ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៩

ព្រះបន្ទូលដំណឹងល្អ សន្តយ៉ូហាន ១.១-១៨

កាល​ពី​ដើម​ដំបូង​បង្អស់ ព្រះ‌បន្ទូល​កមាន​ព្រះ‌ជន្ម​គង់​នៅ។ ព្រះ‌បន្ទូល​គង់​នៅ​ជា​មួយ​ខព្រះ‌ជា‌ម្ចាស់ ហើយ​ព្រះ‌បន្ទូល​ជា​ព្រះ‌ជា‌ម្ចាស់។  ព្រះ‌បន្ទូល​គង់​នៅ​ជា​មួយ​ព្រះ‌ជា‌ម្ចាស់ កាល​ពី​ដើម​ដំបូង​បង្អស់។  អ្វីៗ​សព្វ​សារពើ​សុទ្ធ​តែ​កើត​ឡើង​ដោយ‌សារ​ព្រះ‌បន្ទូល គឺ​ក្នុង​បណ្ដា​អ្វីៗ​ដែល​កើត​មក គ្មាន​អ្វី​មួយ​កើត​មក​ក្រៅ​ពី​ព្រះ‌អង្គ​បង្កើត​នោះ​ឡើយ។  ព្រះ‌បន្ទូល​ជា​ប្រភព​នៃ​ជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​បំភ្លឺ​មនុស្ស​លោក។  ពន្លឺ​ភ្លឺ​ក្នុង​សេចក្ដី​ងងឹត តែ​សេចក្ដី​ងងឹត​ពុំ​បាន​ទទួល​ពន្លឺ​ទេ​។

ព្រះ‌ជា‌ម្ចាស់​បាន​ចាត់​បុរស​ម្នាក់ឈ្មោះ​យ៉ូហាន​ឲ្យ​មក។  លោក​បាន​មក​ធ្វើ​ជា​បន្ទាល់​ផ្ដល់​សក្ខី‌ភាព​អំពី​ពន្លឺ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ជឿ​ដោយ‌សារ​លោក។  លោក​យ៉ូហាន​មិន‌មែន​ជា​ពន្លឺ​ទេ គឺ​លោក​គ្រាន់​តែ​មក​ផ្ដល់​សក្ខី‌ភាព​អំពី​ពន្លឺ​ប៉ុណ្ណោះ។  ព្រះ‌បន្ទូល​ជា​ពន្លឺ​ដ៏​ពិត​ប្រាកដ​តែ​មួយ ដែល​មក​ក្នុង​ពិភព‌លោក​ឃ ហើយ​បំភ្លឺ​មនុស្ស​គ្រប់ៗ​រូប។  ព្រះ‌បន្ទូល​បាន​គង់​ក្នុង​ពិភព‌លោក ហើយ​ពិភព‌លោក​កើត​ឡើង​ដោយ‌សារ​ព្រះ‌អង្គ ប៉ុន្តែ ពិភព‌លោក​ពុំ​បាន​ទទួល​ស្គាល់​ព្រះ‌អង្គ​ទេ។  ព្រះ‌បន្ទូល​បាន​យាង​មក​គង់​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ផ្ទាល់ តែ​ប្រជា‌រាស្ដ្រ​នោះ​ពុំ​បាន​ទទួល​ព្រះ‌អង្គ​ឡើយ។  រីឯ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះ‌អង្គ គឺ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌នាម​ព្រះ‌អង្គ ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​អាច​ទៅ​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់។  អ្នក​ទាំង​នោះ​ពុំ​មែន​កើត​ពី​លោហិត ពី​ចំណង់​តណ្ហា ឬ​ពី​បំណង​មនុស្ស​ឡើយ គឺ​កើត​ពី​ព្រះ‌ជា‌ម្ចាស់​វិញ។

ព្រះ‌បន្ទូល​បាន​កើត​មក​ជា​មនុស្ស ហើយ​គង់​នៅ​ងក្នុង​ចំណោម​យើង​រាល់​គ្នា យើង​បាន​ឃើញ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ ជា​សិរី‌រុង​រឿង​នៃ​ព្រះ‌បុត្រា​តែ​មួយ​គត់ ដែល​មក​ពី​ព្រះ‌បិតា ព្រះ‌អង្គ​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស និង​សេចក្ដី​ពិត។  លោក​យ៉ូហាន​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​ព្រះ‌អង្គ ដោយ​ប្រកាស​ថា៖ «គឺ​លោក​នេះ​ហើយ​ដែល​ខ្ញុំ​និយាយ​ថា “អ្នក​មក​ក្រោយ​ខ្ញុំ ប្រសើរ​ជាង​ខ្ញុំ ដ្បិត​លោក​មាន​ជីវិត​មុន​ខ្ញុំ”»។  យើង​ទាំង​អស់​គ្នា​បាន​ទទួល​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​មិន​ចេះ​អស់​មិន​ចេះ​ហើយ ពី​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌អង្គ  ដ្បិត​ព្រះ‌អង្គ​ប្រទាន​គម្ពីរ‌វិន័យតាម‌រយៈ​លោក​ម៉ូសេ ហើយ​ព្រះ‌គុណ និង​សេចក្ដី​ពិត តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ដ។  ពុំ​ដែល​មាន​នរណា​ម្នាក់​បាន​ឃើញ​ព្រះ‌ជា‌ម្ចាស់​ឡើយ មាន​តែ​ព្រះ‌បុត្រា​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ ដែល​បាន​នាំ​យើង​ឲ្យ​ស្គាល់​ព្រះ‌អង្គ ដ្បិត​ព្រះ‌បុត្រា​មាន​ព្រះ‌ជន្ម​រួម​ជា​មួយ​ព្រះ‌បិតា​ច។