ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ០២ ខែមករា ឆ្នាំ២០២០

ព្រះបន្ទូលដំណឹងល្អ សន្តសន្តយ៉ូហាន ១.១៦-២៨

ជន​ជាតិ​យូដា​ចាត់​ពួក​បូជា‌ចារ្យ និង​ពួក​លេវី ពី​ក្រុង​យេរូ‌សា‌ឡឹម ឲ្យ​ទៅ​ជួប​លោក​យ៉ូហាន​ដើម្បី​សួរ​ថា៖ «លោក​ជា​នរណា?»។ លោក​យ៉ូហាន​ប្រកាស​ប្រាប់​គេ​ដោយ​ពុំ​លាក់‌លៀម​អ្វី​ឡើយ គឺ​លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «ខ្ញុំ​មិន‌មែន​ជា​ព្រះ‌គ្រិស្ដ​ទេ»។  ពួក​គេ​សួរ​លោក​ថា៖ «ដូច្នេះ តើ​លោក​ជា​នរណា? តើ​លោក​ជា​ព្យាការី​អេលី​ឬ?»​។ លោក​ឆ្លើយ​ថា៖ «ទេ មិន‌មែន​ទេ!»។ គេ​ក៏​សួរ​ទៀត​ថា៖ «តើ​លោក​ជា​ព្យាការី​ដែល​យើង​រង់‌ចាំ​ជ​នោះ​ឬ?»។ លោក​ឆ្លើយ​ថា៖ «មិន‌មែន​ទេ!»។ គេ​សួរ​លោក​ទៀត​ថា៖ «តើ​លោក​ជា​នរណា? ដ្បិត​យើង​ខ្ញុំ​ចង់​បាន​ចម្លើយយក​ទៅ​ជម្រាប​អស់​លោក ដែល​ចាត់​យើង​ខ្ញុំ​ឲ្យ​មក តើ​លោក​ថា​ខ្លួន​លោក​ជា​នរណា!»។ លោក​យ៉ូហាន​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​ជា​សំឡេង​បុរស​ម្នាក់​ដែល​ស្រែក 
នៅ​វាល​រហោ‌ស្ថាន*​ថាៈ 
“ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះ‌អម្ចាស់” 

ត្រូវ​នឹង​សេចក្ដី​ដែល​ព្យាការី​អេសាយ​បាន​ថ្លែង​ទុក​មក»។ អ្នក​ដែល​គេ​ចាត់​ឲ្យ​មក​នោះ ជា​ពួក​ខាង​គណៈ​ផារីស៊ី។ គេ​សួរ​លោក​យ៉ូហាន​ទៀត​ថា៖ «បើ​លោក​មិន‌មែន​ជា​ព្រះ‌គ្រិស្ដ មិន‌មែន​ជា​ព្យាការី​អេលី ហើយ​ក៏​មិន‌មែន​ជា​ព្យាការី​ដែល​យើង​រង់‌ចាំ​នោះ​ទេ ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដូច្នេះ?»។ លោក​យ៉ូហាន​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​ទឹក​មែន ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់ លោក​មក​ក្រោយ​ខ្ញុំ លោក​មាន​ឋានៈ​ខ្ពង់‌ខ្ពស់​ណាស់ សូម្បី​តែ​ឲ្យ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​របស់​លោក​ផង»។ ហេតុ‌ការណ៍​នេះ​កើត​មាន​នៅ​ភូមិ​បេត‌ថានី ខាង​នាយ​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​លោក​យ៉ូហាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក។