ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០២០

ព្រះបន្ទូលដំណឹងល្អ សន្តយូ៉ហាន ១.២៦-៣៨

សក្ខីភាពអំពីអំណាចរបស់ព្រះយេស៊ូ
ប្រសិន​បើខ្ញុំ​ធ្វើជា​បន្ទាល់​ឲ្យ​ខ្លួន​ខ្ញុំ​ផ្ទាល់ ​សក្ខី​ភាព​របស់​ខ្ញុំ​មិន​ពិត​ទេ។​ ប៉ុន្តែ​មាន​ម្នាក់​ទៀត​ធ្វើជា​បន្ទាល់​ឲ្យ​ខ្ញុំ​​ហើយ ​ខ្ញុំ​ដឹង​ថា​ សក្ខីភាព​ ដែល​អ្នក​នោះ​ថ្លែង​អំពី​ខ្ញុំ​ស្រប​តាម​សេចក្តី​ពិត។​ អ្នក​រាល់គ្នា​បាន​ចាត់​គេ​ឲ្យ​ទៅ​សួរ​លោក​យ៉ូហាន​ លោក​ក៏ផ្តល់​សក្ខីភាព​អំពី​សេចក្តី​ពិត។​ ចំពោះ​ខ្ញុំ​ ខ្ញុំមិន​ត្រូវការ​សក្ខីភាព​ពីមនុស្ស​ណា​ឡើយ​ តែខ្ញុំ​ពោល​ដូច្នេះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ទទួល​ការ​សង្គ្រោះ។​ លោក​យ៉ូហាន​នេះ​ប្រៀប​បាន​នឹង​ចង្កៀង​ដែល​កំពុង​ឆេះ​បំភ្លឺ​ ហើយ​អ្នក​រាល់​គ្នា​ក៏​ចង់​រីក​រាយ​នឹង​ពន្លឺ​នោះ​មួយ​ស្របក់​ដែរ​។​ រីឯ​ខ្ញុំវិញ​ខ្ញុំមាន​សក្ខីភាព​មួយ​ ប្រសើរ​ជាង​សក្ខី​ភាព​របស់​លោក​យ៉ូហាន​ទៅ​ទៀត។​ ព្រះបិតា​ប្រទាន​ឲ្យខ្ញុំ​បង្ហើយ​កិច្ចការ​ទាំង​អំបាល​ម៉ាន​ គឺ​កិច្ចការ​ដែល​ខ្ញុំធ្វើ​នេះ​ហើយ​ជា​សក្ខីភាព​បញ្ជាក់​ថា​ ព្រះអង្គ​បាន​ចាត់​ខ្ញុំឲ្យ​មក​មែន។​ ព្រះបិតា ​ដែល​បាន​ចាត់​ខ្ញុំឲ្យ​មក​ក៏បាន​ធ្វើជា​បន្ទាល់​ឲ្យខ្ញុំ​ដែរ​ តែអ្នក​រាល់គ្នា​មិន​ ដែល​បាន​ឮព្រះ​សូរ​សៀង​របស់​ព្រះអង្គ​ ហើយ​ក៏មិន​ដែល​បាន​ឃើញ​ព្រះភ័ក្ត្រ​របស់​ព្រះអង្គ​ផង។​ អ្នក​រាល់គ្នា​គ្មាន​ព្រះបន្ទូល​របស់​ព្រះអង្គ​នៅ​ក្នុង​ចិត្ត​ទេ​ ព្រោះ​អ្នក​រាល់គ្នា​ពុំជឿ​អ្នក​ ដែល​ព្រះបិតា​បាន​ចាត់ឲ្យ​មក។​ ៣៩អ្នក​រាល់គ្នា​ខំពិនិត្យ​ពិច័យ​មើល​គម្ពីរ​ ព្រោះ​នឹក​ស្មាន​ថា​ នឹង​បាន​ជីវិត​អស់​កល្ប​ជា​និច្ច​ដោយសារ​គម្ពីរ​ទាំង​នេះ​ គឺគម្ពីរ​នេះ​ហើយ​ធ្វើជា​បន្ទាល់​ឲ្យខ្ញុំ​ ប៉ុន្តែ​ អ្នក​រាល់គ្នា​មិន​ចង់​មក​រក​ខ្ញុំ​ដើម្បី​ឲ្យ​បាន​ជីវិត​ឡើយ។​ ខ្ញុំមិន​ចង់​ទទួល​សិរីរុង​រឿង​ពី​មនុស្ស​ទេ។​ ម៉្យាង​ទៀត​ខ្ញុំស្គាល់​ចិត្ត​អ្នក​រាល់គ្នា ​ហើយ​អ្នក​រាល់គ្នា​ គ្មាន​ចិត្ត​ស្រឡាញ់​ព្រះជា​ម្ចាស់​សោះ។​ ខ្ញុំមក​ក្នុង​ព្រះ​នាម​ព្រះបិតា​ខ្ញុំ​ តែអ្នក​រាល់គ្នា​មិន​ទទួល​ខ្ញុំ​ឡើយ។​ ប្រសិន​បើ​មាន​ម្នាក់​ទៀត​ មក​ក្នុង​នាម​ខ្លួន​គេ​ផ្ទាល់​ អ្នក​រាល់គ្នា​មុខជា​ទទួល​គេ​មិន​ខាន!​ តើ​ឲ្យ​អ្នក​រាល់គ្នា​អាច​ជឿ​ដូចម្តេច​បាន​ បើអ្នក​រាល់គ្នា​ចូល​ចិត្ត​ទទួល​សិរីរុង​រឿង​ តែ​ពីគ្នា​ទៅវិញ​ទៅមក​ដូច្នេះ​ ហើយ​ពុំស្វែង​រក​សិរីរុង​រឿង​ ពីព្រះជា​ម្ចាស់​តែមួយ​គត់​សោះ​នោះ?​ កុំនឹក​ស្មានថា​ខ្ញុំនឹង​ចោទ​ប្រកាន់​អ្នក​រាល់គ្នា​ នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះ​បិតា​ឡើយ​ គឺលោក​ម៉ូសេ​ ជាទី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា​វិញ​ទេ​ ដែល​នឹង​ចោទ​ប្រកាន់។​ ប្រសិន​បើ​អ្នក​រាល់គ្នា​ជឿ​ពាក្យ​លោក​ម៉ូសេ​ អ្នក​រាល់គ្នា​មុខ​ជា​ជឿខ្ញុំ​មិន​ខាន​ ព្រោះ​លោក​បាន​សរសេរ​ទុក​ក្នុង​គម្ពីរ​ស្តី​អំពីខ្ញុំ​ ប៉ុន្តែ​បើអ្នក​រាល់គ្នា​មិនជឿ​សេចក្តី​ ដែល​លោក​បាន​សរសេរ​ទុក​ទៅ​ហើយ​នោះ​ ធ្វើ​ម្តេច​នឹង​ឲ្យ​អ្នក​រាល់គ្នា​ជឿ​ពាក្យ​របស់​ខ្ញុំ​បាន ! »។