ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០២០

ព្រះបន្ទូលដំណឹងល្អ សន្តយូហាន ៤.៤៣-៥៤

ព្រះយេស៊ូប្រោសកូនប្រុស​របស់មន្ត្រីម្នាក់ឲ្យបានជា
ពីរ​ថ្ងៃ​ក្រោយមក​ព្រះយេស៊ូ​យាង​ចាក​ចេញ​ពីទី​នោះ​ឆ្ពោះ​ទៅ​កាន់​ស្រុក​កាលីឡេ។​ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖​ «គ្មាន​ព្យាការី​ណា​ម្នាក់​ត្រូវ​គេ​គោរព​ ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ផ្ទាល់​ឡើយ»។​ លុះ​ព្រះអង្គ​យាង​ទៅ​ដល់​ស្រុក​កាលីឡេ​ អ្នក​ស្រុក​នាំគ្នា​ទទួល​ព្រះអង្គ​ ព្រោះ​គេ​បាន​ឃើញ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ ដែល​ព្រះអង្គ​បាន​សម្តែង​ ក្នុង​ឱកាស​ពិធីបុណ្យ​ចម្លង​ នៅ​ក្រុង​យេរូសាឡឹម​ ដ្បិត​គេក៏​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​នោះ​ដែរ។​ ព្រះ​អង្គ​យាង​ត្រឡប់​ទៅ​ភូមិ​កាណា​ ក្នុង​ស្រុក​កាលីឡេ​ម្តង​ទៀត​ ជា​ភូមិ​ ដែល​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា​ទំពាំង​បាយ​ជូរ។

នៅ​ទីនោះ​ មាន​អ្នក​រាជការ​ម្នាក់​មក​ពី​ក្រុង​កាផានុម​ កូន​ប្រុស​របស់​លោក​មាន​ជំងឺ។​ កាល​លោក​ជ្រាប​ថា​ ព្រះយេស៊ូ​បាន​យាង​ពីស្រុក​យូដា​មក​ស្រុក​កាលីឡេ​នេះ​ លោក​ក៏ទៅ​រក​ព្រះអង្គ​ទូល​អង្វរ​សូម​ព្រះអង្គ​យាង​ទៅ​ប្រោស​កូន​របស់​លោក​ ដែល​កំពុង​តែ​ឈឺជិត​ផុត​ដង្ហើម​នោះ​ ឲ្យ​បាន​ជា​សះ​ស្បើយ។​ ព្រះ​យេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់ថា៖​ «ប្រសិន​បើ​ អ្នក​រាល់គ្នា​មិនបាន​ឃើញ​ទី​សម្គាល់​និង​ប្ញទ្ធិ​បាដិ​ហារិយ៍​ទេ​អ្នក​រាល់គ្នា​មុខ​ជា​មិន​ជឿ​ឡើយ»។​

ន្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ​ សូម​លោក​អញ្ជើញ​មក​ក្រែង​កូន​របស់​ខ្ញុំ​ប្របាទ​ស្លាប់»។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖​ «អញ្ជើញ​ទៅ​ចុះ​កូន​របស់​លោក​រស់​ហើយ»។​ បុរស​នោះ​ជឿ​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ក៏ចេញ​ដំណើរ​ទៅ។​ ពេល​លោក​កំពុងតែ​ដើរតាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ពួក​បម្រើ​របស់​លោក​នាំគ្នា​ចេញ​មក​ជម្រាប​ថា​ កូន​របស់​លោក​រស់​ហើយ។​ លោក​ក៏​សួរ​អ្នក​បម្រើ​ឲ្យ​ដឹង​ថា​ កូន​របស់​លោក​បាន​ធូរ​ស្បើយ​ពី​ថ្មើរ​ណា។​ គេ​តប​ថា៖​ «កូន​របស់​លោក​បាត់​គ្រុន​ពីម្សិល​មិញ​ វេលា​ម៉ោង​មួយ​រសៀល»។​ ឪពុក​ដឹងថា​ គឺ​នៅ​ម៉ោង​នោះ​ឯង​ដែល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​មក​គាត់​ថា​ “កូន​របស់​លោក​រស់​ហើយ!”។​ លោក​ជឿ​លើ​ព្រះយេស៊ូ​ ហើយ​ក្រុម​គ្រួសារ​របស់​លោក​ទាំង​មូល​ ក៏ជឿ​លើ​ព្រះអង្គ​ដែរ។​ នេះជា​ទីសម្គាល់​លើក​ទីពីរ​ ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​ នៅ​ពេល​ ដែល​ព្រះអង្គ​វិល​ត្រឡប់​ពី​ស្រុក​យូដា​ មក​ស្រុក​កាលីឡេ​វិញ។