ព័ត៌មានភូមិភាគភ្នំពេញ

ព្រះសហគមន៍គិរីវង់កសាងសសរតម្កល់ជួងថ្មី

លោក​អូលីវីយេ ជ្មីត​អីស្ល៊ែរ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី អភិបូជា បញ្ចុះ​បឋម​សិលា កសាង​សសរ​តម្កល់​ជួង​ថ្មី នៅ​ព្រះវិហារ​ព្រះត្រៃឯក នៃ​ព្រះសហគមន៍​កាតូលិក​ភូមិព្រៃជើង ឃុំគោកព្រិច​ស្រុកគិរីវង់ ខេត្តតាកែវ នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ 

តាម​ប្រពៃណី​របស់​គ្រីស្តសាសនា គេ​ប្រើជួង ដើម្បី​ហៅ ឬ​ផ្តល់​សញ្ញា​ដល់​គ្រីស្ត​បរិស័ទ​ទាំងអស់​អំពី​ពេល​វេលា ប្រារព្ធ​ពិធី​ផ្សេងៗ ការ​អធិដ្ឋាន អភិបូជា​ជា​ដើម។ ពេល​ខ្លះ​ការ​បន្លឺ​សំឡេង​ជួង​ក៏​ជា​មាន​ជំនឿ​ថា​ដេញ​វិញ្ញាណ​អាក្រក់​ផង​ដែរ។ ពេល​ខ្លះ​ប្រើ​វាយ​ជួង​ក្នុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ដែរ ដើម្បី​ជា​សញ្ញា​អបអរ​សាទរ និង​លើក​តម្កើង​ព្រះ​ជាម្ចាស់។ គ្រីស្តសាសនា បាន​ប្រើ​ជួង​នៅ​ក្នុង​អំឡុង​ឆ្នាំ​៤០០ នៃ​គ្រីស្តសករាជ ។ នៅ​ឆ្នាំ ប្រមាណ ៦០២ មាន​ការ​ទទួល​ស្គាល់ និង​អនុញ្ញាត​ពី​សម្តេចប៉ាប ក្នុង​ការ​ប្រើប្រាស់​ជួង។ សតវត្ស​ក្រោយ​ៗមក​ក៏​ពេញនិយម​នៅ​អ៊ឺរ៉ុប​ខាង​ជើង ហើយ​បន្ត​មក​រហូត​បច្ចុប្បន្ន។

នៅ​សម័យ​មុន​សង្គ្រាម​ស៊ីវិល ព្រះវិហារ​កាតូលិក​នៅ​កម្ពុជា​ទាំង​អស់​មាន​បំពាក់​ជួង ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ប្រមូល​គ្រីស្តបរិស័ទ​មក​ចូលរួម​ពិធី​បុណ្យ​នៅ​ព្រះវិហារ។​ព្រះវិហារ​ទាំង​នោះ​ត្រូវ​បាន​បំផ្លាញ​ចោល​អស់ ជួង​មួយ​ចំនួន​ត្រូវ​គេ​ឃើញ​ដាក់​តាំង​នៅ​ក្នុង​សារមន្ទីរជាតិ។​ព្រះសហគមន៍​រស់​ឡើង​វិញ ក្រោយ​សង្គ្រាម។ សព្វ​ថ្ងៃ​នេះ មាន​មូល​ហេតុ​ផ្សេងៗ ព្រះវិហារកាតូលិក​នៅ​កម្ពុជា​ខ្លះ​ មិន​ទាន់​មាន​បំពាក់​ជួង។

ព្រះ​សហគមន៍​គិរីវង់ ចាប់​ផ្តើម​នៅ​ឆ្នាំ​២០០៣ ខណៈ​ដែល​លោក​បូជាចារ្យ​អូលីវីយេ បាន​ទៅដល់​ភូមិ​ព្រៃជើង ដែល​អ្នក​ជា​ច្រើន​គិត​ថា​លោក​ជា គ្រូពេទ្យ​បារាំង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​អភិបាលអូលីវីយេ​ទៅ​កាន់​បងប្អូន​ក្នុង​ធម្មទេសនា។

លោក​បញ្ជាក់​ថា​ តាម​ពិត​មាន​លោក​ចយ និង​បងប្អូន​ខ្លះ​បាន​ទៅឈ្វេ​ង​​យល់​អំពី​ព្រះសហគមន៍​កាតូលិក និង​ទទួល​អប់​រំជំ​នឿ មុន​ឆ្នាំ​២០០៣​នៅ​ព្រះសហគមន៍​កាតូលិក​ភូមិ​ចំការទៀង។ ពេល​លោកបូជាចារ្យ​អូលីវិយេ​បាន​មក​ដល់ និង​បន្តកិច្ច​អប់រំ​ជំនឿ បន្តិច​ម្តងៗ​មានបង​ប្អូន​ទទួល​អគ្គសញ្ញា​ជ្រមុជទឹក និង​បាន​ចាត់ចែង​កសាង​ព្រះវិហារ នៅ​ជាប់​ជើង​ភ្នំ នៅលើ​ដី​ដែល​គេ​គិត​ថា​ជា​ដីអារ មិន​អាច​ធ្វើ​កសិកម្ម។ ប៉ុន្តែ​ទឹក​ដី​នោះ បាន​ក្លាយ​ជា​ព្រះវិហារ​រឹងមាំ និង​បាន​ដំណើរ​ការ​កម្មវិធី​នានា​ដើម្បី​ការ​អប់រំ និង​ការ​ប្រកាស​ដំណឹងល្អ​ដល់​បច្ចុប្បន្ន​នេះ។ 

