ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២០

ព្រះបន្ទូលដំណឹងល្អ សន្តសន្តម៉ាកុស ៥.១-២០

ព្រះ​យេស៊ូ​‌និង​​ក្រុម​សាវ័ក​ បាន​ទៅ​ដល់​ត្រើយ​ម្ខាង‌‌​ ក្នុង​តំបន់​កេរ៉ាសា។​ ‌‌‌២កាលព្រះអង្គ​យាង​ឡើង​ពីទូក​ភ្លាម​ មាន​បុរស​ម្នាក់​ខ្មោច​ចូល​ ចេញ​ពីទី​បញ្ចុះ​សព​ ដើរ​តម្រង់​មក​រក​ព្រះអង្គ។​ ៣បុរស​នេះ​ស្នាក់​នៅ​តែ​តាម​ទីបញ្ចុះ​សព​ គ្មាន​នរណា​អាច​ចង​គាត់​បាន​ឡើយ​ សូម្បី​តែ​យក​ច្រវាក់​មក​ចង​‌ក៏មិន​ជាប់​ដែរ។​‌ គេ​ដាក់​ខ្នោះ​ជើង​‌និង​‌យក​ច្រវាក់​ចង​គាត់​ច្រើន​ដង​ ប៉ុន្តែ​គាត់​នៅ​តែ​កាច់​បំបាក់​ច្រវាក់​‌និង​‌ខ្នោះ​ទាំង​នោះ​ជានិច្ច​ គ្មាន​នរណា​អាច​បង្ក្រាប​គាត់​បាន​ឡើយ។​ ‌គាត់​រស់នៅ​តាម​ទី​បញ្ចុះ​សព​‌និង‌​តាម​ភ្នំ​ទាំង​យប់​ទាំង​ថ្ងៃ‌​ ហើយ​ចេះ​តែ​ស្រែក​ព្រម​ទាំង​យក​ថ្ម​ មក​អារ​សាច់​ខ្លួន​ឯង​ថែម​ទៀត​ផង។​ កាល​គាត់​ឃើញ​ព្រះ​យេស៊ូ​ពីចម្ងាយ​ ក៏រត់​មក​ក្រាប​ថ្វាយ​បង្គំ​ព្រះអង្គ​ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖​ «ឱ​ព្រះយេស៊ូ​ ជា​ព្រះ​បុត្រា​របស់​ព្រះ​ជា​ម្ចាស់​ដ៏ខ្ពង់​ខ្ពស់​បំផុត​អើយ​ តើ​ព្រះអង្គ​ចង់​ធ្វើអ្វី​ទូល​បង្គំ ?​ ទូល​បង្គំ​អង្វរ​ព្រះអង្គ​ក្នុង​ព្រះនាម​ព្រះជា​ម្ចាស់​ សូម​មេត្តា​កុំ​ធ្វើទុក្ខ​ទោស​ទូល​បង្គំ​អី ! »។​ ខ្មោច​និយាយ​ដូច្នេះ​ ព្រោះ​ព្រះ​យេស៊ូ​បាន​បញ្ជា​វា​ថា៖​ ‌«នែ៎‌​ខ្មោច​បិសាច​‌ចូរ​ចេញ​ពីអ្នក​នេះ​ទៅ ! »។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​សួរ​ទៅ​ខ្មោច​ថា៖​ «ឯង​ឈ្មោះ​អី ? »​ ខ្មោច​ទូល​ឆ្លើយ​ថា៖​ «ទូល​បង្គំ​ឈ្មោះ​កង​ទ័ព​ ដ្បិត​យើងខ្ញុំ​មាន​គ្នា​ច្រើន»។​ វា​ទទូច​អង្វរ​ សូម​កុំ​ឲ្យ​ព្រះអង្គ​បណ្តេញ​ពួកវា​ចេញ​ពី​ស្រុក​នោះ។​ នៅ​ក្បែរ​នោះ​មាន​ជ្រូក​មួយ​ហ្វូង​ធំ​ កំពុង​រក​ស៊ី​នៅ​តាម​ចង្កេះ​ភ្នំ។​

