ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៩

ព្រះបន្ទូលដំណឹងល្អ សន្តលូកា ១.២៦-៣៨

ពេល​នោះ លោក​សាការី​ជា​ឪពុក​របស់​ទារក​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ ហើយ​ថ្លែង​ពាក្យ​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ​ថា៖

«សូម​លើក​តម្កើង​ព្រះ‌អម្ចាស់
ជា​ព្រះ‌នៃ​ជន​ជាតិ​អ៊ីស្រា‌អែល
ដ្បិត​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​យាង​មក
រំដោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។

ទ្រង់​បាន​ប្រទាន​ព្រះ‌សង្គ្រោះ
ដ៏​មាន​ឫទ្ធិ​មួយ​ព្រះ‌អង្គ​ពី​ក្នុង​ចំណោម
ព្រះ‌ញាតិ​វង្ស​របស់​ព្រះ‌បាទ​ដាវីឌ
ជា​អ្នក​បម្រើ​ព្រះ‌អង្គ​មក​ឲ្យ​យើង។

ព្រះ‌ជា‌ម្ចាស់​ប្រទាន​ព្រះ‌សង្គ្រោះ​នេះ​មក​យើង
ស្រប​នឹង​ព្រះ‌បន្ទូល​សន្យា​ថ្លែង​តាម‌រយៈ
ព្យាការីរបស់​ព្រះ‌អង្គ​នៅ​ជំនាន់​ដើម

គឺ​ព្រះ‌អង្គ​សង្គ្រោះ​យើង
ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និង
រួច​ពី​អំណាច​របស់​អស់​អ្នក​ដែល​ស្អប់​យើង។

ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫ‌ទ័យ
មេត្តា‌ករុណា​ដល់​បុព្វ‌បុរស​របស់​យើង
ហើយ​គោរព​តាម​សម្ពន្ធ‌មេត្រី
ដ៏‌វិសុទ្ធ​យ៉ាង​ស្មោះ‌ស្ម័គ្រ

គឺ​ព្រះ‌អង្គ​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ដល់
លោក​អប្រាហាំ​ជា​បុព្វ‌បុរស​របស់​យើង​ថា
ទ្រង់​នឹង​រំដោះ​យើង
ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ

ដើម្បី​យើង​អាច​គោរព​បម្រើ​ព្រះ‌អង្គ​បាន
ដោយ​ឥត​ភ័យ‌ខ្លាច
ព្រម​ទាំង​ឲ្យ​យើង​រស់​នៅបាន​បរិសុទ្ធ
និង​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌ជា‌ម្ចាស់
ជា​រៀង​រាល់​ថ្ងៃ​រហូត​អស់​មួយ​ជីវិត។

ចំណែក​ឯ​កូន​វិញ កូន​នឹង​ទៅ​ជា​ព្យាការី
របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
ព្រោះ​កូន​នឹង​ដើរ​មុខ​ព្រះ‌អម្ចាស់
ដើម្បី​រៀប‌ចំ​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ។

កូន​នឹង​ធ្វើ​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ដឹង
ថា​ព្រះ‌អង្គ​សង្គ្រោះ​គេ
ដោយ​លើក‌លែង​ទោស​ឲ្យ​គេ​រួច​ពី​បាប។

ព្រះ​របស់​យើង​មាន​ព្រះ‌ហឫ‌ទ័យ
មេត្តា‌ករុណា​ដ៏​លើស‌លប់
ព្រះ‌អង្គ​ប្រទាន​ថ្ងៃ​រះ​ជពី​ស្ថាន​លើ​មក
ដើម្បី​រំដោះ​យើង

និង​ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទី‌ងងឹត
ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់
ព្រម​ទាំង​តម្រង់​ផ្លូវ​យើង
ឆ្ពោះ​ទៅ​រក​សេចក្ដី​សុខ‌សាន្ត»។