តាម​ប្រសាសន៍​របស់​លោក ហ្វេណាន់ដូ បូជា​ចារ្យ​ទទួល​ខុស​ត្រូវ​ព្រះសហគមន៍​មួយ​នេះ បាន​ឲ្យ​ដឹង​ថា ព្រះសហគមន៍​គិរីវង់​ សព្វ​ថ្ងៃ​មាន​គ្រីស្ត​បរិស័ទ​ប្រមាណ​១០០​នាក់ មាន​អ្នក​ឈ្វេង​យល់​ជំនឿ​ថ្មី ចំនួន​១២​នាក់ និង​អ្នក​ដែល​កំពុង​ត្រៀម​ខ្លួន​ទទួល​ជំហាន​ទី១ (ពិធីចូល​ព្រះសហគមន៍) ចំនួន​២០​នាក់។ លោក​បូជាចារ្យ​បន្ត​ថា ព្រះសហគមន៍​មាន​សកម្មភាព​ជា​ប្រចាំ គឺ​កិច្ចការ​បម្រើ​អ្នក​ក្រីក្រ មាន​ក្រុម​សង្គហៈ កម្មវិធី​សុខភាព​ដែល​មាន​គ្រូពេទ្យ​ពី​ភ្នំពេញ​ទៅ​ពិនិត្យ​ជំងឺ​១​ខែ​ម្តង ការ​ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ​ជា​ដើម ក្រៅ​ពី​នេះ​ក៏​មាន សកម្មភាព​អប់រំ មាន​សាលា​មត្តេយ្យ មាន​ក្រុម​កាយឫទ្ធិ​ជា​ដើម។ លោក​បូជាចារ្យ​បញ្ជាក់​ថា​ «កិច្ចការ​អប់រំជំនឿ​ជា​យុទ្ធសាស្ត្រ​ដែល​ព្រះសហគមន៍​បាន​យក​ចិត្តទុកដាក់ ជា​ចំណុច​អាទិភាព​តែ​ម្តង។»

ក្នុង​ធម្មទេសនា​នា​ថ្ងៃ​អាទិត្យ​ម្សិល​មិញ លោកអភិបាល​ បាន​ពញ្ញាក់​ស្មារតី​គ្រីស្ត​បរិស័ទ ឲ្យចេះ​សម្រេច​ចិត្ត រក​ឃើញ​ផ្លូវ​នៃ​សុភមង្គល និង​សេចក្តីសុខសាន្ត។ ព្រះ​ជាម្ចាស់​បាន​ផ្តល់សេរីភាព​ឲ្យ​មនុស្ស​មាន​សេចក្តី​សម្រេច​ចិត្ត ក្នុង​ការជ្រើសរើស។ តែ​ព្រះ​មិន​សព្វព្រះហឫទ័យ​មនុស្ស​ណា​ម្នាក់វិនាស​ឡើយ។ លោក​បញ្ជាក់៖ «ជីវិត​របស់​យើង​ត្រូវ​តែ​ជ្រើសរើស​ផ្លូវ​មួយ។ ត្រូវ​រិះគិត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ម្នាក់​ត្រូវ​ការ​ជ្រើសរើស​ផ្លូវ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​ជីវិត​របស់​ខ្លួន​រីក​ចម្រើន ក្នុង​សេចក្តីសុខសាន្ត និង​សុភមង្គល»។  លោក​បញ្ជាក់​ថា ទោះ​ជ្រើស​យក​ផ្លូវដើម្បី​សេចក្តី តែ​មិន​ត្រូវ​មាន​ចិត្ត​អាត្មានិយម​ឡើយ គឺ ត្រូវ​ចែករំលែក ជា​មួយ​បងប្អូន​ឯ​ទៀត ដើម្បី​បង​ប្អូន​អាច​រស់​នៅ​ក្នុង​សេចក្តី​សុខសាន្ត សុភមង្គល និង​រីក​ចម្រើន។ 

ជា​ចុង​ក្រោយ​លោក​អភិបាល​បញ្ជាក់​ឲ្យ​បងប្អូន​ទៅ​ជា​មនុស្ស ឬ​គ្រីស្តបរិស័ទ​សកម្ម ដោយ​ខិតខំ​បំពេញ​កិច្ច​គ្រប់យ៉ាង​ដោយ​យកចិត្ត​ទុក​ដាក់ និង​អស់​ពីស​មត្ថភាព ទាំង​ការសិក្សា  ការគោរព​ចាស់​ទុំ សម្រាប់​យុវជនយុវានារី និង​បម្រើ​បងប្អូន​សម្រាប់​គ្រីស្តបិរស័ទ​ទាំង​អស់។ 

បន្ទាប់​ពី​អភិបូជា លោក​អភិបាល និង​គ្រីស្តបរិស័ទ​ទាំង​អស់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​ចាក់​គ្រឹះ​សាងសង់​សសរ​តម្កល់​ជួង ដោយ​លោកអភិបាល លោកបូជាចារ្យ និង​ចាស់​ទុំនៃ​ព្រះសហគមន៍​ដាក់​ថ្ម ខ្សាច់​ស៊ីម៉ង ក្នុង​រណ្តៅ​គ្រឹះ បន្ទាប់​មក​លោក​អភិបាល​ប្រោះទឹក​ព្រះពរ លើ​គ្រីស្តបរិស័ទ​និង​ទី​កន្លែង​នោះ​ទាំង​មូល​តាម​ជំ​នឿ​កាតូលិក៕

ដោយ​លី សុវណ្ណា