ព័ត៌មាន

ព្រះសហគមន៍ ភូមិភាគភ្នំពេញ បើកឆ្នាំនៃគ្រួសាររយៈពេល៣ឆ្នាំ

[:kh]ភ្នំពេញ៖ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដឹកនាំដោយ លោក អូលីវីយេ ជ្មីតអីស៊្លែរ ជាអភិបាលព្រះសហគមន៍ បានបើកអង្គសន្និបាតស្តីអំពីឆ្នាំគ្រួសារ ដើម្បីរិះគិតអំពីក្រុមគ្រួសារតាមលទ្ធិនៃព្រះសហគមន៍កាតូលិក និងក្រុមគ្រួសារនៅក្នុងបច្ចុប្បន្នភាព។

អង្គសន្និបាតនេះប្រព្រឹត្តទៅរយៈចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ មករា ២០១៨ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ដោយមានអ្នកចូលរួមជិត៣០០នាក់មកពីមណ្ឌលសកម្មភាពទាំង៩ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ តំណាងគ្រីស្តបរិស័ទមកពីភូមិភាគបាត់ដំបង និងកំពងចាម។

កម្មវិធីនេះបានផ្តើមដោយមានតំណាងក្រុមគ្រួសារតាមតំបន់នីមួយៗ ឡើងផ្តល់សក្ខីភាពអំពីជីវិតរស់នៅជាក្រុមគ្រួសាររៀងៗខ្លួន។ ស្របពេលនោះដែរ លោកអភិបាលអូលីវីយេ ចាប់ផ្តើមកម្មវិធីបានដោយមានប្រសាសន៍ស្វាគមន៍បងប្អូនសិក្ខាកាមទាំងអស់ ដោយលើកយកនូវសាក្ខីភាពនៃតំណាងក្រុមគ្រួសារទាំងនោះថា នេះជាកម្លាំងពិសេសសម្រាប់ភូមិភាគភ្នំពេញ ដោយបងប្អូនថាព្រះសហគមន៍ជាមហាគ្រួសារតែមួយ។

លោកបានអរគុណ និងលើកទឹកចិត្តថា ព្រះសហគមន៍មានជីវិតដោយសារបងប្អូនទាំងអស់ដែលមាន លោកឪពុក បងប្រុស បងស្រី ការិយាល័យទាំងអស់ និងអង្គការកាតូលិកមួយចំនួន បាននាំឲ្យយើងចូលគ្រប់វិស័យ ដើម្បីជួយឲ្យកម្ពុជារីកចម្រើន។

លោកអភិបាលមានប្រសាសន៍ទៀតថា ក្រុមគ្រួសារ ជាកោសិកាដ៏តូចបំផុតនៅក្នុងសង្គម តែពេលយើង តែពេលយើងមើលគ្រួសារដ៏វិសុទ្ធនេះនាំឲ្យយើងឃើញសង្គមថ្មីដែលព្រះជាម្ចាស់ចង់បានគឺ មនុស្សទាំងអស់គ្រប់ស្រទាប់វណ្ណៈ គ្រប់ជាតិសាសន៍ ទៅជាមហាគ្រួសារតែមួយដោយអាចរស់នៅជាមួយគ្នាបានដ៏សុខសាន្ត។

នៅក្នុងការអប់រំរបស់លោកអភិបាលក្នុងថ្ងៃបន្ទាប់ លោកក៏បានលើកបង្ហាញផងដែរនូវពាក្យស្លោកដែលដកស្រង់ពីអត្ថបទព្រះគម្ពីរ “អ្នកមានចិត្តស្រឡាញ់តែងតែអត់ឱន ជឿ សង្ឃឹម និងទ្រាំទ្រក្នុងគ្រប់កាលៈទេសៈ”ដែលជាគ្រឹះដ៏សំខាន់នៅក្នុងឆ្នាំនៃគ្រួសារនេះ។ លោកពន្យល់ទៀតថា ដើម្បីឲ្យក្រុមគ្រួសារមានសេចក្តីសុខនោះត្រូវ៖

១)អត់ឱន ដោយសុខចិត្តលើកលែងទោសឲ្យជានិច្ច។

២) ជឿ គឺមានជំនឿលើព្រះជាម្ចាស់។

៣) សង្ឃឹម លើព្រះជាម្ចាស់។

៤) ទ្រាំទ្រ ដោយមានចិត្តអត់ធ្មត់ តស៊ូជានិច្ច។

 

លោកថាត្រូវធ្វើគ្រប់កាលៈទេសៈ ទោះបីមានអំណរសប្បាយក្តី ទុក្ខលំបាកក្តី អស់សង្ឃឹមក្តី តែចិត្តស្រឡាញ់នាំឲ្យយើងបន្តដំណើរទៅមុខបាន។

ក្នុងការអប់រំ លោកអភិបាល បានលើកយកអំពីបញ្ហាប្រឈមរបស់ក្រុមគ្រួសារនៅក្នុងសង្គមខ្មែរបន្ចុប្បន្ន ដែលបានរារាំងមិនឲ្យគ្រួសាររស់នៅដោយមានសេចក្តីសុខ ដោយខ្វះការយកចិត្តទុកដាក់អំពីសេចក្តីថ្លៃថ្នូររបស់មនុស្ស។

