ព័ត៌មានភូមិភាគភ្នំពេញ

ព្រះសហគមន៍កាតូលិកលើកនិងលុបចោលការជួបជុំមួយចំនួន

លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេរ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានចេញលិខិតមួយនាថ្ងៃទី១៦ ខែមីនា នេះ ដើម្បីបញ្ជាក់អំពីកិច្ចការជួបជុំនានាក្នុងអំឡុងពេលមានកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ លិខិតនោះបានសូមឲ្យគ្រីស្តបរិស័ទបញ្ចៀសខ្លួនពីការជួបជុំធំដុំនានាក្នុងទីសាធារណៈ ថែរក្សាសុខភាពដោយមានទំនួលខុសត្រូវខ្ពស់សម្រាប់ខ្លួនឯងនិងអ្នកដទៃ និងចូលរួមអធិដ្ឋានសម្រាប់គ្នាទៅវិញទៅមក។ ចំពោះការជួបជុំក្នុងអភិបូជា គឺអាចបន្តធ្វើបានជារៀងរាល់ថ្ងៃតាមកន្លែងនីមួយៗ។

លោកអភិបាលបានប្រកាសលុបចោលនូវពិធីបុណ្យធំៗមួយចំនួនដែលក្នុងនោះរួមមាន៖ ថ្ងៃទី១៨ ខែមេសា បុណ្យខួបលើកទី១២នៃការស្រង់រូបសំណាកព្រះនាងម៉ារីពីបាតទន្លេមេគង្គនៅព្រះសហគមន៍អរិយក្សត្រ និងថ្ងៃទី ១១ ខែឧសភា ប្រារព្ធពិធីបុណ្យរំលឹកដល់មរណសាក្សី នៅតាំងគោកខេត្តកំពង់ធំ។

ពិធីបុណ្យប្រសិទ្ធពរលើប្រេងគ្រីស្មា (Chrism Mass) ដែលនឹងត្រូវប្រារព្ធនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ និងធ្វើជាធម្មតាដោយមានលោកបូជាចារ្យពីព្រះសហគមន៍ភូមិភាគទាំងបី ព្រមទាំងបព្វជិត បព្វជិតា និងគ្រីស្តបរិស័ទមួយចំនួន រួមជាមួយការិយាល័យព្រះសហគមន៍ ដែលទទួលខុសត្រូវ នៅក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះចូលរួម ។

រីឯបុណ្យខួប៣០ឆ្នាំ នៃការកកើតឡើងនៃព្រះសហគមន៍ភូមិភាគភ្នំពេញ១៩៩០-២០២០ និងខួបលើកទី១០ ឆ្នាំនៃការតែងតាំងលោកអូលីវីយ៉េ ជាអភិបាលត្រូវបានផ្លាស់ប្តូរពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ទៅថ្ងៃទី១៥ ខែតុលាឆ្នាំ២០២០វិញ។ ចំណែកពិធីបុណ្យតែងតាំងឧបដ្ឋាក នឹងប្រារព្ធនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០។

ចំពោះការជួបជុំនានាសម្រាប់ក្រុមការិយាល័យកុមារជំទង់និងយុវជនរបស់ព្រះសហគមន៍ភូមិភាគភ្នំពេញត្រូវលើកពេលរហូតដល់ចុងខែមេសា ឆ្នាំ២០២០។ ហើយការប្រកួតពាន់រង្វាន់លោកអភិបាលភូមិភាគភ្នំពេញ នៅថ្ងៃទី១ ខែឧសភាឆ្នាំ២០២០ក៏ត្រូវលើកពេលដែរ។

ម្យ៉ាងវិញទៀត សមាគមនៃមហាវិទ្យាល័យនិងសាកលវិទ្យាល័យ អាស៊ី និងបូព៌ាអាស៊ី ហៅកាត់ថាអាស៊ីគូ(Asseaccu) ក៏បានសម្រេចចិត្តលើកពេលសន្និបាតរបស់ខ្លួនទៅធ្វើថ្ងៃទី៣-៦ ខែវិច្ឆិកាឆ្នាំ ២០២០ នៅរាជធានីភ្នំពេញ និងនៅវិទ្យាស្ថានសន្តប៉ូលផងដែរ។

ក្នុងនោះដែរលោកអភិបាលបានជំរុញឲ្យលោកបូជាចារ្យម្នាក់ៗនៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញតាម ដានសភាពការណ៍ដោយយកចិត្តទុកដាក់ រួមជាមួយគណៈកម្មការព្រះសហគមន៍ ព្រោះព្រះសហ គមន៍មិនទាន់ទទួលបានសេចក្តីណែនាំណាមួយបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជានៅឡើយទេ។

រហូតមកដល់ពេលនេះកម្ពុជា មាន១២ករណី មានខ្មែរ៤នាក់ (១នាក់ប្រុសនៅសៀមរាបឆ្លងពីជនជាតិជប៉ុន, ១នាក់ប្រុសនៅភ្នំពេញដែលទើបមកពីបារាំង, ២នាក់ប្រុសជាខ្មែរឥស្លាមនៅព្រះវិហារ ដែលបានទៅចូលរួមពិធីសាសនានៅគួឡាឡាំពួរ)។ ជនជាតិអង់គ្លេស ៣នាក់ (នៅនាវា Viking Cruise ដែលសំចតនៅកំពង់ចាម ១នាក់ជាស្ត្រី និង២នាក់ទៀតជាប្តីប្រពន្ធ )។ ជនជាតិ បារាំង ២នាក់ (ឪពុក និងកូនអាយុ៤ខែ ដែលមកពីបារាំង និងឆ្លងកាត់សិង្ហបុរី)។ ចិន ១នាក់ (មកពីវូហាន ហើយជាសះស្បើយ)។ កាណាដា ១នាក់ (គ្រូបង្រៀននៅសាលាអន្តរជាតិ១ដែលទើបមកពីថៃ) និង បែលហ្ស៊ិក ១នាក់ (បុគ្គលិកអង្គការអន្តរជាតិដែលទើបមកពីអឺរ៉ុប)៕