ពួក​ខ្មោច​អង្វរ​ព្រះ​យេស៊ូ​ថា៖​ «សូម​បញ្ជូន​យើងខ្ញុំ​ឲ្យ​ទៅ​ចូល​ក្នុង​ជ្រូក​ទាំង​នោះ​ទៅ!»។​ ព្រះ​យេស៊ូ​ក៏យល់​ព្រម។‌​ ខ្មោច​ចេញពី​បុរស​នោះ​ទៅ​ចូល​ក្នុង​ជ្រូក‌​ ហ្វូង​ជ្រូក ​ដែល​មាន​ចំនួន​ប្រមាណ​ជាពីរ​ពាន់​ក្បាល​ក៏បោល​ចុះ​តាម​ជំរាល​ភ្នំ ​តម្រង់​ទៅ​សមុទ្រ​លង់​ទឹក​ងាប់​អស់។​ ពួក​អ្នក​ថែ​រក្សា​ហ្វូងជ្រូក‌​យក​រឿង​នេះ​រត់​ទៅ​ប្រាប់​អ្នក​នៅ​ទី​ក្រុង​ និង​អ្នក​នៅ​ស្រុក​ស្រែ​ មនុស្ស​ម្នា​ក៏​នាំ​គ្នា​មក​មើល​ហេតុ​ការណ៍​នោះ។​ គេ​ចូល​មក​រក​ព្រះ​យេស៊ូ​ឃើញ​បុរស​ដែល​មាន​ខ្មោច​កង​ទ័ព​ចូល​កាល​ពីមុន​ អង្គុយ​មាន​សម្លៀក​បំពាក់​ ហើយ​ដឹង​ស្មារតី​ នោះ​គេ​ក៏នាំ​គ្នា​កោត​ស្ញប់​ស្ញែង។​ អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​រៀប​រាប់​ប្រាប់​គេ​ អំពី​ហេតុ​ការណ៍​ដែល​កើត​មាន​ដល់​បុរស​នោះ​ និង​អំពី​ហ្វូង​ជ្រូក។​ គេ​ទូល​អង្វរ​ព្រះយេស៊ូ​ ឲ្យ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ។​ ពេល​ព្រះអង្គ​កំពុង​យាង​ចុះ​ទូក​ បុរស​ដែល​ខ្មោច​ចូល​ពីមុន​ បាន​អង្វរ​សុំ​ទៅ​ជាមួយ​ព្រះអង្គ។​ ព្រះ​យេស៊ូ​មិន​យល់​ព្រម​ទេ​ ផ្ទុយ​ទៅ​វិញ‌​ ទ្រង់​មាន​ព្រះ​បន្ទូល​ថា៖​ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ​ ទៅ​នៅ​ជាមួយ​ក្រុម​គ្រួសារ​វិញ​ចុះ​ ‌ហើយ​រៀប​រាប់​ហេតុ​ការណ៍​ទាំង​ប៉ុន្មាន​ ដែល​ព្រះ​អម្ចាស់​បាន​ប្រោស​ដល់​អ្នក​ដោយ​ព្រះ​ហប្ញ​ទ័យ​អាណិត​អាសូរ»។

បុរស​នោះ​ក៏ចេញ​ទៅ‌​ ហើយ​ចាប់​ផ្តើម​ប្រកាស​ប្រាប់​ឲ្យ​ប្រជាជន​ ក្នុង​ស្រុក​ដេកាប៉ូល​ដឹង​អំពី​ការ​ទាំង​អស់​ ដែល​ព្រះ​យេស៊ូ​បាន​ប្រោស​ដល់​គាត់។​ អស់​អ្នក​ដែល​បាន​ឮ​ពាក្យ​គាត់​កោត​ស្ញប់​ស្ញែង​ក្រៃ​លែង។