តាមរយៈមេរៀន ការរិះគិតជាក្រុម និងតាមរយៈជំនឿ លោកអូលីវីយេ បានជំរុញឲ្យគ្រីស្តបរិស័ទដែលជាសិក្ខាកាមទាំងនោះយកចិត្តទុកដាក់ចំពោះបញ្ហានានាក្នុងក្រុមគ្រួសារ និងសង្គមដែលជាបណ្តុំនៃគ្រួសារដូចជា និកម្មជន ភាពក្រីក្រ គ្រឿងញាណ បច្ចេកវិទ្យាក្នុងសម័យទំនើប ជនចំណាក ស្រុក ជាដើម។ល។

នៅថ្ងៃចុងបញ្ចប់នៃអង្គសន្និបាត តំណាងគ្រីស្តបរិស័ទទាំងនោះ បានសម្រេចយកគំរូតាមក្រុមគ្រួសារដ៏វិសុទ្ធ ដើម្បីកសាងគ្រួសារថ្មីសម្រាប់ពិភពថ្មីដែលព្រះជាម្ចាស់ចង់បាន ជាពិសេសរបៀបនៃការកសាងនិងថែរក្សាក្រុមគ្រួសារក្នុងព្រះសហគមន៍រៀងៗខ្លួន។ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញក៏បានរៀបចំពាក្យអធិដ្ឋានសម្រាប់ក្រុមគ្រួសារ ស្របតាមសម្តេចប៉ាបហ្រ្វង់ស៊ីស្កូដែលជាធម៌អធិដ្ឋានក្នុងឆ្នាំគ្រួសារ និងមានគណៈកម្មការថែរក្សាក្រុមគ្រួសារសម្រាប់ព្រះសហគមន៍ភូមិភាគភ្នំពេញផងដែរ។

លោកអភិបាលអូលីវីយេ ក៏បានបញ្ជាក់ផងដែរចំពោះការិយាល័យអប់រំ និងការិយាល័យយុវជននិងកុមារ ដែលការិយាល័យទាំងពីរនេះមានតួនាទីសំខាន់ដើម្បីណែនាំក្នុងរយៈពេលបីឆ្នាំខាងមុខឲ្យយុវជន និងក្រុមគ្រួសារមានភាពរីកចម្រើនតាមរយៈការសិក្សា ចំណេះដឹងទូទៅ និងតាមជំនឿ រួមជាមួយការអធិដ្ឋានផងដែរ។

លោកអភិបាល អូលីវីយេ ក៏បានបន្ថែមនៅក្នុងបទសម្ភាសផងដែរថា សន្និបាតនេះមានសារៈសំខាន់ ដោយសារគ្រួសារ គឺជាកោសិកានៃសង្គម និងជាកោសិកានៃព្រះសហគមន៍។ លោកថាចង់ឲ្យគ្រួសារនីមួយៗរកឃើញក្តីសង្ឃឹមក្នុងជីវិតរបស់ពួកគាត់ ទោះបីគ្រួសារខ្លះមានក្តីសុខដោយសារមានលុយ មានទ្រព្យសម្បត្តិ មានការងារធ្វើ ឬសេចក្តីសុខមកពីគេចេះស្រឡាញ់គ្នាទៅវិញទៅមក។ លោកបញ្ជាក់ថា យើងមិនត្រូវការទីពឹងតែលើទ្រព្យសម្បត្តិលោកិយ៍ ប៉ុន្តែណែនាំឲ្យក្រុមគ្រួសារទាំងអស់ទៅបីក្រក្តីមានក្តីតែអាចរកឃើញសេចក្តីសុខពិតៗនៅក្នុងខ្លួនដើម្បីកសាងសង្គម ព្រោះថាពេលគ្រួសារមានសេចក្តីសុខសាន្ត នោះសង្គមក៏មានសេចក្តីសុខសាន្តដែរ។ ហើយនេះក៏ជាពេលវេលាដែលព្រះសហគមន៍ត្រូវយកចិត្តទុកដាក់និងលើកទឹកចិត្តចំពោះគ្រួសារឲ្យមានភាពកក់ក្តៅ និងអាចរកឃើញឱកាសដើម្បីជួបជុំគ្នាវិញ។

លោកមាស សាមឿន មកពីព្រះសហគមន៍បាត់ដំបង នៃភូមិភាគបាត់ដំបង បានឲ្យដឹងថាបទពិសោធន៍នៃក្រុមគ្រួសារទាំងឡាយដែលបានចែករំលែកមកនេះ បានផ្តល់នូវបទពិសោធន៍នៃការរស់នៅជាលក្ខណៈគ្រួសារ និងជាពិសេសអាចយកបទពិសោធន៍ដែលល្អមកធ្វើជាគំរូដើម្បីអប់រំនៅក្នុងគ្រួសារឲ្យមានសុភមង្គល។ លោកថា យើងគួរតែបំពេញតាមតួនាទីរបស់ខ្លួននៅក្នុងគ្រួសារ មិនក្បត់គ្នា និងចេះបង្ហាញសេចក្តីស្រឡាញ់ដោយផ្តល់ពេលវេលាឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យគ្រួសារមានសេចក្តីសុខ។ អង្គសន្និបាតត្រូវបានបញ្ចប់ដោយអភិបូជា និងមានពិធីជប់លៀងអបអរសាទរបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ។​

ដោយដាលីស[:]

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។