមួយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តាមឈ្មោះម្នាក់ផ្ទាល់។ ហេតុនេះត្រូវស្តាប់ព្រះបន្ទូលរបស់ព្រះអង្គ និអនុវត្តន៍តាមព្រះបន្ទូលរបស់ព្រះអង្គ។

អង្គុយលើរទេះជនពិការ បេក្ខនារីទទួលជំហានទី២ កញ្ញាឃុត វន្នី បានឱ្យដឹងថា កញ្ញាសុខចិត្តទទួលការអប់រំជំនឿតាមព្រះសហគមន៍កាតូលិក និងដើរតាមព្រះយេស៊ូគ្រីស្ត ក៏ព្រោះតែការស្រឡាញ់ និងជាការពេញចិត្តដោយខ្លូនឯង ហើយទៅថ្ងៃខាងមុខកញ្ញា និងថែរក្សាជំនឿរបស់ខ្លួន ដែលជាគ្រីស្តបរិស័ទម្នាក់ដ៏ល្អម្នាក់ និងហ៊ានប្រកាសថា ខ្លួនជាគ្រីស្តបរិស័ទនៅចំពោះមុខអ្នកឯទៀតៗ ។

បេក្ខជនទទួលជំហានទី២ម្នាក់ទៀត មកពីព្រះសហគមន៍សន្តហ្វ្រង់ស្វ័រសាវីយេ ស្វាយស៊ីសុផុន ប្អូនប្រុស សុខ ពិសិដ្ឋ អាយុ១៦ ឆ្នាំ បានឱ្យដឹងថា គ្រប់ពេលលោកបូជាចារ្យថ្វាយអភិបូជា និងអត្ថាធិប្បាយព្រះគម្ពីរ ជួយឱ្យប្អូនជាប់ចិត្តនិងព្រះបន្ទូលព្រះជាម្ចាស់ សម្រាប់ណែនាំជីវិតរបស់ប្អូន ក្នុងការដើរតាមព្រះយេស៊ូនាពេលនេះ ។

សៀ សៀក ជាគ្រូអប់រំជំនឿ នៃព្រះសហគមន៍តាហែន បានចាប់អារម្មណ៍ថា នាងមានអំណរសប្បាយ ដែលបានឃើញផលផ្លែរបស់ព្រះសហគមន៍។ ខណៈព្រះសហគមន៍តាហែនមានបងប្អូនចំនួន៦ នាក់ បានទទួលជំហានទី២នៅថ្ងៃនេះ ហើយនិងត្រូវទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឱកាសបុណ្យចម្លងខាងមុខ ។
អ្នកគ្រូ សៀកបន្តថា អ្វីៗដែលយើងបានទទួលនៅថ្ងៃនេះ គឺបានបង្ហាញថា ព្រះសហគមន៍ពិតជាមានជីវិតដ៏រស់រវើក ។

ចំណែកលោកវេត រស្មី គ្រូអប់ជំនឿ ពីតាហែនដែរនោះ បាននិយាយទាំងអំណរថា “មានអំណរណាស់ ដោយមានបងប្អូន៦នាក់បានទទួល បន្តជំនឿពីខ្ញុំ។ ខ្ញុំនឹងរួមដំណើរជាមួយគាត់បន្តទៀត ដើម្បីជួយឲ្យគាត់រីកចម្រើនក្នុងជំនឿ និងជួយឲ្យព្រះសហគមន៍រីកចម្រើនផងដែរ”។

លោកអភិបាល អែនរីគេ ហ្វីការេដូ ក្នុងនាមអភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបងលោកមានសេចក្តីរីករាយណាស់។ លោកថា រីករាយដោយសារបងប្អូនចេះស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចេះប្រែចិត្តគំនិត ចេះអធិដ្ឋាន និងមានចិត្តចង់ដើរតាមព្រះយេស៊ូ។ ម្យ៉ាងទៀតគ្រូអប់រំជំនឿក៏ជាកម្លាំងសម្រាប់លោកដែរ គឺគេចែករំលែកពេលវេលា ជីវិត ជំនឿ និងអ្វីៗដែលមានក្នុងដួងចិត្ត ពេលនេះមានលទ្ធផលហើយ។ ជាងនេះទៅទៀតគឺ អំណរសប្បាយដោយសារព្រះសហគមន៍ជាប់ជាមួយបងប្អូនក្នុងភូមិ មានតែអំណរមកពីព្រះជាម្ចាស់។ ព្រះសហគមន៍សហគមន៍មានព្រះពរពិសេសមកពីព្រះជាម្ចាស់។ បងប្អូនមានចិត្តតែមួយ និងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។

នៅក្នុងឱកាសរាត្រីបុណ្យចម្លងខាងមុខនេះ មានបងប្អូនជាមនុស្សពេញវ័យរៀបចំខ្លួនទទួលពិធីជ្រមុជទឹកនៅតាមព្រះសហគមន៍កាតូលិកក្នុងភូមិភាគទាំងបី មានចំនួនប្រមាណជា១៥២នាក់ ក្នុងនោះព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានចំនួន៦៧ នាក់ ភូមិភាគបាត់ដំបង មានចំនួន៤៩ នាក់ និងភូមិភាគកំពង់ចាមមានចំនួន៣៦ នាក់។[:]

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។