ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២០

ព្រះបន្ទូលដំណឹងល្អ សន្តលូកា ១.២៦-៣៨

ទេវទូតជូនដំណឹងអំពីកំណើតព្រះយេស៊ូ
ប្រាំមួយ​ខែ​ក្រោយ​មក​ ព្រះជា​ម្ចាស់​បាន​ចាត់​ទេវទូត​កាព្រីអែល​ឲ្យ​ទៅ​ភូមិ​ណាសារ៉ែត​ ក្នុង​ស្រុក​កាលីឡេ​ ដើម្បី​ជួប​នឹង​ស្ត្រី​ក្រមុំ​ព្រហ្ម​ចារី​ម្នាក់​‌ជា​គូដណ្តឹង​របស់​កំឡោះ​ម្នាក់​ ឈ្មោះ​យ៉ូសែប​ដែល​ត្រូវ​ជា​ញាតិ​វង្ស​ព្រះបាទ​ដាវីឌ​ ‌ស្ត្រី​ក្រមុំ​នោះ​ឈ្មោះ​នាង​ម៉ារី។​ ទេវទូត​ចូល​ទៅ​ក្នុង​ផ្ទះ​នាង​ម៉ារី​‌ហើយ​ពោល​ទៅ​កាន់​នាង​ថា៖​ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! ព្រះ​អម្ចាស់​គាប់​ព្រះ​ហប្ញ​ទ័យ​នឹង​នាង​ហើយ​ ព្រះអង្គ​គង់ជាមួយនាង»។​ ពេល​ឮពាក្យ​នេះ​‌នាង​ម៉ារី​រន្ធត់​យ៉ាង​ខ្លាំង​ នាង​រិះគិត​ក្នុង​ចិត្ត​ថា​‌តើពាក្យ​ជម្រាប​សួរ​នេះ​មាន​ន័យ​ដូច​ម្តេច។​ ៣០ទេវ​ទូត​ពោល​ទៅ​កាន់​នាង​ថា៖​ «កុំ​ខ្លាច​អី​ ម៉ារី​អើយ !​ ដ្បិត​ព្រះជា​ម្ចាស់​គាប់​ព្រះ​ហប្ញ​ទ័យ​នឹង​នាង​ហើយ។​ នាង​នឹង​មាន​គភ៌‌​សំរាល​បាន​បុត្រ​មួយ​ ដែល​នាង​ត្រូវ​ថ្វាយ​ព្រះនាម​ថា​ “យេស៊ូ”។​ បុត្រ​នោះ​នឹង​មាន​ឋានៈ​ដ៏ប្រសើរ​ឧត្តម​‌ហើយ​គេ​នឹង​ថ្វាយ​ព្រះ​នាម​ថា​   ”ព្រះបុត្រា​នៃ​ព្រះ​ដ៏ខ្ពង់​ខ្ពស់​បំផុត”។​ ព្រះជា​ម្ចាស់​នឹង​តាំង​បុត្រ​នោះ​ឲ្យ​គ្រង​រាជ្យ​លើ​បល្ល័ង្ក​របស់​ព្រះបាទ​ដាវីឌ​ ជាព្រះ​អយ្យ​កោ​របស់​ព្រះអង្គ​ ‌ទ្រង់​នឹង​គ្រង​រាជ្យ​លើ​ប្រជា​រាស្ត្រ​អ៊ីស្រា​អែល​ អស់​កល្ប​ជា​និច្ច​‌‌ហើយ​រាជ្យ​របស់​ព្រះ​អង្គ​នឹង​នៅ​ស្ថិត​ស្ថេរ ​ឥត​មាន​ទី​បញ្ចប់​ឡើយ»។​ ៣៤នាង​ម៉ារី​សួរ​ទៅ​ទេវ​ទូត​ថា៖​ «តើ​ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​ការ​នេះ​កើត​ឡើង​បាន​ បើ​នាងខ្ញុំ​មិន​រួម​រស់​ជាមួយ​បុរស​ណា​ផង​ដូច្នេះ ? »។​ ទេវ​ទូត​ឆ្លើយ​ទៅ​នាង​វិញ​ថា៖​ «ព្រះ​វិញ្ញាណ​ដ៏វិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង​ គឺឫទ្ធា​នុភាព​របស់​ព្រះដ៏​ខ្ពង់​ខ្ពស់​បំផុត​នឹង​គ្រប​បាំង​នាង។​ ហេតុ​នេះ​គេ​នឹង​ថ្វាយ​ព្រះនាម​ដល់​បុត្រ​ដ៏វិសុទ្ធ ដែល​ត្រូវ​ប្រសូត​មក​នោះ​ថា​ “ព្រះ​បុត្រា​របស់​ព្រះជា​ម្ចាស់”។​ ម៉្យាង​ទៀត​  នាង​អេលី​សាបិត​ជាញាតិ​របស់​នាង​ មាន​ផ្ទៃ​ពោះ​ប្រាំមួយ​ខែ​ហើយ​ ថ្វីដ្បិត​តែ​គាត់​មាន​វ័យ​ចាស់​ ថែម​ទាំង​ជា​ស្ត្រី​អារ​ទៀត​ផង​ក៏ដោយ​ ​ព្រោះ​គ្មាន​ការ​អ្វី​ដែល​ព្រះ​ជា​ម្ចាស់​ធ្វើ​មិន​កើត​នោះ​ឡើយ»។​ នាង​ម៉ារី​ពោល​ទៅ​ទេវទូត​ថា៖​ «នាងខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ​អម្ចាស់​ សូម​ឲ្យបាន​សម្រេច​តាម​ពាក្យ​របស់​លោក​ចុះ!»។​ ‌បន្ទាប់​មក​ទេវទូត​ចាក​ចេញ​ពីនាង​ទៅ។